ភ្នំពេញៈ តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ប្រចាំ​កម្ពុជា លោកស្រី​ លី អៃឡែន ថ្លែងថា គ្មាន​ការចាំបាច់​ទេ​ក្នុង​ការធ្វើតេស្ដ​រក​អង់ទីគ័រ ក្រោយពេល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​រួច ដោយសារ​រហូត​មក​ដល់​ពេលនេះ អង្គការ WHO មិនបាន​ផ្ដល់​អនុសាសន៍​ឱ្យ​អនុវត្ដ​វិធីសាស្ដ្រ​ស្វែងរក​អង់ទីគ័រ បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​នេះ​រួច​ទេ​។

នេះ​ជា​ការថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ពី​លោកស្រី លី អៃឡែន កាលពី​ថ្ងៃទី​ ២៣ មិថុនា ហើយ​ត្រូវបាន​ក្រសួង សុខាភិបាល​កម្ពុជា​យក​មក​ផ្សព្វផ្សាយ​បន្ត​នា​ថ្ងៃ​ដដែល​នោះដែរ​។

លោកស្រី​ថ្លែងថា​៖ «​វា​មិនមែន​ជា​ការចាំបាច់​ទេ​នាពេល​បច្ចុប្បន្ន សម្រាប់​ការប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ដ​រក​អង់ទីគ័រ​ដែល​បញ្ជាក់​ពី​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ បន្ទាប់ពី​ទទួល​ការចាក់​វ៉ាក់សាំង​។ សរុបមក​អង្គការ​សុខភាព​ពិភពលោក​រហូត​មកដល់​បច្ចុប្បន្ន​នេះ គឺ​មិន​បានផ្ដល់​អនុសាសន៍​ឱ្យ​អនុវត្ដ​វិធីសាស្ដ្រ​ស្វែងរក​អង់ទីគ័រ បន្ទាប់ពី​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​រួច​នោះទេ​»​។

លោកស្រី​ថ្លែងថា គ្រប់​វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់​រហូត​មកដល់​ពេលនេះ គឺ​សុទ្ធតែ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ដែលជា​វ៉ាក់សាំង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅក្នុង​គ្រាអាសន្ន និង​បានធ្វើ​តេស្ដ​បញ្ជាក់​តាម​លក្ខណៈ​វិទ្យាសាស្ដ្រ និង​ឆ្លងកាត់​ការបញ្ជាក់​ជាច្រើន​ទាក់ទង​ទៅនឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​។

លោកស្រី​បញ្ជាក់ថា​៖ «​នាង​ខ្ញុំ​សូម​ផ្ដល់​អនុសាសន៍​គ្រប់​វ៉ាក់សាំង​ដែល​កំពុងតែ​ប្រើប្រាស់ គឺជា​វ៉ាក់សាំង​ដែល​មាន​គុណភាព និង​បានទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​»​។

ជាមួយ​គ្នា​នេះ​លោកស្រី​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​អនុវត្ដ​នូវ​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ខ្លួន ក្រុមគ្រួសារ និង​សហគមន៍ ជា​ជាង​ប្រជាពលរដ្ឋ​ខ្ជះខ្ជាយ​នូវ​ថវិកា​ទៅ​ធ្វើ​តេស្ត​រក​អង់ទីគ័រ​ដែល​គ្មាន​ប្រយោជន៍​។ លោកស្រី​ប្រាប់​ឱ្យ​ប្រើប្រាស់​ថវិកា​ទាំងនេះ​មក​ចូលរួម​អនុវត្ដ​នូវ​វិធានការ​សុខាភិបាល​ដែល​មាន​ប្រសិទ្ធភាព​។

ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ២១ ខែមិថុនា បានប្រកាស​ហាមឃាត់​ការចែកចាយ លក់ និង​ធ្វើតេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ដោយ​ប្រើ​តេស្ត​រហ័ស​ដែល​គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​។ ក្រសួង​ក៏​បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​សេវា​សុខាភិបាល​ឯកជន​ណា ដែល​នៅតែ​ឆ្លៀត​ប្រើប្រាស់​ឧបករណ៍​ជាប់​បម្រាម​ទាំងនេះ​។

