សៀមរាប/កំពតៈ ពលរដ្ឋ​ជាង ៣០០ ​គ្រួសារ​ ក្នុង​ខេត្ត​ចំនួន​ ៤ រួមមាន សៀមរាប តាកែវ កំពត និង​កែប ទទួល​បាន​​ការភ្ជាប់​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​​ ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី​ទទួលខុសត្រូវ​សង្គម​ហៅ​កាត់​ថា​ CSR ​របស់​​ក្រុមហ៊ុន សោម៉ា គ្រុប ក្នុង​ការជួយ​ដល់​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​ភ្ជាប់​ទឹកស្អាត​​ ដើម្បី​ប្រើប្រាស់​។

សោម៉ា គ្រុប គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ស្របច្បាប់​នៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​មាន​ក្រុមហ៊ុន​ជា​បុត្រសម្ព័ន្ធ​ជាង​ ១០ ​បាន​​និង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ដោយ​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​ និង​បាន​ផ្ដល់​ការងារ​ឱ្យ​កម្មករ​និយោជិត​ជាង​ ២ ៥០០ ​នាក់​។

ជាមួយ​នឹង​ការងារ​អាជីវកម្ម​របស់​ខ្លួន ក្រុមហ៊ុន​នេះ​បានរួម​ចំណែក​ក្នុង​ការងារ​ទទួលខុស​ត្រូវ​សង្គម​ ដោយ​បាន​បង្កើត​ឱ្យ​មាន​គណៈកម្មាធិការ​មួយ​ ដើម្បី​ធ្វើ​កិច្ចការ​សង្គម​នានា​ដែល​មាន​ឈ្មោះថា Soma Initiative ឬ​ហៅ​ម្យ៉ាង​ទៀតថា CSR Program (Cooperate Social Responsibilities) ដោយមាន​កម្មវិធី​សំខាន់ៗ​ចំនួន​ ៣ ​ដើម្បី​រួមចំណែក​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDGs) ​របស់​អង្គការ​សហប្រជាជាតិ​មានដូចជា ការអប់រំ បរិស្ថាន និង​សុខភាព​អនាម័យ​។

លោក ជឹង ទូច អគ្គលេខាធិការ/ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ Soma Initiative នៃ​ក្រុមហ៊ុន សោម៉ា គ្រុប​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​​ទី​ ២២ មិថុនា​ថា កាលពី​ខែសីហា ឆ្នាំ​ ២០២០ ​កន្លងទៅ Soma Initiative ទទួលបាន​ថវិកា​ចំនួន​ជិត​ ៣ ​ម៉ឺន​ដុល្លារ​ពី​សប្បុរសជន​នានា​រួមទាំង​ក្រុមហ៊ុន​ដៃគូ​ផង សម្រាប់​ជួយ​ចេញថ្លៃ​សេវា​ភ្ជាប់​ទឹកស្អាត​ជូន​ពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ​នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​បន្តថា​៖ «​គិត​មក​ត្រឹម​ពេលនេះ Soma initiative បានរៀបចំ​ភ្ជាប់​ទឹកស្អាត​ជូន​ពលរដ្ឋ​ចំនួន​ ៣២៥ ​គ្រួសារ​​រួចហើយ​ ដែល​មាន ខេត្តតាកែវ ចំនួន​ ១០០ ​គ្រួសារ ខេត្តសៀមរាប​ចំនួន ១២៥ ​គ្រួសារ ខេត្តកំពត​ចំនួន​ ៥០ ​គ្រួសារ និង​ខេត្ត​កែប​ចំនួន​ ៥០ ​គ្រួសារ ក្រោម​ការចរចា​សហការ​ជាមួយ​បណ្ដា​សហគ្រាស​​ផលិត​ទឹកស្អាត​នៅតាម​មូលដ្ឋាន​ដែល​ពលរដ្ឋ​ទាំងនោះ​រស់នៅ​»​។

លោក ជឹង ទូច បាន​អះអាង​ថា ក្រៅពី​ការភ្ជាប់​ទឹកស្អាត​ ដែល​មាន​បណ្ដាញ​ទឹកស្អាត​ទៅដល់ Soma initiative ក៏បានផ្ដល់​ទឹកស្អាត​ដល់​ពលរដ្ឋ​នៅ​​ជនបទ​ដែល​មិនមាន​បណ្ដាញ​ទឹកស្អាត​ទៅ​ដល់​តាមរយៈ​ការផ្ដល់​ជា​អណ្ដូងស្នប់​ចំនួន​ ៣ ជូន​ពលរដ្ឋ​ជិត​ ៦០ ​គ្រួសារ​នៅ​ភូមិ​ជីមៀត ឃុំ​ណងឃីលីក និង​អ្នក​ភូមិ​ណងបួរ ឃុំ​ណងតាពាម ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​ផងដែរ​។

