ភ្នំពេញៈ​ ​យោង​តាម​កិច្ច​ពិភា​ក្សា​តុមូល ​ស្តី​ពី «​លទ្ធផល​ស្ទង់​មតិ​លើ​ការ​ចូល​រួម​របស់​សកម្ម​ជន​នយោ​បាយ​ស្ត្រី​ក្នុង​វិស័យ​នយោ​បាយ​នៅ​កម្ពុជា​» ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ២៤​ ខែ​ មិថុនា​ ​ឆ្នាំ​ ២០២១​ ដែល​រៀប​ចំ​ដោយ គណៈ​កម្មា​ធិការ​ដើ​ម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ​(​Comfrel)​ បាន​ឱ្យ​ដឹង​ថា​ស្ត្រី​ ៨៥,​៥០ ​ភាគ​រយ ​នៅ​តែ​ចាប់​អារម្មណ៍​រឿង​នយោ​បាយ ​ និង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០២២​ ​និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ ​២០២៣​ បើ​ទោះ​បី​ជា​ស្ត្រី​បាន​ប្រឈម​​ជា​មួយ ​អំពើ​ហិង្សា​នយោបាយ​ ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ ​១៩​។​

​លោក​ ​ប៉ា ​ច័​ន្ធ​រឿន​ នាយក​វិទ្យាស្ថាន​ប្រជា​ធិប្ប​តេយ្យបាន​ឱ្យ​ដឹង​ថា ​លទ្ធផល​នេះ ​បាន​សិក្សា​ទៅលើ​ស្ត្រី ​មកពី​គណ​បក្ស​នយោ​បាយ ​សកម្ម​ជន​គណៈ​បក្ស​នយោបាយ ​​សមាជិក​ក្រុម​ប្រឹក្សា ​និង​សកម្ម​ជ​ន​អតិ​ត​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រមាណ​​ ១០០ នាក់​ ​នៅ​ក្នុង​ខេត្ត​ចំនួន​ ​៣ ​គឺ​ខេត្ត​កំពង់​ឆ្នាំង​ ​ភ្នំពេញ ​និង​បាត់​បាត់​ដំបង។​​​

លោក ​ប៉ា ​ច័​ន្ធ​រឿន ​ថ្លែង​ថា៖​ ​«សកម្ម​ជន​គណបក្ស​នយោបាយ​ជា​ស្ត្រី ​នៅតែ​មិនទាន់​មាន​លើក​ទឹកចិត្ត​ស្ត្រី ​ក្នុងការ​ទទួល​បាន​តួនាទី​ខ្ពស់​នៅ​ក្នុង​គណបក្ស​នយោបាយ ​និង​ទទួលរង​នូវ​ការ​រំលោភ​បំពាន​ទាំង​ផ្លូវ​ចិត្ត​ ​ផ្លូវ​កាយ​ ផ្លូវ​ភេទ ​និង​សេដ្ឋ​កិច្ច​»​។

អង្គការ​ខុមហ្វ្រែល​បានធ្វើ​ការសិក្សា ​ស្តីពី ​«​ការ​ចូល​រួម​របស់​ស​កម្ម​ជន​នយោបាយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា ​ដោយ​សហ​ការ​ជា​មួយ​ក្រុមទី​ប្រឹក្សា​ឯករាជ្យ​កម្ពុជា​ដើម្បី​ស្ទង់​មតិ​ក្នុង​គោល​បំណង​ចង់​ដឹងថា​តើ​ស្ត្រី​ទាំង​មាន​ឆន្ទៈ​ក្នុងការ​ចូលរួម​ក្នុង​កិច្ចការ​នយោ​បាយ​ ​ការបោះ​ឆ្នា​ត ឬ​ក៏​ យ៉ាង​ណា ​ក្នុង​រយៈពេល ​២​ ឆ្នាំ ​ទៅ​ ​៣​ ឆ្នាំ​ខាង​មុខ​ ជា​ពិសេស​ ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ឆ្នាំ​ ២០២២ ​និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​ឆ្នាំ​ ២០២៣​៕​