
ពលរដ្ឋនៅឃុំតស៊ូ ស្រុកជ័យសែន កំពុងចងកូនឈើធ្នង់ ដែលទើបតែគាស់ ដើម្បីលក់ឱ្យឈ្មួញ។ រូបថត ហ្វេសប៊ុក
ព្រះវិហារៈ ប្រជាពលរដ្ឋនៅឃុំតស៊ូ ស្រុកជ័យសែន បាននាំគ្នាគាស់កូនដើមឈើធ្នង់លក់ ទៅឲ្យឈ្មួញ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពក្រៅពីការធ្វើស្រែចម្ការ។ មន្ត្រីបរិស្ថានថា ការគាស់កូនដើមឈើធ្នង់របស់ប្រជាពលរដ្ឋ គឺធ្វើឡើងនៅតាមដីស្រែកម្មសិទ្ធិរបស់ពួកគាត់ មិនបានចូលគាស់នៅក្នុងតំបន់ការពារឡើយ។
លោក សៅ សំអៀត ប្រជាពលរដ្ឋនៅស្រុកជ័យសែនថ្លែងថា មានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទៅគាស់ដើមកូនឈើធ្នង់ យកមកតម្រៀបនៅក្បែរផ្លូវ ដើម្បីលក់ទៅឲ្យឈ្មួញ ពុំមានការណែនាំ ឬហាមឃាត់ពីសំណាក់អាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចណានោះទេ។
លោកបន្តថា កូនដើមឈើធ្នង់ទាំងនោះ ប្រជាពលរដ្ឋបានដាក់លក់ ក្នុងតម្លៃផ្សេងៗគ្នា ទៅតាមទំហំកូនឈើ បើរាងតូចបន្តិចលក់មួយដើមថ្លៃ៥ពាន់រៀល បើធំបន្តិចថ្លៃជាង ១ ម៉ឺនរៀលក្នុងមួយដើម។
លោកថ្លែងថា៖ «កូនឈើហ្នឹងគាត់ដឹកមកដាក់នៅមាត់ផ្លូវជាតិ [កំពង់ធំកាត់ស្រុកជ័យសែនទៅស្ទឹងត្រែង] តែម្តង អត់មានថា នៅកន្លែងបិទបាំងអីទេ ដាក់លក់ជាសាធារណៈតែម្តង នៅកណ្តាលវាលអ្នកណាជិះឆ្លងកាត់ក៏ឃើញដែរ អត់ឃើញមានមន្ត្រីណាចុះណែនាំ ឬមានវិធានការយ៉ាងណានោះទេ» ។
លោក សំអៀត បញ្ជាក់ថា តាមការដែលលោកជជែកជាមួយប្រជាពលរដ្ឋជាអ្នកគាស់កូនឈើធ្នង់លក់នោះ ពួកគេបានប្រាប់ថា ការគាស់លក់នោះ មិនមែននៅសុខៗ ពួកគាត់ទៅគាស់ទេ គឺមានការបញ្ជាទិញ ពីក្រុមឈ្មួញ ហើយសុទ្ធតែមានការចុះឈ្មោះមុន ដើម្បីបានលក់ទៀតផង។
ទោះយ៉ាងណា លោកសំអៀត មិនបានដឹងថា ក្រុមឈ្មួញទិញកូនឈើធ្នង់ទាំងនោះ មកពីណានោះទេ។
លោក ស្រី សៀង មេឃុំតស៊ូ ថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែមុន ពិតជាមានប្រជាពលរដ្ឋបានគាស់កូនឈើធ្នង់លក់ប្រាកដមែន ប៉ុន្តែមកដល់ថ្ងៃទី ២៤ ខែមិថុនានេះ មិនមានប្រជាពលរដ្ឋគាស់កូនដើមឈើធ្នង់លក់ទៀតឡើយ។
លោកមេឃុំបញ្ជាក់ថា ប្រជាពលរដ្ឋបានលក់កូនឈើធ្នង់ដែលគាស់បានទៅឲ្យឈ្មួញដែលប្រហែលជាមកពីខេត្តកំពង់ធំ។
លោកថ្លែងថា៖ «យើងមានអ្នកជំនាញគេចាំធ្វើកិច្ចការងារ ការពារអភិរក្សត្រឹមត្រូវ នៅតំបន់ហ្នឹង ហើយបើនិយាយពីអាជ្ញាធរឃុំ យើងបានធ្វើការអប់រំណែនាំប្រជាពលរដ្ឋហើយ តែបើគាត់លួចចូលគាស់យ៉ាងម៉េចពេលណានោះ អាហ្នឹងខាងជំនាញ គេចេះធ្វើការហើយ។ ចំណែកឈ្មួញ ខ្ញុំមិនដឹងច្បាស់ទេ ឃើញគេយកទៅខាងកំពង់ធំ តែមិនដឹងគេដឹកទៅដល់ណា» ។
លោក រស់ ហេង អភិបាលស្រុកជ័យសែនថ្លែងថា ការគាស់កូនដើមឈើធ្នង់ពិតជាធ្លាប់កើតមានមែន កាលពីប៉ុន្មានខែមុន។
លោកថា កូនឈើធ្នង់នៅតំបន់នោះ គឺមានដុះរាយប៉ាយនៅដោយកន្លែង ហេតុនេះដើមឈើធ្នង់ ដែលពលរដ្ឋគាស់យកទៅលក់នោះ គឺគាស់លើដីឯកជន មិនមានប៉ះពាល់ព្រៃតំបន់ការពាររបស់រដ្ឋឡើយ។
លោកថ្លែងថា៖ «បើប្រជាពលរដ្ឋគាត់ចូលគាស់ នៅក្នុងតំបន់ដីព្រៃរបស់រដ្ឋ យើងមានការអប់រំណែនាំត្រឹមត្រូវ តាមច្បាប់មិនមែនយើងបណ្តោយឲ្យគាត់ធ្វើអ្វីតាមចិត្តនោះទេ។ យើងអត់មានការចាប់ចងអីទេ ប៉ុន្តែបើជួបកន្លែងណា យើងអប់រំនៅកន្លែងនោះ ហើយចំពោះការដែលពលរដ្ឋគាត់គាស់ នៅដីរបស់គាត់នោះ អាហ្នឹងជារឿងឯកជន ជាសិទ្ធិរបស់គាត់» ។
លោក ជឹម វិឆយ អនុប្រធានការិយាល័យព្រៃឡង់បឹងពែរ ទទួលបន្ទុកដែនជម្រកសត្វព្រៃព្រៃឡង់ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារបានថ្លែងថា មិនមានប្រជាពលរដ្ឋចូលគាស់ក្នុងតំបន់ការពាររបស់បរិស្ថានឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំបានចុះដឹកនាំល្បាតផ្ទាល់ស្ទើតែរៀងរាល់ថ្ងៃ មិនបានឃើញមានប្រជាពលរដ្ឋចូលទៅគាស់ដើមកូនឈើធ្នង់នោះទេ។ បើសិនជាមាន ប្រជាពលរដ្ឋគាស់ដឹកចេញពីតំបន់ការពារ ខ្ញុំនឹងចាប់ព្រោះអាហ្នឹងជាបទល្មើសមួយធ្ងន់ធ្ងរដែរ» ៕