ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ អតីត​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា និង​ជា​អតីត​តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​សមាជិក​រដ្ឋសភា បោះឆ្នោត​គាំទ្រ ផ្តល់​សេចក្តី​ទុកចិត្ត​ទាំងស្រុង​ឱ្យ​ធ្វើជា​ប្រធាន​គណៈកម្មធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​ថ្មី ជំនួស​លោក​ ស៊ិក ប៊ុនហុក ដែល​បាន​លាលែង​ពី​តំណែង​ ដោយសារ​បញ្ហា​សុខភាព និង​វ័យ​ចាស់ជរា​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋសភា​ស្តីពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៦ ​នីតិកាល​ទី​៦ នា​ថ្ងៃទី​ ២៤ ខែ មិថុនា ដែល​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន បានឱ្យ​ដឹងថា សម័យប្រជុំ​សភា​លើក​នេះ​ដោយ​មាន​សមាជិក-សមាជិកា​រដ្ឋសភា​សរុប​ចំនួន ៨២ ​រូប​ក្នុង​ចំណោម ១២៥ ​រូប​។

សេចក្តី​ជូនដំណឹង​បន្តថា​៖ «​អង្គសភា​បាន​ធ្វើការ​បោះឆ្នោត​ទុកចិត្ត​ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​ទទួល​បាន​សំឡេង​យល់ព្រម​ចំនួន​ ៨២ ​សំឡេង​»​។ ចំណែក​លោក ម៉ែន កួន ​ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ត្រូវ​បាន​អង្គសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ធ្វើជា​តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​ជំនួស​លោក ប្រាជ្ញ ចន្ទ​។

សេចក្តី​ជូនដំណឹង​ដដែល​បន្តថា ដោយ​ប្រធាន​លោក​ ប្រាជ្ញ ចន្ទ និង​លេខាធិការ​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​រដ្ឋសភា ដែល​ជា​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​បាន​សុំលាលែង ដូច្នេះ​អង្គសភា​បាន​បោះឆ្នោត​គាំទ្រ​លោក សរ ចំរុង ធ្វើជា​ប្រធាន និង​លោក សួន រិនឌី ជាប់ឆ្នោត​ធ្វើជា​លេខាធិការ​នៃ​គណៈកម្មការ​នេះ​។

លោក ប្រាជ្ញ ចន្ទ ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា បើសិន​មិនមាន​អ្វី​ប្រែប្រួល​ទេ លោក​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​រសៀល​ថ្ងៃទី​ ២៥ ខែមិថុនា​នេះ​។ លោក​ប្តេជ្ញា​នឹង​ដឹកនាំ​ស្ថាប័ន គជប ឱ្យស្រប​តាមច្បាប់ និង​រដ្ឋធម្មនុញ្ញ​។ លោក​ថា​៖ «​យើង​នឹង​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​នៃ​ច្បាប់ គជប សម្រាប់​បោះឆ្នោត បទបញ្ជាផ្ទៃក្នុង នីតិវិធី និង​លិខិតបទដ្ឋាន​នានា​»​។

តំណាងរាស្ត្រ​បោះឆ្នោត​នៅ​រដ្ឋសភា​ពី​ម្សិលមិញ​។ រូបថត រដ្ឋសភា

អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ ខុមហ្វ្រែល លោក កន សាវ៉ាង្ស ថ្លែងថា លោក​សុំ​មិន​បញ្ចេញមតិ ចំពោះ​លក្ខណសម្បត្តិ​របស់​បេក្ខជន​ប្រធាន គជប ថ្មី នោះទេ ប៉ុន្តែ​លោក​ថា​នីតិវិធី​នៃ​ការជ្រើសរើស​បេក្ខជន​នៅ​មិនទាន់មាន​តម្លាភាព​នៅ​ឡើយ​។ យ៉ាងណា​ក៏ដោយ លោក​ជំរុញ​ដល់​ស្ថាប័ន គជប ត្រូវ​ធានា​ឯករាជភាព និង​អព្យាក្រឹត​របស់ខ្លួន​ជូន​ដល់​ម្ចាស់ឆ្នោត​។ «​ខ្ញុំ​សង្ឃឹមថា អ្នក​ដែល​ទទួល​ខុសត្រូវ​លើ​ស្ថាប័ន​នេះ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ស្ថាប័ន​មួយ​នេះ​ក្លាយជា​ស្ថាប័ន​មួយ ដែលមាន​ឯករាជភាព និង​អព្យាក្រឹត ដើម្បី​ទទួល​បាន​ការទុកចិត្ត ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ​»​។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា ​ថ្លែងថា ទោះបី​បុគ្គល​នោះ មកពី​ស្ថាប័ន​ណាក៏ដោយ ក៏​ដំណើរការ គជប គឺ​នៅតែ​រឹងមាំ និង​ធានា​ឱ្យបាន​នូវ​គោលការណ៍​អនុវត្ត​ដោយ​ច្បាប់ ជាពិសេស​ស្របតាម​រដ្ឋធម្មនុញ្ញ​។

លោក​ថា​៖ «​ការវាយតម្លៃ​ថា បុគ្គល​នោះ​ឯករាជ្យ ឬ​បុគ្គល​នោះ មិន​ឯករាជ្យ មិនមែន​ជា​ការវិនិច្ឆ័យ​មួយ​ដែល​ត្រឹមត្រូវ​ទេ ការវិនិច្ឆ័យ​ដែល​ត្រឹមត្រូវ គឺ​គេ​ភ្ជាប់​កិច្ចការ​ដែល គជប កំពុង​អនុវត្ត​ដែល​មាន​គោលការណ៍​កំណត់​ដោយ​ច្បាប់ ថា​តើ​វា​មាន​ការប្រាស​ចាក​ទៅ​លើ​បញ្ញត្តិ​ច្បាប់​ដែរឬ​ទេ​ បើសិន​ជា​ស្រប​ទៅ​នឹង​ច្បាប់​ហើយ​អ៊ីចឹង​បុគ្គល​មកពី​គណបក្ស​ណា មកពី​ស្ថាប័ន​ណា វា​មិន​សំខាន់​ទេ សំខាន់​ត្រង់​ថា តើ​កិច្ចការ​ដែល គជប ធ្វើ​នេះ​វា​អនុលោម​ទៅតាម​ច្បាប់​ទៅតាម​រដ្ឋធម្មនុញ្ញ​ដែរឬទេ​»​។

លោក ប្រាជ្ញ ចន្ទ គឺជា​បេក្ខជន ១ រូប​ក្នុង​ចំណោម ២ រូប ដែល​បានដាក់​ពាក្យស្នើសុំ​ធ្វើ​ប្រធាន គ.ជ.ប ទៅ​កាន់​រដ្ឋសភា​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ស្របតាម​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប។

លោក​ ប្រាជ្ញ ចន្ទ ធ្លាប់ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ​ចន្លោះ​ពី​ឆ្នាំ​ ១៩៩១-២០០១ អតីត​អភិបាលខេត្ត​បាត់ដំបង​ពី​ឆ្នាំ​ ២០០១-២០០៣ ​អតីត​អភិបាលខេត្ត​ត្បូងឃ្មុំ​ពី​ឆ្នាំ​ ២០១៤-២០១៧ ​បន្ទាប់មក​ធ្វើជា​តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១ ​នៃ​រដ្ឋសភា​ដែលជា​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា រហូត​ក្លាយ​ជា​ប្រធាន គជប នាពេលនេះ​៕