ភ្នំពេញៈ ​មន្ត្រី​អង្គភាព​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កំពុង​ស្តារ​ប្រឡាយ​លូ​ ៥ នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ៣ ខណ្ឌមានជ័យ ដើម្បី​ត្រៀម​បង្ហូរ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ កុំឱ្យ​ហូរ​ចូល​ទៅ​ប្រឡាយ​បឹងទំពុន បង្កឱ្យ​មាន​ការលិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ​។

លោក ដួង ចាន់សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ថ្លែង​នៅ​ថ្ងៃទី​ ២២ ខែមិថុនា​ថា មន្ត្រី​អង្គភាព​លូទឹក បូមទឹក និង​ស្ថានីយ​ចម្រោះ​ទឹកកខ្វក់​កំពុង​ធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​លូ​ ៥ ដើម្បី​ត្រៀម​រំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា និង​មួយផ្នែក​ទៀត​កុំ​ឱ្យ​ទឹកភ្លៀង​ហូរ​ចូលទៅ​ប្រឡាយ​បឹងទំពុន និង​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​។

លោក​ ដួង ចាន់សារ៉ាត់ ថ្លែងថា​៖ «​ប្រឡាយ​លូ​ ៥ ​មាន​ប្រវែង​ជាង​ ១ ០០០ ​ម៉ែត្រ​ទទឹង​មាន​ប្រវែង​ពី​ ១៥ ​ទៅ ៣០ ​ម៉ែត្រ ចាប់ពី​ប្រឡាយ​លូ​ ៥ ផ្លូវ​វេងស្រេង​ដល់​ស្ថានីយ​បូម​ទឹកលូ​ ៥​។ យើង​ប្រើ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ដើម្បី​កាយ​សំរាម​ចេញពី​ប្រឡាយ​ដឹកជញ្ជូន​ ដោយ​ឡាន​ដឹក​ដី​យកទៅ​បោះចោល​នៅ​ទីលាន​ចោល​សំរាម​» ។

បើតាម​លោក​ ចាន់ សារ៉ាត់ ការស្តារ​ប្រឡាយ​លូ​ ៥ ​នេះ​មាន​រយៈពេល ៣ ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​ ១៩ មិថុនា​។ ក្រោយ​ការស្តារ​ប្រឡាយ​លូ​ ៥ ​នេះ​នឹង​អាច​រំដោះ​ទឹក​នៅ​ដោយ​កន្លែង ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​សែនសុខ និង​ខណ្ឌមានជ័យ ដោយ​ទឹក​ហូរ​ចូល​ប្រឡាយ​លូ​ ៥ ទៅ​ស្ថានីយ​បូម​ទឹកលូ​ ៥ ទើប​បូម​ទម្លាក់​ទៅ​ប្រឡាយ​ម័រ ប្រឡាយ​បារាំង​ និង​បន្ត​ចុះទៅ​បឹង​ជើងឯក​។

លោក​ ចាន់ សារ៉ាត់ សង្ឃឹមថា ការខិតខំ​ស្តារ​ប្រឡាយ​លូ​ ៥ ​នេះ​រួមចំណែក​កាត់បន្ថយ​បាន​ច្រើន​ចំពោះ​ការលិចលង់​នៅ​រដូវវស្សា​ឆ្នាំនេះ​។ ប្រឡាយ​លូ​ ៥ ​នេះ ពោរពេញ​ដោយ​សំរាម ភក់ និង​កាកអំពៅ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​ទៅ​ទម្លាក់ចោល​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សំណូមពរ​ទៅដល់​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ កុំ​បោះ​សំរាម​ចូលក្នុង​ប្រឡាយទឹក ព្រោះ​វា​នាំឱ្យ​មាន​ការបិទបាំង​ផ្លូវទឹក​»​។

លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍ ឱ្យដឹងថា តាម​ការកត់សម្គាល់​របស់​លោក​ផ្ទាល់ បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ មាន​ភាពល្អប្រសើរ​ច្រើន ព្រោះ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ច្រើនជាង​មុន ក្នុង​ការទុកដាក់ និង​វេចខ្ចប់​សំរាម​។ ប៉ុន្តែ​សម្រាប់​អ្នក​នៅតាម​ប្រឡាយ​មាន​ផ្លូវ​ច្រក​តូចៗ ភាគច្រើន​មិនមាន​អ្នកប្រមូល​សំរាម​ទៅដល់​ឡើយ ហេតុនេះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​មួយចំនួន នៅតែ​បន្ត​បោះ​សំរាម​ចោល ទៅក្នុង​ប្រឡាយ ខណៈ​មាន​អ្នកខ្លះ​បាន​យក​ទៅ​ដុតចោល​។

លោក​បន្តថា ការដែល​ពលរដ្ឋ​បោះ​សំរាម​ចោល​បែបនេះ​ ដោយសារ​តែ​មិនទាន់មាន​សេវា​ប្រមូល​សំរាម​គ្រប់​ច្រកល្ហក ដែល​ភាគច្រើន គឺ​មានតែ​ការប្រមូល​តាម​ឡាន ដែល​គេ​ហៅថា ប្រមូល​មធ្យម ប៉ុន្តែ​ការប្រមូល​បឋម​ ឬ ប្រមូល​តាម​ច្រកល្ហក​ដែល​ឡាន​ចូល​មិន​ដល់​នោះ គឺ​នៅមាន​កម្រិត​នៅឡើយ​៕