ភ្នំពេញៈ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កំពុង​ស្នើសុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​ ដើម្បី​បំផ្លាញចោល​គ្រឿងញៀន​​ជាច្រើន​តោន​នៅក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​ពិភពលោក​នៅ​ថ្ងៃទី​ ២៦ ខែមិថុនា ខាងមុខនេះ​។

លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែងថា ការបំផ្លាញ​ចោល​គ្រឿងញៀន​ដែល​ចាប់បាន តែងតែ​ធ្វើឡើង​​ជា​រៀងរាល់​ឆ្នាំ​។ នៅតាម​បណ្តា​ខេត្ត​រាជធានី អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មាន​ក្រុមការងារ​មួយ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ក្នុង​ការត្រួតពិនិត្យ​​គ្រឿងញៀន​ដែល​ចាប់​យកបាន​ ​ដើម្បី​បំផ្លាញចោល ព្រោះ​ការរក្សាទុក​មាន​ភាពស្មុគស្មាញ​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដែល​យើង​ដកហូត​បាន​មក​ហ្នឹង​មាន​សាលក្រម​ស្ថាពរ​សម្រេច​បំផ្លាញ​ចោល​ហ្នឹង​ ១ ទី​ ២ ​ទៀត​មាន​សេចក្តីសម្រេច​សម្រេច​យ៉ាងម៉េច​គឺថា​ពេល​ដែល​ចាប់បាន​វត្ថុតាង​គ្រឿងញៀន​ហ្នឹង​យើង​រៀបចំ​ក្រុមការងារ​មួយ​ដក​សំណាក​ទុក​សម្រាប់​ទី​ ១ ទុក​ជា​ភ័ស្តុតាង​ក្នុងពេល​សវនាការ និង​ទី​ ២ ​ទុក​សម្រាប់​យើង​ធ្វើ​កោសល្យវិច័យ​»​។

លោក ម៉ក់ ជីតូ បាន​បញ្ជាក់ថា ការបំផ្លាញ​ចោល​គ្រឿងញៀន​លើក​នេះ ខុសពី​សព្វមួយដង​ដែល​បំផ្លាញ​តែ​តាម​បណ្តា​ខេត្ត​ផ្សេង​។ ប៉ុន្តែ​នៅ​លើក​នេះ​​នឹង​បំផ្លាញ​ដោយ​ធ្វើ​មិទ្ទីង​តាម​សាលាឧទ្ធរណ៍​ទាំង​ ៤ ដែល​មាន​​នៅ​ខេត្ត​ព្រះសីហនុ រាជធានី-ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តបាត់ដំបង​។

លោក​ថ្លែងថា​៖ «​ជា​គោលការណ៍​យើង​បំផ្លាញ​លើក​នេះ​មាន​ប៉ុន្មាន​តោន​ឯណោះ ច្រើន​​ណាស់ មិនទាន់​ច្បាស់​ទេ​ព្រោះ​ឥឡូវ​នៅតាម​សាលាឧទ្ធរណ៍​​នីមួយៗ​កំពុង​ប្រមូល​។ មាន​តួលេខ​ហើយ ប៉ុន្តែ​ចំពោះ​សារធាតុ​ញៀន​នេះ វា​មាន​ ២ ​ប្រភេទ​ទៀត អា​ ១ បំផ្លាញចោល​ដោយ​ដុត​បាន អា​ ១ ​ទៀត​ជា​សារធាតុ​គីមី​ផ្សំ​យើង​មិនអាច​ដុត​បានទេ​យើង​ត្រូវ​បន្សាប​វា ព្រោះ​​ថា បើ​ដុត​ទៅ​វា​អាច​សាយភាយ​ប៉ះពាល់​ដល់​បរិស្ថាន ប៉ះពាល់​សុខភាព​»​។

បើតាម​លោក ម៉ក់ ជីតូ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កំពុង​រង់ចាំ​មើល​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ក្នុង​​ការសម្រេច​ថា​នៅ​ថ្ងៃទី​ ២៦ ខែ

​មិថុនា​ខាងមុខ​នេះ​អាច​ធ្វើទៅ​បាន​ឬ​យ៉ាងណា​។

លោក​ថ្លែង​​ថា​៖ «​បើ​ធ្វើ​ទាន់​យើង​ធ្វើ បើ​មិន​​ទាន់​យើង​អាច​បន្ថយ​បន្តិច​ក៏​​បានដែរ ធ្វើ​ម៉េច​អបអរសាទរ​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​លើ​ពិភពលោក​នេះ​ត្រូវ​​ដុតបំផ្លាញ​គ្រឿងញៀន​ទាំងនោះ ​ហើយ​កាលនោះ​ហ្នឹង តាមពិត​​យើង​ដុត​រាល់​តែ​ឆ្នាំ ពេលខ្លះ​ច្រើនពេក​ទៅ ដុត​មុនពេល​ទិវា​នោះ​ទៀតផង​មិន​ចាំតែ​ដល់​ទិវា​ថ្ងៃទី​ ២៦ មិថុនា​ទេ គឺ​ត្រូវ​តែ​ដុតចោល​ ព្រោះ​ទុក​មិន​បានទេ​អាហ្នឹង​»​។

ទោះ​ចំនួន​គ្រឿងញៀន​ដែល​ត្រូវ​ដុត​បំផ្លាញចោល​លើក​នេះ​នៅ​មិនទាន់​ដឹងថា​មាន​ប៉ុន្មាន​តោន​ឱ្យ​ប្រាកដ​ក៏ដោយ ប៉ុន្តែ​លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ធ្លាប់​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា​ថា ចាប់ពី​ដើមខែ​មករា ឆ្នាំ​ ២០២០ មក​ក្នុង​រយៈពេល​ជិត​ ១៨ ​ខែ សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​បង្ក្រាប​ចាប់​រឹបអូស​គ្រឿងញៀន និង​សារធាតុ​ផ្សំ​គ្រឿងញៀន​សរុប​បាន​ជាង ៤ ៥០០ ​គីឡូក្រាម ព្រមទាំង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ជា​ជនបរទេស​ជាច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

បើតាម​លោក មាស វិរិទ្ធ ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅតែ​មាន​ភាពសកម្ម​ជាប់​ជានិច្ច ទោះបី​ប្រទេស​ជាតិ​ស្ថិតក្នុង​អំឡុងពេល​នៃ​ការឆ្លងរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។ ​ឯ​ការស្រាវជ្រាវ និង​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​បាន​ធ្វើជា​បន្តបន្ទាប់​។

លោក​បាន​បន្តថា ក្នុង​ស្ថានភាព​ដែល​ពិភពលោក​ទាំងមូល​បាននិង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាតត្បាត​ពី​ជំងឺ​សកល​កូវីដ​ ១៩ សភាពការណ៍​គ្រឿងញៀន​ទាំង​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ និង​ក្នុង​តំបន់​កាន់តែ​មាន​ការវិវឌ្ឍ​ប្រែប្រួល​ប្រកប​ដោយ​ហានិភ័យ​ខ្ពស់​៕