ការប្រកាស និង​ព្រមាន​នេះ​ធ្វើឡើង​ បន្ទាប់ពី​មាន​គណនី​ហ្វេសប៊ុក​ចំនួន​ ៤ គឺ​ ១- ​បងប្រុស​ទី​ពីរ ២-LengKuchnika Pol ៣-Srey Nit និង​ទី​ ៤ TMS-Trust Medical Services បាននិង​កំពុង​ផ្សព្វផ្សាយ​លក់​ [​ឧបករណ៍​] ​តេស្ដ​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​ទាំងនេះ​ដោយ​គ្មាន​ចុះ​លេខ​បញ្ជិកា និង​ពុំមាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល​។ ទន្ទឹមនឹងនេះ​ក៏មាន​សេវា​សុខាភិបាល​ឯកជន​មួយចំនួន​ទៀត​ក៏​កំពុង​យក​ឧបករណ៍​ទាំងនេះ​ទៅ​ធ្វើ​តេស្ត​ជូន​ពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ​ផងដែរ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា​៖ «[​ឧបករណ៍​] ​តេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​កូវីដ​ ១៩ ដែល​កំពុង​ចរាចរ​ខាងលើនេះ គឺ​ពុំ​មាន​ការចុះ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​នៅឡើយ ហើយក៏​ពុំទាន់​មាន​ការទទួលស្គាល់​ពី​អង្គការ WHO នៅ​ឡើយ​ដែរ​។ លទ្ធផល​ដែល​បានមកពី​ការប្រើប្រាស់​តេស្ត​ទាំងនេះ គឺ​មិនអាច​ជឿជាក់​បានឡើយ​»​។

ក្រសួង​បញ្ជាក់ថា​៖ «​បុគ្គល​ទាំងអស់ និង​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ទាំងអស់​ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ ឬ​លក់ ឬ​ប្រើប្រាស់​ [​ឧបករណ៍​] ​តេស្ត​រហ័ស​ទាំងនេះ​ជាបន្ទាន់​»​។

ក្រសួង​សុខាភិបាល​ព្រមាន​ថា ក្រសួង​នឹង​មាន​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​សេវា​សុខាភិបាល​ឯកជន​ណា ដែល​នៅតែ​ឆ្លៀតឱកាស​ប្រើប្រាស់​ឧបករណ៍​តេស្តរហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ និង​ម្ចាស់​គណនី​ហ្វេសប៊ុក ដែល​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​អង់ទីគ័រ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នេះ ព្រមទាំង​ជនពាក់ព័ន្ធ​ដទៃទៀត ដែល​បាននិង​កំពុង​បន្ត​ផ្សព្វផ្សាយ ឬ​លក់​តេស្ត​រហ័ស​ទាំងនេះ​ទៅ​តាម​ច្បាប់​ដែលមាន​ជា​ធរមាន​។

អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូវ​ឱ្យ​រាល់​ការចរាចរ​ឧបករណ៍​បរិក្ខារពេទ្យ​ក៏ដូចជា​តេស្ត​រហ័ស​គ្រប់​ប្រភេទ​នៅ​កម្ពុជា ត្រូវ​មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​។

ចំពោះ​ការផ្សព្វផ្សាយ​ផលិតផល​ទាំងអស់​នោះ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ​តម្រូវឱ្យ​រាល់​ការវិភាគ​វេជ្ជសាស្ត្រ​ក៏ដូចជា​ការធ្វើតេស្ត​គ្រប់​ប្រភេទ​ត្រូវមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល និង​ត្រូវគោរព​ឱ្យបាន​ត្រឹមត្រូវ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ដែល​មិនត្រូវ​ចេញ​លទ្ធផល​វិភាគ​ណា​ដែល​ខុសពី​លក្ខណៈ​បច្ចេកទេស​ឡើយ​៕

វីដេអូ៖