ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៣-២៤ ខែ​មិថុនា​នេះ​បាន​សម្រេច​កំណត់​ភូមិសាស្ត្រ​ «​តំបន់​លឿងទុំ​» ​នៅ​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ពោធិ៍សែនជ័យ​មក​ជា «​តំបន់​លឿង​» ​រយៈពេល​ ១៤ ​ថ្ងៃ និង​បានសម្រេច​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​ផ្សារ​ឯកជន​ដែល​មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​អនាម័យ​បរិស្ថាន​ល្អ​។

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៤ ​ខែ​មិថុនា​នេះ​បានសម្រេច​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​ផ្សារ​ឯកជន​ដែលមាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​អនាម័យ​បរិស្ថាន​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។ ចាប់ពី​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២១ ​តទៅ លើកលែង​តែ​ផ្សារ​មិន​រៀបរយ​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើយ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សហគមន៍​។ ​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ដល់​ម្ចាស់​ផ្សារ​ ឬ​គណៈគ្រប់គ្រង​ផ្សារ​ឯកជន​ទាំងអស់​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​ជា​ទីបំផុត​ដូចជា​រក្សា​គម្លាត ពាក់​ម៉ាស់ កំណត់​ចំនួន​អតិថិជន​ចេញ-ចូល​ផ្សារ​ចៀសវាង​ការប្រជ្រៀត​គ្នា​ ឬ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន ចាត់​ឱ្យមាន​អ្នក​វាស់​កម្ដៅ និង​ស្គេន​ QR Code ជាដើម​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រគល់​ភារកិច្ច​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ​តាម​ផ្សារ​នីមួយៗ​ ដើម្បី​ធានា​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​។ ក្នុងករណី​រកឃើញថា​ម្ចាស់​ផ្សារ​ ឬ​គណៈ​គ្រប់គ្រង​ផ្សារ​ឯកជន​ ឬ​បុគ្គល​ណា​ម្នាក់​មិន​ព្រម​សហការ​ ឬ​មិន​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តី​សម្រេច​នេះ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា​នេះ ក៏បាន​សម្រេច​កំណត់​ភូមិសាស្ត្រ​ «​តំបន់​លឿងទុំ​» ​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចោមចៅ​ ៣ ​នៃ​សង្កាត់​ចោមចៅ​ទី​ ២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំងពោធិ៍​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃព្រីង​ខាងជើង​ ២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ជម្ពូវន្ត​ ២ ​នៃ​សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ​ជា​ «​តំបន់​លឿងទុំ​» ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​មកជា​ «​តំបន់​លឿង​»​។ ​

ការកំណត់​តំបន់​ទាំងនេះ​ជា​តំបន់​លឿង​រយៈពេល​ ១៤ ​ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​ ២៤ ​ខែ​មិថុនា ឆ្នាំ​ ២០២១ ​រហូត​ដល់​ថ្ងៃទី​ ៧ ខែកក្កដា ឆ្នាំ​ ២០២១​។ ​តំបន់​លឿង​ជា​ភូមិសាស្ត្រ​ដែល​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល​ដូចជា​ការធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​លឿង ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រព្រឹត្ត​ទៅ​ជាធម្មតា​៕