ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​គ្រោង​នឹង​ចាប់ផ្តើម​បង្វឹក​សុនខ​ចំនួន​ ១០ ​ក្បាល​ ឱ្យ​ចេះ​ហិតក្លិន​រក​មេរោគ​កូវីដ​នៅ​អំឡុង​ដើមខែ​កក្កដា ឆ្នាំ​ ២០២១ ខាងមុខនេះ​ ខណៈ​ជំងឺ​នេះ​នៅតែ​កំពុង​បន្ត​ឆ្លង​រាលដាល​ខ្លាំង​នៅឡើយ​។

លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ​ខែ​ មិថុនា ឆ្នាំ​ ២០២១ ថា នៅក្នុង​អំឡុងពេល​នៃ​ការហ្វឹកហ្វឺន​សុនខ​ឱ្យ​មាន​សមត្ថភាព​នេះ បើសិន​ជា​ទទួលបាន​លទ្ធផល​ល្អ CMAC នឹងដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​រយៈពេល​ ៣ ​ឬ​ ៤ សប្តាហ៍ បន្ទាប់ពី​បង្ហាត់​ពួកវា​រួចរាល់​។

លោក ហេង រតនា បញ្ជាក់ថា ក្នុង​រយៈពេល​ ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី ២២ និង​នៅ​ថ្ងៃទី​ ២៣ ខែមិថុនា​នេះ អ្នកជំនាញ​របស់​ក្រសួង​សុខាភិបាល បានចាប់ផ្តើម​ប្រមូល​ក្លិន​មេរោគ​កូវីដ​យកមក​ពិនិត្យ​សុវត្ថិភាព​មុននឹង​យក​ទៅ​បំពាក់​សម្រាប់ធ្វើ​ការហ្វឹកហ្វឺន​នៅឯ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់មីន​ស៊ីម៉ាក់​ខេត្ត​កំពង់ឆ្នាំង​។

រហូតមកដល់​ពេលនេះ អង្គភាព​ស៊ីម៉ាក់​បាន​ត្រៀម​ទាំង​សុនខ និង​សម្ភារ​ផ្សេងៗ រួចរាល់​អស់ហើយ ដោយ​នៅ​រង់ចាំតែ​ការត្រួតពិនិត្យ​សម្ភារ ចាប់​ក្លិន (Cell Culture) ដើម្បី​ឱ្យដឹងថា វា​ធានា​សុវត្ថិភាព ហើយ​ពេលនោះ ស៊ីម៉ាក់​នឹង​យកទៅ​បំពាក់​ឱ្យ​សុនខ​ហិត​។

បើតាម​លោក ហេង រតនា ក្នុងពេល​បង្វឹក​សុនខ​នេះ​គឺ​ប្រើប្រាស់​ឧបករណ៍​ចាប់​ក្លិន​មេរោគ​កូវីដ​ ១៩ ​ពី​អ្នកជំងឺ​ ដោយ​មិនមែន​យក​មនុស្ស​ដែល​ផ្ទុក​ជំងឺ​កូវីដ​ ១៩ យកមក​ឱ្យ​សុនខ​ហិតក្លិន​នោះទេ​។ ប៉ុន្តែ​នៅពេលដែល​ប្រើប្រាស់​ឧបករណ៍​ចាប់​ក្លិន​នេះ​ត្រូវ​ធានាថា មិន​ឆ្លង​មេរោគ​មក​ជាមួយ​។

លោក ហេង រតនា ថ្លែងថា​៖ «​យើង​សង្ឃឹមថា នៅពេល​ដែល​យើង​ពិនិត្យ​រួចហើយ និង​មិនមាន​ការឆ្លង​អី យើង​នឹង​យក​វា​ទៅ​ប្រើប្រាស់​បាន​ហើយ​»​។

អង្គភាព​ស៊ីម៉ាក់ នាពេល​បច្ចុប្បន្ន​នេះ​មាន​ឧបករណ៍​ចាប់ក្លិន​ជាង ៥០០ ​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ផលិតឡើង ដោយ​មិន​អាច​ស្រូប​ក្លិន​អ្វី​ផ្សេង​ក្រៅពី​ក្លិន​វីរុស​កូវីដ ដែល​ត្រូវ​បាន​ដាក់​នោះទេ។ ឧបករណ៍​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​តាម​តម្រូវការ​របស់​អ្នកជំនាញ​ខាង​ក្រសួង​សុខាភិបាល (​បើ​ត្រូវការ ៦០ ឱ្យ ៦០) ព្រោះ​ឧបករណ៍​នេះ​ត្រូវ​ទាមទារ​ឱ្យមាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការរក្សាទុក​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី និង លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បានទេ​នៅ​ថ្ងៃទី​ ២៣ ខែ មិថុនា ឆ្នាំ​ ២០២១​។

លោក កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​យល់ឃើញ​ថា​ការរៀបចំ​បង្វឹក​សុនខ​ឱ្យ​មាន​សមត្ថភាព​ក្នុង​ការហិតក្លិន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​ ១៩ គឺជា​ការល្អ​មួយ​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្តែ​ទោះយ៉ាងណា ក៏​ត្រូវ​យក​សំណាក​របស់​អ្នក​សង្ស័យ​មាន​ជំងឺ​យក​មក​ធ្វើតេស្ត​ដែរ​។

លោក កែរ រដ្ឋា បញ្ជាក់ទៀត​ថា ការយក​សុនខ​មក​ហិតក្លិន​រក​អ្នក​ផ្ទុក​ជំងឺ​កូវីដ​ ១៩ នេះ​វា​នឹង​ជួយ​បាន​ច្រើន​តាមរយៈ​ការមិន​យក​មនុស្ស​ទាំងអស់​ធ្វើតេស្ត ដោយ​យក​តែ​មនុស្ស​ណា​ដែលមាន​វិជ្ជមាន ដែល​ត្រូវ​បាន​ហិត​ដោយ​សុនខ​នោះ យក​មក​ធ្វើតេស្ត​តែប៉ុណ្ណោះ​។

លោក កែរ រដ្ឋា ថ្លែងថា​៖ «​តាម​ខ្ញុំ​គិត ការយក​សុនខ​មក​ហិតក្លិន​រក​អ្នក​ផ្ទុក​ជំងឺ​កូវីដ​ ១៩ នេះ​ដូច​យក​សុនខ​ទៅ​ហិត​មីន បើ​វា​ហិត​ប៉ះចំ​កន្លែង​មីន គឺមាន​អ្នកជំនាញ​ចូល​ទៅ​ដោះ​។ ដូច្នេះ បើ​សុនខ​ហិត​ប៉ះចំ​អ្នក​កើត​ជំងឺ​កូវីដ គឺ​គេ​ចាប់​អ្នកនោះ​មក​ធ្វើ​សំណាក​»៕