ទីក្រុង​វៀង​ចន្ទៈ ប្រទេស​អូស្ត្រាលី អាល្លឺម៉ង់ និង​ស្វី​ស បាន​សន្យា​ផ្តល់​មូលនិធិ​ប្រមាណ ១៣ លាន​ដុល្លារ​អាមេរិក ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ (MRC) ដើម្បី​គាំទ្រ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជាបន្ទាន់​នានា ទន្ទឹមនឹង​រក្សា​គាំពារ​ដល់​មុខងារ​អេកូឡូស៊ី​នៃ​ទន្លេមេគង្គ និង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរឡើង។ នេះ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ MRC នៅ​ថ្ងៃទី ២៤ ខែមិថុនា។

សេចក្តីប្រកាស​ព័ត៌មាន​នេះ បញ្ជាក់ថា ការចូលរួម​វិភាគទាន​​​ ​របស់​ប្រទេស​ទាំងនេះ ប្រព្រឹត្ត​ទៅតាម​រលក​ថ្មី​មួយ ​នៃ​មូលនិធិ​ដៃគូ​អភិវឌ្ឍន៍​ដល់ MRC ក្នុងពេល​គណៈកម្មការ​នេះ ចាប់ផ្តើម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ (២០២១-២០២៥) របស់ខ្លួន នៅ​ក្រោម​​ទិសដៅ​ថ្មី​មួយ សំដៅយក​ឈ្នះ​លើ​ការគំរាមកំហែង​ជាច្រើន ដែល​អាង​ទន្លេ​នេះ​កំពុង​ជួបប្រទះ។ 

លោក អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន MRC នៅក្នុង​ពិធី​ចុះហត្ថលេខា​មួយ នា​អំឡុង​កិច្ចប្រជុំ​ដៃគូ​អភិវឌ្ឍន៍​ក្រៅផ្លូវការ នៅ​ថ្ងៃ​ទី​ ២៤ ​មិថុនា​ នៅ​ទីក្រុង​វៀង​ចន្ទ បានឱ្យដឹងថា ការគាំទ្រ​នេះ មក​ទាន់ពេលវេលា និង​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់ MRC ក្នុងការ​អនុវត្ត​សកម្មភាព​នានា ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​ លើ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការធ្វើ​ឱ្យ​សង្គម​ប្រសើរឡើង និង​ការ​គាំពារ​ដល់​បរិស្ថាន។

លោក អាន ពេជ្រ​ហត្ថ​ដា បន្តថា នៅក្រោម​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​នេះ MRC នឹង​ធានាថា រាល់​ផែនការ​ថ្នាក់ជាតិថ្មីៗសម្រាប់​បង្កើត​ថាមពល​បាន​ថ្លឹងថ្លែង រាល់​ជម្រើស​ជាច្រើន​ នៃ​ប្រភព​បង្កើត​ថាមពល​នានា រួមទាំង​ជម្រើស​ថាមពល-ស្បៀង-ទឹក ក៏ដូចជា​ការ​ប្រើប្រាស់​ប​ន្ថែ​ម​នៃ​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ និង​ខ្យល់។ វា​នឹង​ជួយ​លើកកម្ពស់​ភាព​ចម្រុះ ព​ពិធ​ភាព សមភាព  និង​បរិ​យា​ប័ន្ន​យេនឌ័រ​ក្នុង​វិស័យ​ទឹក។

បើតាម លោក អាន ពេជ្រ​ហត្ថ​ដា MRC នឹងសិក្សា​ស្វែងរក​នូវ​មធ្យោបាយ ​សម្រាប់​ជួយ​សម្រួល​ប្រតិបត្តិការ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក សម្រាប់​អាង​ទន្លេ​ទាំងមូល ដើម្បី​បង្កើន​ផលប្រយោជន៍​ឲ្យ​ដល់​កម្រិត​អតិបរមា និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ផ្នែក​បរិស្ថាន​លើ​ទន្លេមេគង្គ និង​ប្រជាជន។ 

ស្ថាប័ន​នេះ ក៏​នឹង​បន្ត​ជំរុញ​កិច្ចសន្ទនា​ថ្នាក់​តំបន់​ ក្នុងចំណោម​ប្រទេស​តាម​អាង​ទន្លេ និង​ធ្វើ​ឲ្យ​ការចូលរួមចំណែក​ជាមួយនឹង​ប្រទេស​ចិន ​កាន់តែ​ស៊ីជម្រៅ ក៏ដូចជា ជាមួយនឹង​ដៃគូផ្សេងៗទៀត តាមរយៈ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​មេគង្គ-ឡាន​ឆាង សម្រាប់​ជា​ប្រយោជន៍​ដល់​សមាជិក​ទាំងអស់។

លោក Paul Kelly ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​ឡាវ បានឱ្យដឹងថា វិភាគទាន​ថ្មី​ពី​ប្រទេស​អូស្ត្រាលី មានតម្លៃ​ជា​ថវិកា ៣,៨ លាន​ដុល្លារ​អាមេរិក។ លោកសង្ឃឹមថា ជំនួយ​មូលនិធិ​ទាំងនេះ នឹង​ជួយ​បង្កើន​លទ្ធភាព​ដល់ MRC និង​ប្រទេស​ជា​សមាជិក​ឲ្យ​ប្រើប្រាស់​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​នៃ​ទន្លេមេគង្គ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ដោយ​ចីរភាព ដើម្បី​ជា​ចំណែក​មួយ ជួយ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ការ​រាតត្បាត​ជា​សាកល ការកសាង​ភាព​ធន់​ផ្នែក​បរិស្ថាន និង​ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​តំបន់។ 