លោក​ថា​៖ «​បន្ទាប់ពី​គម្រោង​ទឹកស្អាត​​នេះ​ទៅ​យើង​កំពុង​សិក្សា​បង្កើត​ជា​សហគមន៍​មួយ​នៅ​ខេត្ត​សៀមរាប ដើម្បី​បង្កើត​​ជា​សហគ្រាស​ឧស្សាហកម្ម​ធុន​តូច​មួយ សម្រាប់​សហគមន៍​។ ​យើង​ជួយ​ពួកគាត់ បង្កើត​ជា​មុខរបរ​ប្រពៃណី ធ្វើ​ប្រហុក ធ្វើ​ផ្អក​ក្នុង​សហគមន៍​របស់គាត់​អាច​រកស៊ី​ក្នុង​សហគមន៍​ដោយ​មិនចាំបាច់​ធ្វើ​ចំណាក​ស្រុក​ និង​កាត់បន្ថយ​ភាពក្រីក្រ​»​។

អ្នកស្រី នួន សារ៉េត អាយុ​ ៦៤ ​ឆ្នាំ​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប​ដែល​ទទួល​បាន​ការភ្ជាប់​ទឹកស្អាត​ពី​គម្រោង​នេះ​ថ្លែងថា ភូមិ​អ្នកស្រី​មាន​សេវា​ទឹកស្អាត​ចូលដល់​យូរ​មកហើយ​។

ប៉ុន្តែ​ដោយសារ​ខ្វះ​លទ្ធភាព​ក្នុង​ការផ្តល់​តម្លៃ​ភ្ជាប់​សេវា​ទឹកស្អាត ទើប​គ្រួសារ​អ្នកស្រី​បន្ត​ទិញ​ទឹក​តាម​រថយន្ត​មក​ប្រើ​ដោយ​ក្នុង​ ១ ​សប្ដាហ៍​ត្រូវ​ចំណាយ​ជាង​ ២៥ ០០០ ​រៀល ហើយ​ពេលខ្លះ​ត្រូវ​រែក​ទឹក​ពី​ប្រភព​ជិត​ផ្ទះ​មក​ប្រើ​ក៏មាន​។

អ្នកស្រី​បន្តថា​៖ «​ពេល​ត​ទឹកស្អាត​ដល់ផ្ទះ​ខ្ញុំ​អ៊ីចឹង ខ្ញុំ​សប្បាយចិត្ត​ណាស់ ខ្ញុំ​អរណាស់ បាន​ក្រុមហ៊ុន​មក​ដាក់​ទឹក​ឱ្យ​ខ្ញុំ ព្រោះ​ប្តី​ប្រពន្ធ​ខ្ញុំ​ចាស់ៗ​អស់ហើយ នៅ​ជាមួយ​ចៅ មិនមាន​លុយ​តទឹក​ចូល​ទេ​។ ពេល​បាន​តឱ្យ​ដោយ​មិន​អស់​លុយ ប្តី​ខ្ញុំ​មិន​ហត់​ទៅ​រែក​ទឹក​នៅ​ឆ្ងាយ ហើយ​យើង​ក៏​មិន​អស់​លុយ​ក្នុង​ការទិញ​ទឹក​គេ​ទៀត​ដែរ​»​។

លោក អឹម ចាន់សៅធន អភិបាលរង​ស្រុក​ទឹកឈូ ដែល​ជា​ស្រុក​មួយ​ទទួល​​បាន​ការភ្ជាប់​សេវា​ទឹកស្អាត​ដល់​ពលរដ្ឋ​បាន ៥០ ​គ្រួសារ​បាន​ថ្លែងថា ពលរដ្ឋ​ដែល​ទទួល​បាន​ការជួយ​គាំទ្រ​នេះ​គឺជា​គ្រួសារ​ដែល​គ្មាន​លទ្ធភាព​ភ្ជាប់​បណ្តាញ​ទឹកស្អាត​ចូល​តាម​ផ្ទះ​របស់​ពួកគាត់​។ ​លោក​ថា ប្រសិនបើ​មាន​ក្រុមហ៊ុន​ឯកជន​កាន់តែ​ច្រើន បង្កើត​កម្មវិធី​បែបនេះ​នឹង​អាច​ចូលរួម​ជួយ​ពលរដ្ឋ​ឱ្យ​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្នា​បន្ថែម​ពី​លើ​ផែនការ​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​គ្រប់​តំបន់ មាន​ទឹកស្អាត​ប្រើប្រាស់​​គ្រប់ៗ​គ្នា​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គាំទ្រ​ឱ្យមាន​កម្មវិធី​បែបនេះ​បន្តទៀត សុំឱ្យ​ក្រុមហ៊ុន​ផ្សេងៗ​យក​កម្មវិធី​នេះ​ជា​គំរូ សម្រាប់​ធ្វើការ​ជួយ​ដល់​មូលដ្ឋាន និង​កៀរគរ​គ្រប់​វិស័យ​ ដើម្បី​ចូលរួម​ដល់​ពលរដ្ឋ​ក្នុង​កិច្ចការងារ​អភិវឌ្ឍន៍ ព្រោះ​មិនមែន​រង់ចាំតែ​រដ្ឋាភិបាល​ទេ​។ វិស័យ​ឯកជន​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​»៕