ភ្នំពេញៈ រដ្ឋមន្ត្រី​ការ​បរទេសកម្ពុជា​​លោក ប្រាក់ សុខុន បាន​អំពាវ​នាវ​ដល់​ភាគី​នៃ​កិច្ច​សហ​ប្រ​តិបត្តិការ​ខ្សែ​ក្រវាត់​និង​ផ្លូវ​របស់​ចិន​ពង្រឹង​កិច្ច​សហការ​ផលិត​ និង​ចែក​ចាយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ ១៩ ដោយ​ចៀស​វាង​យក​ជំងឺ​រាត​ត្បាត​ជា​ឧប​ករណ៍​បម្រើ​ផល​ប្រយោ​ជន៍​នយោ​បាយ​។

លោក ប្រាក់ សុខុន ថ្លែងថា៖ «យើង​ត្រូវ​ពង្រឹង​កិច្ចស​ហការ និង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​លើ​ការផ​លិត និង​ការ​ចែក​ចាយ​វ៉ាក់សាំង​ឱ្យ​កាន់តែ​ប្រកបដោយ​បរិ​យា​ប័ន្ននិង​សមធម៌​ហើយ​គួរ​ចៀសវាង​ការយក​ជំងឺ​រាតត្បាត​សកល​មក​ធ្វើជា​ឧបករណ៍​នយោ​បាយ។ប្រការ​ដែល​សំខាន់​ដូចគ្នានេះ​ដែរ កិច្ច​សហប្រតិ​បត្តិការ​តំបន់​គឺជា​ការចាំ​បាច់ដើម្បី​ពង្រឹង​ការការ​ពារ​ជំងឺ​រាតត្បាត​ទាំងឡាយ​នា​ពេល​អនាគ​ត»។

ការ​ថ្លែង​របស់​លោក ​ប្រាក់ សុខុន ដូចនេះ​ធ្វើ​ឡើង​ក្នុង​សន្និសី​ទ​ជាន់ខ្ពស់​អាស៊ី-ប៉ាស៊ីហ្វិក​ ស្តីពី​កិច្ចសហ​ប្រតិបត្តិ​ការ​ខ្សែ​ក្រវាត់​និង​ផ្លូវ​ក្រោម​ប្រធាន​បទ «ការលើក​កម្ពស់​កិច្ចសហ​ប្រតិប​ត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព» កាលពី​ថ្ងៃទី ២៣ ខែមិថុនា។

លោក​បានថ្លែ​ងថា កិច្ចសហ​ប្រតិបត្តិ​ការ​អន្តរជាតិ និង​ការកសាង​ភាពជា​ដៃគូពិត​ជាមាន​សារៈ​សំខាន់​ជាង​ពេលណា​​ទាំងអ​ស់ក្នុង​កិច្ចខិ​តខំ​ប្រឹងប្រែ​ងដើម្បី​ស្តារ​សេ​ដ្ឋកិច្ច និង​សង្គម​ឱ្យមាន​ភាពរស់រវើ​កនិង​រួច​ផុតពី​វិបត្តិ​សេដ្ឋកិច្ច-សង្គម ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាត​ត្បាត​នេះ។

លោក​បានបន្ត​ថា កិច្ចខិត​ខំ​ប្រឹងប្រែងរ​បស់​ចិនដែល​ឈានមុខ​គេ​នៅក្នុង​វ៉ាក់សាំង​ពហុភាគី​និយម ​ត្រូវបាន​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ និង​ផ្តល់​សារ:សំខា​ន់​យ៉ាងខ្លាំង។ មកទល់​ថ្ងៃនេះ ចិន​បាន​ចែក​ចាយ​វ៉ាក់សាំង​ជាង ៣៥០ លាន​ដូ​ស​ទៅដល់​ដៃគូ​សហ​ប្រតិ​បត្តិ​ការ​សកល​។

លោក ប្រាក់ សុខុន ថ្លែងថា ដោយ​ប្ដេជ្ញាចិត្ត​ក្នុងការ​ធានា​ថា អ្នកណា​ក៏​អាច​ទទួល​បាន​វ៉ាក់សាំង​ដែរ ចិន​បន្ត​គាំទ្រ​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​របស់ខ្លួ​ន​ក្នុង​ការផ្ទេរ​បច្ចេ​កវិទ្យា និង​ការផលិត​វ៉ាក់សាំង​រួមគ្នាជាមួយ​​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​នានា​ផង​ដែរ។ «ជាមួ​យនឹង​ការប្តេជ្ញា​ចិត្ត​ដ៏​រឹងមាំ​ទាំងនេះ យើ​ង​អាច​មើល​ឃើញ​នូវ​អនាគត​នៃ​ពិភពលោ​ក​មួយ​ដែល​មាន​សុវត្ថិភាព​ជាង​ពេល​បច្ចុប្បន្ន»​។