លោក Paul Kelly បន្ថែមទៀតថា ប្រទេស​អូស្ត្រាលី ក៏​កំពុង​នឹង​ផ្តល់នូវ​ការគាំទ្រ​បច្ចេកទេស​ដល់ MRC លើវិស័យ​សំខាន់ៗ​​ជាច្រើន​ផងដែរ រួមទាំង​ដល់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត និង​ការកែលម្អ​នូវ​ប្រព័ន្ធ​ទិន្នន័យ និង​ព័ត៌មាន​របស់​ស្ថាប័ន​នេះ។  

ទន្ទឹមនឹង​ពេលនេះ លោក Jens Lütkenherm ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ ប្រចាំ​ប្រទេស​ឡាវ បាន​សន្យា​ផ្តល់​វិភាគទាន​ ​នូវ​ទឹកប្រាក់ ៣ លាន​អឺ​រ៉ូ ស្មើនឹង​ប្រមាណ ៣,៥៥ លាន​ដុល្លារ​អាមេរិក ក្នុងការ​គាំទ្រ​ដល់​ផែនការ​ថ្មី​នេះ។

លោក Jens Lütkenherm ថ្លែងថា មូលនិធិ​នេះ នឹង​ត្រូវបាន​បែងចែក​ផ្តល់ជូន​ក្នុង​រយៈពេល ៣ ឆ្នាំ ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២២ នូវ​ទឹកប្រាក់ ១,២ លាន​ដុល្លារ​អាមេ​រិ​ក នឹងត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​យន្តការ​មូលនិធិ​ស្នូល​របស់ MRC ហើយ​ថវិកា​ដែល​នៅ​សេសសល់ នឹងត្រូវ​ផ្តល់​ឲ្យ​ទៅតាម​កម្មវិធី​កិច្ចសហប្រតិបត្តិការ MRC–GIZ សម្រាប់​ជា​ជំនួយ​ផ្នែក​បច្ចេកទេស។

លោក Jens Lütkenherm ថ្លែងថា៖ «យើង​ជឿជាក់ថា មូលនិធិ​នេះ នឹង​ជួយ MRC ឲ្យ​បង្កើត​នូវ​បណ្តាញ​ស្នូល​សម្រាប់​កិច្ចការ​តាមដាន​ទន្លេ​ក្នុង​តំបន់​ទន្លេមេគង្គ ហើយ​ជា​លទ្ធផល វា​រួមចំណែក​ដល់​ការសម្រេចចិត្ត​ដោយ​ផ្អែកលើ​ព័ត៌មាន សម្រាប់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានទឹក និង​ជួយ​បង្កើន​សមត្ថភាព MRC ក្នុងការ​គ្រប់គ្រង​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

លោក Jean-François Cuénod នាយក​ប្រចាំតំបន់​នៃ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ បាន​សន្យា​ផ្តល់​ថវិកា ៥,៣ លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៥ ឆ្នាំ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​នៃ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​នេះ។

លោក Jean-François Cuénod ថ្លែងថា៖ «យើង​អបអរសាទរ​ចំពោះ MRC ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​ចក្ខុវិស័យថ្មីៗ ដែល​ចាំបាច់​សម្រាប់​អាង​ទន្លេមេគង្គ។ យើង​នឹង​រួមសហការ​ជាមួយនឹង MRC ប្រទេស​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ក្នុងការ​ផ្លាស់ប្តូរ​តំបន់​នេះ​ ឆ្ពោះទៅកាន់​មាគ៌ា​មួយ​ដែល​កាន់​តែមាន​ចីរភាព និង​ភាព​ធន់ ដោយ​ធានាថា គ្មាន​នរណាម្នាក់​នឹងត្រូវ​បោះបង់ចោល​នោះទេ»។

លោក Jean-François Cuénod បាន​បន្ថែមទៀតថា ប្រទេស​ស្វី​ស បាន​គាំទ្រ MRC ចាប់តាំងពី​ឆ្នាំ ១៩៩៥ មក និង​ជឿជាក់ថា​ស្ថាប័ននេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការ​ទឹក​ប្រចាំ​តំបន់​ទន្លេមេគង្គ។

ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ របស់ MRC គឺជា​ឧបករណ៍​ដ៏​ចាំបាច់​មួយ​ សម្រាប់​ឲ្យ​គណៈកម្មការ​អនុវត្ត​យុទ្ធ សាស្ត្រ​អភិវឌ្ឍន៍​អាង​ថ្មី​មួយ ដែលមាន​រយៈពេល ១០ ឆ្នាំ ដែល​តំណាង​ឲ្យ​របត់​ដ៏​សំខាន់​មួយ​ សម្រាប់​អាង​ទន្លេមេគង្គ។ រួមគ្នា វា​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​តាម​អាង​ទន្លេមេគង្គ ដោះស្រាយ​បញ្ហា​ប្រឈម​ ដែល​កំពុង​ម​ជួបប្រទះ និង​កើតឡើងថ្មីៗ ទន្ទឹម​នឹងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​រួម​នៃ​អាង​ទន្លេ ក្នុង​ទសវត្ស​ន៍​ខាងមុខ។ 

គណៈកម្មការ​ទន្លេមេគង្គ គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ដែលមាន​តួនាទី​ជំរុញ​លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហ​ប្រតិបត្តិ​ការ​ថ្នាក់​តំបន់​នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម។

ស្ថាប័ន​នេះ បំពេញ​តួនាទី​ជា​វេទិកា​ថ្នាក់​តំបន់​ សម្រាប់​ការទូត​ទឹក ក៏ដូចជា​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ធនធានទឹក ដើម្បី​អភិវឌ្ឍន៍​តំបន់​នេះ​ប្រកបដោយ​ចីរភាព៕