ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ «​ការអនុវត្ត​ច្បាប់​ទៅលើ​បណ្ដាញ​សកម្មជន​ខុសច្បាប់ ជ្រក​ក្រោម​ផ្លាក​នៃ​អង្គការ​មាតា​ធម្មជាតិ​» ឆ្លើយតប​ទៅនឹង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សមាគម​ប្រមាណ​ ៧០ ដែល​បានទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​ ៣ ​នាក់​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់​ប្រឆាំង​នឹង​រដ្ឋ និង​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។

ក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី​ ២៣ ខែ មិថុនា ឆ្នាំ​ ២០២១ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​លើកយក​ពី​ប្រវត្តិ​របស់​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវបាន​ក្រសួង​មហាផ្ទៃ​រំលាយ​ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១៥ ខែ កញ្ញា ឆ្នាំ​ ២០១៧ តាម​សំណើ​របស់​ព្រះតេជគុណ​ព្រះនាម ព្រហ្ម ធម្មជាតិ ដែលជា​ប្រធាន​អង្គការ​នេះ​ចុះ​ថ្ងៃទី​ ២៣ ខែ សីហា ឆ្នាំ​ ២០១៧​។

ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ឱ្យ​មហាជន ស្វែងយល់​ពី​សកម្មភាព​មិន​ស្របច្បាប់​របស់​កញ្ញា ស៊ុន រដ្ឋា លោក​ យឹម លាងហ៊ី និង លោក​ លី ចាន់ដារ៉ាវុត ក្រោម​ផ្លាក​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៩ ខែ​ មិថុនា ឆ្នាំ ​២០២១ ​ហើយ​ ១ ​ថៃ្ង​ក្រោយមក តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពីបទ​ «​រួមគំនិត​ក្បត់ និង​បទប្រមាថ​ចំពោះ​អង្គព្រះមហាក្សត្រ​»​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា​៖

«​អង្គការ​មាតា​ធម្មជាតិ ពុំ​មាន​អត្ថិភាព និង​លែង​មាន​នីតិសម្បទា​ផ្លូវច្បាប់ ក្នុង​ការបំពេញ​ការងារ​របស់ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ទេ​។ ប៉ុន្តែ​ដោយ​មាន​ការជ្រោមជ្រែង​ពី​ឈ្មោះ Alexandro Gonzalez Davidson សញ្ជាតិ​អេស្ប៉ាញ​ដែល​ត្រូវ​ក្រសួង​មហាផ្ទៃ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ២៣ ខែកុម្ភៈ ឆ្នាំ​ ២០១៥ ​នោះ ពួកគេ​ទាំង​ ៣ ​នាក់​បាន​ធ្វើ​សកម្មភាព​ញុះញង់ បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​ជាតិ និង​រំលោភបំពាន​ទៅលើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ចេតនា​បង្ក​អសន្តិសុខ​សង្គម និង​ប៉ះពាល់​ដល់​ស្ថិរភាព​ជាតិ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាំបាច់​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​»​។

ទោះជា​បែបណា​ក៏ដោយ​កាលពី​ថ្ងៃ​ទី​ ២២ ខែ មិថុនា ឆ្នាំ​ ២០២១ ក្រុម​អង្គការ​សមាគម​ប្រមាណ​ ៧០ ​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួមមួយ​ ដោយ​បាន​ចាត់ទុក​សកម្មភាព​នៃ​ការឃាត់ខ្លួន​របស់​សមត្ថកិច្ច និង​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅលើ​សកម្មជន​ទាំង​ ៣ ​ខាងលើនេះ ថា​ជា​ផ្នែក​មួយ​នៃ​ «​ការដាក់​គោលដៅ​» ទៅលើ​អ្នកការពារ​បរិស្ថាន និង​សកម្មជន​មូលដ្ឋាន​ជួរមុខ​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការចាប់​យុវជន​ជា​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ដាក់​ពន្ធនាគារ និង​គួរ​ចាប់ផ្ដើម​ស្ដាប់​មតិយោបល់​របស់​ពួកគេ ដែល​ស្ថិត​នៅ​ជួរមុខ​ក្នុង​ការចងក្រង​ឯកសារ​ពី​ហានិភ័យ​ដែល​ប្រទេស​កម្ពុជា​ កំពុង​ប្រឈម ចំពោះ​ការជញ្ជក់​ផលប្រយោជន៍​ពី​ធនធាន​ធម្មជាតិ និង​ការបំផ្លិចបំផ្លាញ​បរិស្ថាន​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​លើកឡើង​ថា​៖ «​ការតស៊ូ​មតិ​សម្រាប់​សិទ្ធិមនុស្ស និង​ការទាមទារ​ឱ្យ​អាជ្ញាធរ​ការពារ​បរិស្ថាន​មិនមែន​ជា​បទល្មើស​នោះទេ ហើយ​ការចាប់ខ្លួន​អ្នកការពារ​បរិស្ថាន ដែល​ជា​យុវជន​ជំនាន់​ក្រោយ​របស់​ប្រទេស​ជាតិ ដាក់​ពន្ធនាគារ គឺ​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​យើង​ទាំងអស់​គ្នា​»​។

