កោះកុងៈ នគរបាល​ក្រុង​ខេមរភូមិន្ទ​ឃាត់​បុរស​សង្ស័យ​បាន​ចំនួន​ ១០ ​នាក់ ​ក្នុងចំណោម​ ១១ ​នាក់ ពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការកាប់​យុវជន​ ២ ​នាក់ ដែល​បណ្តាល​ឱ្យ​ម្នាក់​ស្លាប់​ និង​ម្នាក់ទៀត រងរបួស​ធ្ងន់​កាលពី​យប់​ថ្ងៃទី​ ២២ មិថុនា នៅ​ភូមិ​ ១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

លោក​ យស ច័ន្ទវិចិត្រ អធិការ​នគរបាល​ក្រុង​ខេមរភូមិន្ទ ប្រាប់​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ជា​យុវជន​បាន​ចំនួន​ ១០ ​នាក់​ក្នុង​ចំណោម​ ១១ ​នាក់ នៅ​ថ្ងៃទី​ ២៤ ​មិថុនា ពាក់ព័ន្ធ​អំពើ​មនុស្សឃាត ដែល​បាន​កាប់​ស្លាប់​យុវជន​ម្នាក់ និង​កាប់​យុវជន​ម្នាក់ទៀត​របួសធ្ងន់​។

អំពើ​ឃាត​កម្មនេះ​ កើតឡើង​ដោយសារ​ទំនាស់​ពាក្យសម្តី​គ្នា​។ ក្រោយ​កើតមាន​អំពើ​ឃាតកម្ម កម្លាំង​ព្រហ្មទណ្ឌ​ក្រុង​បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បានជា​បន្តបន្ទាប់ នៅ​ទីតាំង​ផ្សេងគ្នា​ ប៉ុន្តែ​ក្នុង​ក្រុង​ខេមរភូមិន្ទ​តែមួយ​។

លោក​ថ្លែងថា​៖ «​ក្នុង​មនុស្ស​ ១០ ​នាក់​នេះ​ មាន​ជន​សមគំនិត និង​អ្នកដៃដល់​។ ប៉ុន្តែ​ខ្ញុំ​កំពុង​ធ្វើការ​សួរចម្លើយ និង​ញែក​ចេញ​រក​អ្នកដៃដល់​សម្លាប់​ជនរងគ្រោះ​។ ករណីនេះ​យើង​ក៏​ធ្វើ​សំណាក​រក​មេរោគ​កូវីដ​ និង​រក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ពួកគេ​ម្នាក់ៗ​ដែរ​»​។

ដោយឡែក លោក ឡន សាំងហ៊ី នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ឱ្យ​ដឹង ពី​ម្សិលមិញ​ដែរ​ថា ចំពោះ​យុវជន​រងគ្រោះ​ឈ្មោះ​ លី ម៉ា អាយុ​ ១៨ ​ឆ្នាំ​មាន​របរ​ជា​កម្មករ​សំណង់​ត្រូវ​ជនដៃដល់​ប្រើ​កាំបិត​ប៉័ងតោ​ ១ ​ដើម​កាប់​ត្រូវចំ​កណ្តាល​ក្បាល​ ១ ​កាំបិត ផ្នែក​ខាងក្រោយ​ក្បាល​ ១ ​កាំបិត និង​លើ​ដងខ្លួន​ចំនួន​ ៤ ​កន្លែង​ទៀត​។

រីឯ​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ​ ប៉ាក់ រ៉ាវុធ អាយុ​ ១៩ ​ឆ្នាំ​ជា​កម្មករ​ដូចគ្នា របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។ ពួកគេ​រស់នៅ​ភូមិ-ឃុំ​ពាមក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​ជាមួយគ្នា​។

លោក​ សាំងហ៊ី បញ្ជាក់ថា​៖ «​រឿងនេះ យើង​កំពុង​ស្រាវជ្រាវ​ប្រមូល​វត្ថុតាង​បន្ថែមទៀត​ពាក់ព័ន្ធ​អំពើ​មនុស្សឃាត​នេះ​ ដើម្បី​ធ្វើ​កំណត់ហេតុ និង​ស្រង់​សាវតារ​ជាតិ​របស់​ជនសង្ស័យ​ម្នាក់ៗ​។ យើង​ក៏​កំពុងតែ​ដំណើរការ​នីតិវិធី​បន្ត​មុន​សម្រេច​បញ្ជូន​ពួកគេ​ឡើង​តុលាការ​»​។

បើតាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ដងទង់​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ ១ ​រូប ដែល​និយាយ​យោង​សម្តី​សាក្សី​គឺ​នៅវេលា​ម៉ោងជាង​ ៩ ​យប់​ថ្ងៃទី​ ២២ មិថុនា គេ​បានឃើញ​យុវជន​ ២ ​នាក់​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​ស្ថិត​ក្នុង​ភូមិ​ ១ សង្កាត់​ដងទង់​។ លុះ​ពួកគេ​ជិះ​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែមាន​មនុស្ស​ ១ ​ក្រុម​ជិះ​ម៉ូតូ​ពី​ ៥ ​ទៅ​ ៦ ​គ្រឿង​បាន​បើក​កៀរ​ម៉ូតូ​របស់​ជនរងគ្រោះ​ ដែល​កំពុង​ជិះ​ស្រប​ទិស​គ្នា​។

មន្ត្រី​រូបនោះ​បន្តថា នៅពេល​នោះគេ​បានឮ​សំឡេង​ឈ្លោះ​ប្រកែក​គ្នា​ប្រមាណ​ជា​ ១០ ​នាទី ហើយក៏​មាន​ការវាយតប់​គ្នា​តែម្តង​។ បន្ទាប់មក​គេ​បានឃើញ​ក្រុម​ជនសង្ស័យ​ប្រញាប់ប្រញាល់​នាំ​គ្នា​ស្ទុះ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​ដោយ​បន្សល់ទុក​តែម​នុស្ស​ ២ ​នាក់​ដេក​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ​។

មន្ត្រី​នោះ​បន្ថែមថា​៖ «​ប្រជាពលរដ្ឋ​នៅ​ទីនោះ​គាត់​រាយការណ៍​មក​សមត្ថកិច្ច​យើង​។ ពេលនោះ​យើង​ចុះ​ដល់​កន្លែង​កើតហេតុ​ឃើញ​យុវជន​ម្នាក់​ត្រូវគេ​កាប់​ស្លាប់ ហើយ​ម្នាក់ទៀត​ត្រូវគេ​កាប់​ចំ​ខ្លួន​ពី​ ៣ ​ទៅ​ ៤ ​កាំបិត​មុត​ជ្រៅ យើង​ដឹក​គាត់​ទៅ​មន្ទីរពេទ្យ បង្អែក ខេត្ត​ភ្លាមៗ​នោះដែរ​»​។

ពាក់ព័ន្ធ​នឹង​ការដាក់​ពាក្យបណ្តឹង​ពី​ក្រុម​សាច់ញាតិ​របស់​ជនរងគ្រោះ​វិញ មន្ត្រីនគរបាល​ដដែល​បញ្ជាក់ថា​៖ «​រឿងនេះ​បទល្មើស​កើតមាន​ជាក់ស្តែង​ហើយ​។ បើ​ក្រុមគ្រួសារ​ជនរងគ្រោះ​ប្តឹង ឬ​មិន​ប្តឹង គឺ​ខាង​នគរបាល​ខ្ញុំ​កសាង​កំណត់ហេតុ​ទៅ​តុលាការ​ជា​ស្វ័យប្រវត្តិ​ហើយ​»៕