
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ រូបថត ក្រសួងដែនដី
ភ្នំពេញៈ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ហើយនៅថ្ងៃទី ២៤ ខែមិថុនានេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយថ្ងៃទី ២៤ ខែមិថុនានេះ បានឲ្យដឹងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧ លានដុល្លាអាមេរិក។ ក្នុងនោះឥទានធនាគារពិភពលោកចំនួន ៩៣ លានដុល្លារ និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៤ លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថវិកាគម្រោងនេះសម្រាប់រយៈពេល ៦ ឆ្នាំ ពីខែតុលា ឆ្នាំ ២០២០ ដល់ខែធ្នូ ឆ្នាំ ២០២៦ ក្នុងភូមិសាស្ត្រខេត្តគោលដៅ ដែលមានដីសមស្រប និងនៅទីតាំងចំនួន ៧១ ក្នុងនោះ ២៦ ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង ៤៥ ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប ៣០ ០០០ ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច ១០ ០០០ ហិកតា និងមានអ្នកទទួលផលសរុប ៦ ៥០០ គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិច ១ ៥០០ គ្រួសារ។
ក្នុងសេចក្តីប្រកាសព័ត៌មានសរសេរថា៖ «សកម្មភាពរបស់គម្រោងផ្តោតលើការងារសំខាន់ចំនួន ៥ គឺការងារសម្បទានដីសង្គមកិច្ច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រ ដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផល»។
ក្រសួងដែនដីអះអាងថា ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចធ្វើឡើងប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ។ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នឹងផ្តល់ដីសម្រាប់លំនៅឋាន និងដីសម្រាប់កសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ទុកក្នុងការចាប់ផ្តើមកសាងជីវភាពរស់នៅ និងបង្កើនផល។
សេចក្តីប្រកាសសរសេរថា៖ «គម្រោងនឹងរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាមូលដ្ឋាន បណ្តុះបណ្តាលលើការងារកសិកម្ម និងធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ ដើម្បីបង្កើតប្រាក់ចំណូល លើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ចូលរួមសម្រេចគោលបំណងនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជារបៀបវរៈសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា»។
យ៉ាងណាក៏ដោយ លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុកថ្លែងថា លោកកត់សម្គាល់ឃើញថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចមានការយឺតយ៉ាវ ខណៈនៅមានសហគមន៍ផ្សេងៗទៀតជាច្រើនទាមទារចង់ឲ្យមានការចុះបញ្ជីផងដែរ។
លោកបន្តថា ដើម្បីពន្លឿនការយឺតយ៉ាវនោះក្រសួងមហាផ្ទៃក៏បានចាត់ឲ្យមន្ត្រីចុះពិនិត្យធ្វើការសិក្សាស្រាវជ្រាវនៅតាមខេត្ត។ ក្រៅពីនោះ ចំពោះការបែងចែកដីសង្គមកិច្ច លោក ប៊ុណ្ណារ៍ សង្គេតឃើញថា រដ្ឋាភិបាលបានចេញសរាចរណ៍លេខ ០៦ ដែលបញ្ជាក់ពីការផ្តល់ប្បទានកម្មដល់មន្ត្រីនិងប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនសូវយកមកអនុវត្តនោះទេ។
លោកថ្លែងថា៖ «បើសិនជាអាជ្ញាធរធ្វើបានតាមសរាចរណ៍ណែនាំលេខ ០៦ យើងគិតថា វានឹងអាចជួយបំពេញភាពខ្វះខាតរបស់ប្រជាពលរដ្ឋក្រីក្រ ហើយនិងមន្ត្រីក្រីក្រ។ ទន្ទឹមហ្នឹងក៏វាអាចជួយដកហូតនូវដី ដែលអ្នកមានអំណាចចូលកាន់កាប់ដីសាធារណៈរបស់រដ្ឋ ព្រមទាំងបន្ថយនូវគម្លាតរវាងអ្នកមានលុយមានអំណាច និងប្រជាពលរដ្ឋក្រីក្រ»៕