ភ្នំពេញៈ ប្រទេស​អូស្ត្រាលី ​អាល្លឺម៉ង់​ និង​ស្វីស ​បាន​សន្យា​ផ្តល់​មូលនិធិ​ប្រមាណ ​១៣ លាន​ដុល្លារ​អាមេរិក ​ឲ្យ​គណៈ​កម្មការ​ទន្លេ​មេគង្គ ​(MRC)​ ដើម្បី​គាំទ្រ​ប្រទេស​កម្ពុជា ​ឡាវ​ ថៃ​ និង​វៀតណាម ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជាបន្ទាន់​នានា ​ទន្ទឹម​នឹង​ការរក្សា​គាំពារ​ដល់​មុខងារ​អេកូឡូ​ស៊ី​នៃ​ទន្លេ​មេគង្គ​និង​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ MRC ​នៅថ្ងៃ​ទី ២៤​ ខែមិថុនា។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ​ការចូល​រួម​វិភាគទាន​របស់​ប្រទេស​ទាំងនេះ ​ប្រព្រឹត្ត​ទៅតាម​រលក​ថ្មីមួយ​នៃ​មូលនិធិ​ដៃគូ​អភិវឌ្ឍន៍​ដល់ MRC​ ក្នុង​ពេល​គណៈកម្មការ​នេះ ​ចាប់ផ្តើម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ ៥ ឆ្នាំ​ ​(២០២១-២០២៥) ​របស់​ខ្លួន​ នៅ​ក្រោម​ទិសដៅ​ថ្មី​មួយ​ សំដៅ​យក​ឈ្នះ​លើ​ការគំរាម​កំហែង​ជាច្រើន ​ដែល​អាង​ទន្លេ​នេះ​កំពុង​ជួប​ប្រទះ។ 

លោក​ អាន ពេជ្រហត្ថដា ​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន ​MRC ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ ​នា​អំឡុង​កិច្ចប្រជុំ​ដៃគូ​អភិវឌ្ឍន៍​ក្រៅ​ផ្លូវការ ​កាល​ពី​ថ្ងៃទី ២៤ ​មិថុនា ​នៅ​ទីក្រុង​វៀងចន្ទន៍​ឱ្យដឹង​ថា ​ការគាំទ្រ​នេះ​មកទាន់​ពេល​វេលា​និង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ MRC ​ក្នុង​ការអនុវត្ត​សកម្មភាព​នានា ​ដែល​ធ្វើឲ្យ​មាន​តុល្យភាព​លើ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ការធ្វើឲ្យ​សង្គម​ប្រសើរ​ឡើង ​និង​ការគាំពារ​ដល់​បរិស្ថាន។

លោក​បន្តថា ​នៅ​ក្រោម​ផែនការ​យុទ្ធសាស្ត្រ​ថ្មីនេះ ​MRC​ នឹង​ធានាថា ​រាល់​ផែនការ​ថ្នាក់​ជាតិ​ថ្មីៗ​សម្រាប់​បង្កើត​ថាមពល​បានថ្លឹង​ថ្លែង​រាល់​ជម្រើស​ជាច្រើន​នៃ​ប្រភព​បង្កើត​ថាមពល​នានា ​រួមទាំង​ជម្រើស​ថាមពល​-ស្បៀង​-ទឹក ​ក៏ដូចជា​ការប្រើប្រាស់​បន្ថែម​នៃ​ថាមពល​ដោយ​ពន្លឺ​ព្រះអាទិត្យ​ និង​ខ្យល់។ វា​នឹង​ជួយ​លើក​កម្ពស់​ភាពចម្រុះ ​ពពិធភាព ​សមភាព ​និង​បរិយាប័ន្ន​យេនឌ័រ​ក្នុង​វិស័យ​ទឹក។

បើ​តាម​លោក​អាន ពេជ្រហត្ថដា ​MRC ​នឹង​សិក្សា​ស្វែងរក​នូវ​មធ្យោបាយ​សម្រាប់​ជួយ​សម្រួល​ប្រតិបត្តិការ​នៃ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទឹក ​សម្រាប់​អាង​ទន្លេ​ទាំងមូល​ ដើម្បី​បង្កើន​ផល​ប្រយោជន៍​ឲ្យដល់​កម្រិត​អតិបរមា ​និង​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្នែក​បរិស្ថាន​លើ​ទន្លេ​មេគង្គ ​និង​ប្រជាជន។ 

