ភ្នំពេញៈ គណៈកម្មការ​សម្របសម្រួល និង​ដឹកនាំ​ការងារ​ទីក្រុង​ឆ្លាត ក្រសួង​មហាផ្ទៃ​ជួបពិភាក្សា​គ្នា​ជា​លើកដំបូង ដើម្បី​រួមគ្នា​កំណត់​ទស្សនវិស័យ និង​គោលនយោបាយ​ជាតិ​អំពី​ទីក្រុង​ឆ្លាត សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង​ស្រប​ពេលដែល​ទីក្រុង​ចំនួន ៣ នៅ​កម្ពុជា​កំពុង​អនុវត្ត​សាកល្បង​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​។

កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​ជា​លើកដំបូង តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ ZOOM កាលពី​រសៀល​ថ្ងៃទី​ ២២ មិថុនា បន្ទាប់ពី​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​គណៈកម្មការ​នេះ​កាលពី​ខែកុម្ភៈ ហើយ​ត្រូវបាន​ខកខាន​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ ដោយសារ​តែ​វិបត្តិ​កូវីដ​ ១៩ ឆ្លង​ចូល​សហគមន៍​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួងមហាផ្ទៃ​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល និង​ដឹកនាំ​ការងារ​ទីក្រុង​ឆ្លាត មាន​ការចូលរួម​ពី​អគ្គនាយក អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ព្រម​ទាំង​មន្ត្រី​ជំនាញ​ជាច្រើនរូប​។

លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ ដែល​ដឹកនាំ​កិច្ចប្រជុំ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២៣ មិថុនា​ថា​៖ «​យើង​ជួបគ្នា​តាម ZOOM នេះ គឺ​ដើម្បី​រាយការណ៍​ពី​ការងារ​សង្ខេប​អំពី​តួនាទី​របស់​គណៈកម្មការ​ក៏ដូចជា​ពាក់ព័ន្ធ​នឹង​ការត្រៀម​លក្ខណៈ​ចូលរួម​ទស្សនទាន​គ្រប់​គោលនយោបាយ​ជាក់លាក់​របស់​រដ្ឋាភិបាល សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង​ទៅ​នឹង​ការរៀបចំ​ទីក្រុង​ឆ្លាត​»​។

លោក​បន្ថែមថា មកដល់​ម៉ោង​នេះ កម្ពុជា​មិនទាន់​មាន​គោលនយោបាយ​ទីក្រុង​ឆ្លាត​ជាក់លាក់​នៅ​ឡើយ​ទេ ដែលជា​ហេតុនាំឱ្យ​គណៈកម្មការ​នេះ​ត្រូវ​ជួបជុំគ្នា ដើម្បី​រៀបចំ​ធាតុ​ចូល​តាម​វិស័យ​នីមួយៗ ខណៈ​គណៈកម្មការ​នេះ ក៏ត្រូវ​ត្រៀម​ចូលរួម​ផ្តល់នូវ​វិធានការ ឬ​គោលនយោបាយ​ខ្លះៗ​ដល់​រដ្ឋាភិបាល ដើម្បី​រៀបចំ​កម្មវិធី​នានា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន ឆ្នាំ​ ២០២២ ខាងមុខនេះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​រៀបចំ​ទស្សនទាន និង​គោលនយោបាយ​ជាក់លាក់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏មាន​សារៈសំខាន់ ដើម្បី​លើកកម្ពស់​ទីក្រុង​របស់​យើង​។ កាលពី​ឆ្នាំ ២០១៨ ហ្នឹង ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​ទាំង​ ១០ ហ្នឹង បាន​ដាក់​ចេញ​គោលនយោបាយ​នេះ សាកល្បង ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​ទីក្រុង ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​នៅ​តាម​ទីក្រុង​រស់​ដោយ​សុវត្ថិភាព និង​ការផ្តល់​សេវា​រហ័ស​»​។

លោក ងី ច័ន្ទ្រផល បាន​អះអាង​ថា កន្លងទៅ​គណៈកម្មការ​សម្របសម្រួល និង​ដឹកនាំ​ការងារ​ទីក្រុង​ឆ្លាត​ក៏​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាច្រើន​លើក តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ ZOOM ដើម្បី​បន្ត​កិច្ចការងារ​មួយចំនួន​ក្នុង​ពេល​ដែល​កម្ពុជា​បាន​ដាក់​សាកល្បង​ទីក្រុង​ឆ្លាត​ចំនួន ៣ ដោយ​មាន​ទីក្រុង​បាត់ដំបង ទីក្រុង​សៀមរាប និង​ទីក្រុង​ភ្នំពេញ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ជិត ៣០ ​ទីក្រុង​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួងមហាផ្ទៃ​បាន​ឱ្យដឹងថា គណៈកម្មការ​សម្របសម្រួល និង​ដឹកនាំ​ការងារ​ទីក្រុង​ឆ្លាត​ត្រូវ​បាន​បង្កើតឡើង​ ដើម្បី​ចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​ទីក្រុង​ឆ្លាត ដោយ​មាន​ភារកិច្ច​ដូចជា សិក្សា ស្រាវជ្រាវ​បទពិសោធ​របស់​ប្រទេស​នានា​នៅក្នុង​តំបន់ និង​សកលលោក ពាក់ព័ន្ធ​នឹង​ការបង្កើត និង​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​។ គណៈកម្មការ​នេះ​ក៏​មាន​តួនាទី​រៀបចំ​សេចក្តីព្រាង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា​នៃ​ការរៀបចំ​ទីក្រុង​ឆ្លាត​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង​ផងដែរ​។

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា​៖ «​ក្រុមការងារ​នេះ ត្រូវមាន​ភារកិច្ច​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ទីក្រុង​ឆ្លាត​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការបណ្តុះបណ្តាល​គោលនយោបាយ​នានា​ពាក់ព័ន្ធ​នឹង​ការងារ​ទីក្រុង​ឆ្លាត ដោយ​សហការ​ជាមួយ​ដៃគូ​ក្នុង​វិស័យ​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល ជាមួយ​ស្ថាប័ន​នានា​ ដើម្បី​កៀរគរ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​រៀបចំ​ទីក្រុង​ឆ្លាត​ផងដែរ​»​។

លោក ងី ច័ន្ទ្រផល បាន​និយាយថា នៅពេល​គណៈកម្មការ​នេះ​រៀបចំ​របាយការណ៍ និង​ទស្សនទាន​រួចរាល់​ហើយ លទ្ធផល​ដែល​សម្រេចបាន និង​វឌ្ឍនភាព​ការងារ​ទាំងនោះ​នឹង​ត្រូវ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ពេល​ខាងមុខ ដើម្បី​បន្ត​ធ្វើការ​បញ្ជ្រាប​គោលនយោបាយ​នានា​ពាក់ព័ន្ធ​នឹង​ការងារ​ទីក្រុង​ឆ្លាត​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្តទៀត​៕