បើតាម​របាយការណ៍​ព័ត៌មាន​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល កញ្ញា ស៊ុន រដ្ឋា និង​លោក ចាន់ ដារ៉ាវុត ត្រូវបាន​ចាប់ខ្លួន​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​កំពុង​ចងក្រង​ឯកសារ​ពី​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទៅក្នុង​ទន្លេ​។ ក្នុងពេល​នោះដែរ​អាជ្ញាធរ​ស្រុក​កោះធំ​ខេត្ត​កណ្ដាល​បាន​កោះហៅ លោក យីម លាងហ៊ី សកម្មជន​បរិស្ថាន ដើម្បី​ធ្វើការ​សាកសួរ​ហើយ​ចាប់ខ្លួន​លោក​បញ្ជូន​មក​ភ្នំពេញ​។

អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​លើកឡើង​ថា​សមត្ថកិច្ច​បាន​លាក់បាំង​ជា​សម្ងាត់​ពី​ទីតាំង​ឃុំខ្លួន​របស់​ពួកគេ​អស់​រយៈពេល​យ៉ាងតិច​ ២៤ ​ម៉ោង បន្ទាប់ពី​ការចាប់ខ្លួន​ពួកគេ​ ដែល​បានធ្វើឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​ក្រុម​គ្រួសារ​របស់​ពួកគេ​យ៉ាងខ្លាំង ក៏ដូចជា​ដកហូត​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការទទួល​បាន​ការប្រឹក្សា​ផ្លូវច្បាប់​ក្នុង​ពេល​ចាប់ខ្លួន​។

ក្រោយមក សកម្មជន​បរិស្ថាន​ទាំង​ ៣ ​នាក់​ត្រូវ​បាន​បញ្ជូនខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវបាន​ចោទប្រកាន់​នៅ​ថ្ងៃទី​ ២០ ខែមិថុនា ឆ្នាំ​ ២០២១ ពីបទ​ «​រួមគំនិត​ក្បត់​ និង​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» ​ដែល​ត្រូវបាន​ទម្លាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល មុនពេល​មេធាវី​អ្នក​ទាំងនោះ​ទទួល​បាន​ព័ត៌មាន​ពីបទ​ចោទ​ទាំងនេះ​។

អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​លើកឡើង​ថា សកម្មភាព​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​សកម្មជន​បរិស្ថាន​ទាំងនេះ ក្នុង​ការទទួល​បាន​ការជំនុំ​ជម្រះក្ដី​ដោយ​យុត្តិធម៌​។ ជាមួយ​គ្នា​នេះ​ពួកគេ​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះលែង​ និង​ទម្លាក់​បទចោទប្រកាន់​ទាំងអស់​ប្រឆាំង​សកម្មជន​បរិស្ថាន​ដោយបាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ​ថា​៖ «​យើងខ្ញុំ ជា​សហគមន៍ និង​សង្គម​ស៊ីវិល សូម​ស្នើសុំ​ឱ្យ​ដោះលែង សកម្មជន​បរិស្ថាន​ដែល​ត្រូវបាន​ចាប់ខ្លួន​ឱ្យបាន​ឆាប់រហ័ស​ទម្លាក់ចោល​បទ​ចោទ​ទាំងអស់​ប្រឆាំង​ពួកគេ និង​បញ្ឈប់​ការរឹតត្បិត និង​ការផ្ដន្ទាទោស​ឥតឈប់ឈរ​ទៅលើ​ចលនា​ការពារ​បរិស្ថាន​»​។

ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បាន​លើកឡើងថា ផ្អែក​តាម​ភ័ស្តុតាង​ឃ្លីប​វីដេអូ​ដែល​សមត្ថកិច្ច​ចាប់បាន​កាលពី​ថ្ងៃទី​ ១៤ ខែឧសភា ឆ្នាំ​ ២០២១ ឈ្មោះ Alexandro Gonzalez Davidson បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ Online ជាមួយ​សកម្មជន​របស់​ខ្លួន​ចំនួន​ ៣ ​រូប​ដោយ​ក្នុង​កិច្ចប្រជុំ​នោះ​ពួកគេ​បាន​ប្រើ​ពាក្យពេចន៍​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ មកលើ​អង្គ​ព្រះមហាក្សត្រ​ និង​ប្រមុខ​រាជរដ្ឋាភិបាល​។

ពោល​គឺ​សកម្មភាព​របស់​ពួកគេ​នាពេល​កន្លងមកនេះ គឺ​មិនមែន​ធ្វើ​ដើម្បី​បុព្វហេតុ​ស្មោះត្រង់ ចំពោះ​កិច្ចការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​នោះទេ តែ​បាន​បង្កប់​នូវ​ឧបាយកល​ទុច្ចរិត​ក្នុង​បំណង​ញុះញង់ អុជអាល កៀរគរ​កម្លាំង ឱ្យ​ងើប​បះបោរ​បង្កើត​ឱ្យ​មាន​ចលាចល​វឹកវរ​ក្នុងប្រទេស​។

ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​បាន​លើកយក​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​ ៣ ​រូប​ក្នុង​ដំណាក់កាល​នគរបាល​យុត្តិធម៌ និង​ដំណាក់កាល​អយ្យការ​មក​បញ្ជាក់​ផងដែរ​ថា​៖ «​ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព ក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ ប៉ុន្តែ​ការពិត គឺ​ចង់ឱ្យ​មាន​ការងើប​បះបោរ ប្រឆាំង​ដើម្បី​ឈាន​ទៅ​ដល់​ការផ្ដួលរំលំ​រាជរដ្ឋាភិបាល​តាម​វិធានការ​ដែល​ផ្ទុយទៅ​នឹង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»៕

វីដេអូ៖