ស្ថាប័ន​នេះ​ ក៏នឹង​បន្ត​ជំរុញ​កិច្ចសន្ទនា​ថ្នាក់​តំបន់​ក្នុង​ចំណោម​ប្រទេស​តាម​អាង​ទន្លេ ​និង​ធ្វើឲ្យ​ការចូលរួម​ចំណែក​ជាមួយ​ប្រទេស​ចិន​កាន់តែ​ស៊ី​ជម្រៅ ​ក៏ដូចជា ​ជាមួយ​ដៃគូ​ផ្សេងៗ​ទៀត​ តាមរយៈ​កិច្ចសហ​ប្រតិបត្តិការ​អាស៊ាន ​និង​ឡាន​ឆាង​-មេគង្គ ​សម្រាប់​ជាប្រយោជន៍​ដល់​សមាជិក​ទាំង​អស់។

លោក​ Paul Kelly ​ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​ឡាវ ​បានឱ្យដឹង​ថា ​វិភាគទាន​ថ្មី​ពី​ប្រទេស​អូស្ត្រាលី ​មាន​តម្លៃ​ជាថវិកា ​៣,៨ លាន​ដុល្លារ​អាមេរិក។ លោក​សង្ឃឹមថា ​ជំនួយ​មូលនិធិ​ទាំងនេះ ​នឹង​ជួយ​បង្កើន​លទ្ធភាព​ដល់​ MRC ​និង​ប្រទេស​ជាសមាជិក​ឲ្យ​ប្រើ​ប្រាស់​ធនធាន​ទឹក ​និង​ធនធាន​ពាក់ព័ន្ធ​នៃ​ទន្លេ​មេគង្គ​ប្រកប​ដោយ​បរិយាប័ន្ន ​និង​ដោយ​ចីរភាព ​ដើម្បី​ជាចំណែក​មួយ ​ជួយ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ការ​រាតត្បាត​ជាសកល ​ការកសាង​ភាព​ធន់​ផ្នែក​បរិស្ថាន ​និង​ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​តំបន់។ 

លោក ​Paul Kelly​ បន្ថែមថា ​ប្រទេស​អូស្ត្រាលី ​ក៏​កំពុង​ផ្តល់​នូវ​ការគាំទ្រ​បច្ចេកទេស​ដល់​ MRC​ លើ​វិស័យ​សំខាន់ៗ​ជាច្រើន​ផងដែរ​ រួមទាំង​ដល់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹកជំនន់ ​និង​គ្រោះ​រាំងស្ងួត ​និង​ការកែ​លម្អ​នូវ​ប្រព័ន្ធ​ទិន្នន័យ ​និង​ព័ត៌មាន​របស់​ស្ថាប័ន​នេះ។  

ទន្ទឹម​នឹងនេះ ​លោក ​Jens Lütkenherm ​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​ឡាវ ​បានសន្យា​ផ្តល់​វិភាគទាន​ពី​ប្រទេស​នេះ​នូវ​ទឹកប្រាក់​ ៣ លាន​អឺរូ ​ស្មើនឹង​ប្រមាណ​ ៣,៥៥ លាន​ដុល្លារ​អាមេរិក​ក្នុង​ការគាំទ្រ​ដល់​ផែនការ​ថ្មី​នេះ។

លោក​ថ្លែងថា​មូលនិធិ​នេះ​នឹង​ត្រូវបាន​បែងចែក​ផ្តល់​ជូន​ក្នុង​រយៈពេល​៣ឆ្នាំ ​ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ២០២២ ​នូវទឹក​ប្រាក់ ​១,២ លាន​ដុល្លារ​អារិក។ មូលនិធិ​នេះ​ត្រូវបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​យន្តការ​មូលនិធិ​ស្នូល​របស់ ​MRC ​ហើយ​ថវិកា​ដែល​នៅ​សេសសល់ ​នឹង​ត្រូវ​ផ្តល់​ឲ្យ​ទៅ​តាម​កម្មវិធី​កិច្ច​សហ​ប្រតិបត្តិការ ​MRC–GIZ ​សម្រាប់​ជាជំនួយ​ផ្នែក​បច្ចេកទេស។

