បាត់​ដំបងៈ អាជ្ញាធរខេត្ត​បាត់ដំបង​ កំពុង​សាងសង់​ទីលានកប់​សំរាម (​ចាក់សំរាម​) ថ្មី​មួយ លើ​ផ្ទៃដី ២១ ហិកតា​ នៅ​ក្នុង​ភូមិ​ពយ​ស្វាយ ឃុំ​តា​គ្រៀង ស្រុក​បាណន់​ ដែលមាន​ចំងាយ ២៥ គីឡូម៉ែត្រ​ ពី​ក្រុង​បាត់ដំបង​ ដើម្បី​ការពារ​និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន ជាពិសេស​ការបំពុល​ខ្យល់អាកាស ដែលនាំឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស និង​សត្វ។

លោកស្រី​ កឹម សុគន្ធា​រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ថា គម្រោង​សាងសង់​ទីលាន​កប់​សំរាម ដែលផ្ដួចផ្ដើមឡើង​ដោយ​ក្រសួង​សាធារណការ​ និង​អាជ្ញាធរខេត្ត​បាត់ដំបង​ ក្រោម​ជំនួយ​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី មាន​ទំហំ​ទឹកប្រាក់៥លាន​ដុល្លារ​អាមេរិក និងប្រើ​រយៈពេល ១៧ ខែ ដោយ​គិត​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែមេសា ​ឆ្នាំ ២០២១។

លោកស្រី​បានបញ្ជាក់​ថា៖ «មកទល់ពេលនេះ ក្រុមការងា​យើង​កំពុង​ដំណើការ​ឈូសឆាយ​កិន​ពង្រាបដី​ ដើម្បី​សាងសង់​ទីលាន​ទៅតាម​ប្លង់​បច្ចេកទេស បានសម្រេច​ប្រមាណ​ជិត ១០ ភាគរយ​ហើយ»។

បើតាម​លោកស្រី សុគន្ធា​រី នៅពេល​ទីលាន​​ចាក់​​សម្រាម​នេះ​ត្រូវបាន​ស្ថាបនា​រួច វា​អាចមាន​សមត្ថភាព​ផ្ទុក​សំរាម​ប្រមាណ​ចន្លោះ​ពី ១ ៥០០ តោន​ទៅ ៣ ០០០ តោន ​ក្នុង​មួយថ្ងៃ។

សំរាម​ទាំងនោះ​អាច​នឹង​ត្រូវបាន​បែងចែក និង​កែច្នៃ​ទៅតាម​លក្ខណ​បច្ចេកទេស នៃ​ប្រភេទ​សំរាម​និង​កាកសំណល់​នីមួយៗ​ ដើម្បីកាត់បន្ថយ​ផល​ប៉ះ​ពាល់​​បរិស្ថាន​ក្នុង​តំបន់។

អ្នកស្រី​បាន​ពន្យល់ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ប្រើប្រាស់​ពាក្យ​ទីលាន​កប់​សំរាម​នេះ គឺ​មកពី​ទីលាន​នោះ មិន​តម្រូវ​ឲ្យ​មានការ​ចាក់សំរាម​គរ​ចោល ដោយ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​នោះទេ។

សំរាម​ និង​កាកសំណល់​ទាំងអស់​ នឹងត្រូវ​បាន​គេ​ញែក​ចេញ​ទៅតាម​ប្រភេទ​សំរាមនីមួយៗ ហើយ​មាន​ប្រព័ន្ធ​លូ​ជំវិញ ដើម្បី​រំដោះ​ទឹក​និង​ក្លិន​ចេញពី​សំរាម ​និង​កាកសំណល់ ដែល​ត្រូវបាន​កិន​ពង្រាប និង​ចាក់ដី​សង្កត់​រៀប​ជា​ស្រទាប់។

ទឹក​ដែល​ជ្រាប​ចេញពី​សំរាម​ និង​កាកសំណល់​ដែល​បាន​កប់​នៅក្នុង​រណ្ដៅ​នៃ​ទីលាន​កប់​សំរាម​នោះ ត្រូវបាន​បង្ហូរ​ចូលទៅក្នុង​អាង​ប្រតិកម្ម​ទឹកស្អាត ដែល​នឹងត្រូវ​ស្ថាបនា​ នៅក្នុង​បរិវេណ​នៃ​ទីលាន​នោះ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ប្រើប្រាស់​សម្រាប់​លាង​សំអាត​កាកសំណល់​អេតចាយ និង​ស្រោចស្រព​ដំណាំ ព្រម​ទាំង​សំរាម​ក្នុង​ទីលាន នៅពេល​មាន​គ្រោះ​អគ្គិភ័យ។

លោកស្រី​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​មានការ​បង្កើត​ទីលាន​ក​ប់​សំរាម​ថ្មី​នោះ​ថា ដោយសារតែ​ទីលាន​ចាក់សំរាម​ក្នុង​ទីក្រុង​បាត់ដំបង ដែលមាន​ផ្ទៃដី ៨ ហិកតា​ នាពេល​កន្លងមក​នោះ បាន​ក្លាយជា​តំបន់​ទីប្រជុំជន មានការ​អភិ​វត្ត​នូវ​សំណង់​អគារ​ និង​ផ្សារ​ទំនើប ដែល​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ឲ្យ​បាន​ឆាប់រហ័ស​នៃ​ការរៀបចំ​ទីតាំង​ចាក់ ឬ កប់​សំរាម​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ឆ្ងាយ​ពី​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​នូវ​ផលប៉ះពាល់​បរិស្ថាន និងសុខភាព និង​ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង​បាត់ដំបង។

យោងតាម​គម្រោង​អភិវឌ្ឍន៍​ទីលាន​កប់​សំរាម​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង នៅក្នុង​ឆ្នាំ ២០៤០ ក្រោយពី​ទីលាន​កប់​សំរាម​ថ្មី​នេះ ​អស់​អត្ថិភាព​ក្នុងការ​ផ្ទុក​និង​កែច្នៃ​សំរាម ទីលាន​នោះ ​នឹងត្រូវ​អភិវឌ្ឍន៍​ប្រែក្លាយជា​តំបន់​ទេសចរណ៍ ឬ​ជា​សួន​សាធារណៈ ដោយមាន​ដាំ​ផ្កា និង​រុក្ខជាតិ​តូចធំ​ជា​លម្អ។

ទោះជា​បែបណា​ក្ដី អ្នកស្រី ព្រឿ​ន ច​ន្ធូ អាយុ ៤៥ ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពយ​ស្វាយ ឃុំ​តា​គ្រៀង ស្រុក​បាណន់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ដោយ​សម្ដែង​នូវ​ក្ដី​ព្រួយ​កង្វល់​ថា ទីលាន​ចាក់សំរាម​ថ្មី​នោះ អាច​នឹង​បង្ក​ឲ្យ​មាន​ក្លិន​មិនល្អ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ។

លោកស្រី​បាន​ថ្លែងថា៖ «ខ្ញុំ​មាន​បងប្អូន​នៅក្បែរ​ទីលាន​ចាក់សំរាម​​ចាស់​ក្នុង​ក្រុង​បាត់ដំបង​ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ក្លិន​សំរាម​បាន​បង្ក​ឲ្យ​ពួកគេ​មាន​ជំងឺ​សួត និង​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ដែល​ត្រូវ​ចំណាយ​លុយកាក់​ទិញ​ថ្នាំ​ព្យាបាល​ស្ទើរតែ​រៀងរាល់ថ្ងៃ»៕