លោក​បាន​បញ្ជាក់ថា​៖ «ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថាកិច្ចសហប្រ​តិបត្តិ​ការ​អន្តរជាតិ ​និង​ការតភ្ជាប់​គឺជា​កាតា​លីករ​ដ៏​សំខាន់​នៃ​ការ​ងើប​ឡើងវិញ​​របស់​យើង។ កិច្ច​សហ​ប្រតិ​បត្តិការ​តំបន់​របស់​យើង​ចាំបាច់​ត្រូវ​ផ្តោតលើ​ការ​ធានា​ថាខ្សែចង្វាក់​ផ្គត់​ផ្គង់ ក្នុង​តំបន់​នៅតែមា​ន​ភាព​ធន់​រឹងមាំ។ យើង​ធ្វើ​បានល្អ​នៅក្នុង​ប​រិបទ​នេះ អាស្រ័យ​ដោយមាន​គម្រោង​ខ្សែក្រវាត់​ និង​ផ្លូវ​ជា​ច្រើន ដែល​កំពុង​ដំណើរ​ការ​លូត​លាស់​នៅ​ទូទាំង​តំបន់​។

ងាក​ទៅរក​គម្រោង​ស្ថាបនា​សំណង់​វិញ​លោក សុខុន ថ្លែងថា​ កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ធំ​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ និង​អាកាស​យានដ្ឋា​ន​អន្តរជាតិ​ថ្មី​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប​ជាដើម។ គម្រោង​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ទាំងនេះ​បាន និង​កំពុង​វិវត្ត​ទៅមុខ​យ៉ាង​រលូន ហើយ​ប្រាក​ដជា​នឹង​ចូល​រួម​ចំណែក​ក្នុងការ​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​កម្ពុជា​។

លោក​ថ្លែង​ថា៖​ «ទន្ទឹមនឹ​ង​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ទាំង ២ ដែល​ស្នើ​ឡើង​ដោយ​ចិន​ស្ដីពី​កិច្ចសហប្រ​តិបត្តិកា​រ​វ៉ាក់សាំង​ និង​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​​បៃតងខ្ញុំ​មាន​សុទិដ្ឋិ​និយម​ថា​ ស្មារតី​នៃ​កិច្ច​សហប្រតិ​បត្តិការ​ខ្សែក្រវាត់​ និង​ផ្លូវ​នឹង​បន្ត​រួមចំណែក​ដល់​ការ​ឈានទៅ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​​ន៍​ប្រកប​ដោយ​ចីរភាព​របស់​យើង នៅក្នុ​ង​រយៈពេ​ល​ច្រើន​ឆ្នាំ​ទៅមុ​ខទៀត»​។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៤ ខែមិថុនាថា​ ស្ថិតក្នុង​ភាពជា​ដៃគូ​សហ​ប្រតិ​បត្តិការ​វាង​កម្ពុជា​ និង​ចិន​ កម្ពុជា​បានទទួល​វ៉ាក់សាំង​ដែលជា​ជំនួយ​ឥតសំ​ណង​រាប់លាន​ដូ​ស​ពីចិនហើយ​កម្ពុជា​ថែម​ទាំង​អាច​ទិញ​វ៉ាក់សាំង​ពី​ចិន​បាន​ចំនួន​ជាច្រើន​លាន​ដូ​ស​ផងដែរ។

លោក​ថ្លែង​ថា៖ «យើង​ដឹងថាវ៉ាក់សាំង​នេះ​មិន​មែន​ជា​ទំនិញ​ធម្មតា​ដែល​យើង​មាន​លុយ​សុទ្ធតែ​អាច​ទិញ​បាន​នោះទេ។ ប្រទេស​ខ្លះ​គាត់​មាន​លុយ​ដែរ គាត់​អត់​អាច​ទិញ​បាន​ទាន់ពេលវេលា​ផង។ អ៊ីចឹ​ង យើង​ឃើញ​ថា ផ្លែផ្កា​នៃ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា-ចិន គឺ​កម្ពុជា​ទទួល​បាន​ផល​ប្រយោ​ជន៍​ច្រើន​ទៅលើ​វិស័យ​សេដ្ឋកិច្ច ​សង្គម វ​ប្បធ​ម៌ អប់រំ​ជាដើម ជា​ពិសេស​គឺ​កូ​វីដ ១៩ ដែល​ចិន​ជួយ​ច្រើន​ទៅលើ​វ៉ាក់​សាំង​ទៅលើ​បច្ចេក​ទេស ក៏ដូច​ជា ​ឱសថ​អី​ផ្សេង»៕