លោក ​Jens Lütkenherm ​ថ្លែងថា​៖«យើង​ជឿជាក់​ថា ​មូលនិធិ​នេះ ​នឹង​ជួយ​ MRC ​ឲ្យបង្កើត​នូវ​បណ្តាញ​ស្នូល​សម្រាប់​កិច្ចការ​តាមដាន​ទន្លេ​ក្នុង​តំបន់​ទន្លេមេគង្គ ​ហើយ​ជាលទ្ធផល ​វា​រួមចំណែក​ដល់​ការសម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ព័ត៌មាន ​សម្រាប់​ការគ្រប់គ្រង ​និង​អភិវឌ្ឍន៍​ធនធាន​ទឹក​ និង​ជួយ​បង្កើន​សមត្ថភាព ​MRC ​ក្នុង​ការគ្រប់គ្រង​គ្រោះ​ទឹកជំនន់ ​និង​គ្រោះ​រាំងស្ងួត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព»។

លោក ​Jean-François Cuénod​ នាយក​តំបន់​នៃ​ទីភ្នាក់ងារ​ស្វីស​សម្រាប់​អភិវឌ្ឍន៍ ​និង​កិច្ចសហ​ប្រតិបត្តិការ ​បានសន្យា​ផ្តល់​ថវិកា​​ ៥,៣ លាន​ដុល្លារ​អាមេរិក ​ក្នុង​រយៈពេល ​៥ ឆ្នាំ ​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​នៃ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​នេះ។

លោក​ថ្លែងថា​៖«យើង​អបអរសាទរ​ចំពោះ ​MRC ​ក្នុង​ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​ចក្ខុវិស័យ​ថ្មីៗ ​ដែល​ចាំបាច់​សម្រាប់​អាង​ទន្លេ​មេគង្គ។​ យើង​នឹង​រួម​សហការ​ជាមួយ​នឹង​MRC ​ប្រទេស​ជាសមាជិក ​និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ ក្នុង​ការផ្លាស់ប្តូរ​តំបន់​នេះ​ឆ្ពោះទៅ​កាន់​មាគ៌ា​មួយ​ដែល​កាន់តែ​មាន​ចីរភាព​ និង​ភាពធន់ ​ដោយ​ធានាថា ​គ្មាន​នរណា​ម្នាក់​នឹង​ត្រូវ​បោះបង់​ចោល​នោះ​ទេ»។

លោក​ Jean-François Cuénod ​បន្ថែម​ទៀត​ថា ​ប្រទេស​ស្វីស ​បានគាំទ្រ ​MRC ​ចាប់​តាំងពី​ឆ្នាំ ១៩៩៥ ​មក​ និង​ជឿជាក់​ថា​ស្ថាប័ននេះ​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​ទឹក​ប្រចាំ​តំបន់​ទន្លេ​មេគង្គ។

ផែនការ​យុទ្ធសាស្ត្រ​៥ឆ្នាំ​របស់ ​MRC ​គឺជា​ឧបករណ៍​ដ៏​ចាំបាច់​មួយ​សម្រាប់​ឲ្យ​គណៈកម្មការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ថ្មីមួយ ​ដែល​មាន​រយៈពេល​ ១០ ឆ្នាំ​ ដែល​តំណាង​ឲ្យ​របត់​ដ៏សំខាន់​មួយ​សម្រាប់​អាង​ទន្លេ​មេគង្គ។ រួមគ្នា​វា​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​តាម​អាង​ទន្លេ​មេគង្គ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​ជួបប្រទះ ​និង​កើត​ឡើង​ថ្មីៗ ​ទន្ទឹម​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​រួម​នៃ​អាង​ទន្លេ ​ក្នុង​ទសវត្សរ៍​ខាងមុខ​នេះ។ 

គណៈកម្មការ​ទន្លេ​មេគង្គ ​គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ​ដែល​មាន​តួនាទី​ជំរុញ​លើក​កម្ពស់​កិច្ចពិគ្រោះ​យោបល់ ​និង​កិច្ចសហ​ប្រតិបត្តិការ​ថ្នាក់​តំបន់​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ខ្សែទឹក​ខាង​ក្រោម។

ស្ថាប័ន​នេះ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៥​ ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​ទន្លេ​មេគង្គ​ រវាង​ប្រទេស​កម្ពុជា ​ឡាវ​ ថៃ ​និង​វៀត​ណាម។ ស្ថាប័ន​នេះ ​បំពេញ​តួនាទី​ជាវេទិកា​ថ្នាក់​តំបន់​សម្រាប់​ការទូត​ទឹក ​ក៏ដូចជា​មជ្ឈ​មណ្ឌល​ប្រមូល​ផ្តុំ​ចំណេះ​ដឹង​អំពី​ការគ្រប់​គ្រង​ធនធាន​ទឹក​ ដើម្បី​អភិវឌ្ឍន៍​តំបន់​នេះ​ប្រកប​ដោយ​ចីរភាព៕