ពោធិ៍សាត់ៈ ក្រសួង​បរិស្ថាន​កំពុង​ផលិត​វីដេអូ​បទ​យកការណ៍​មួយ​បង្ហាញ​ពី​ «​ល្អាង​គំនូរ​បុរាណ​» នៅ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​កណ្តាល ខេត្ត​ពោធិ៍សាត់ ដែល​គ្រោង​បញ្ចប់​ និង​អាចដាក់​ផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ​។ អ្នកជំនាញ​បុរាណវិទ្យា​ថា ល្អាង​គំនូរ​បុរាណ​នោះ​អាច​មាន​អាយុ​រាប់ពាន់​ឆ្នាំ​មកហើយ ខណៈ​រូបគំនូរ​ក្នុង​ល្អាង​ប្រហាក់ប្រហែល​គំនូរ​នៅ​អេហ្ស៊ីប​អាច​ចន្លោះ​ប្រមាណ​ជាង​ ៣ ​ពាន់​ឆ្នាំមុន​។

លោក​ សុខ សុភាព អ្នក​ផលិត​បទ​យកការណ៍​នៅ​ក្រសួង​បរិស្ថាន​ថ្លែង​ថា វីដេអូ​ផ្សព្វផ្សាយ​នោះ​មាន​រយៈពេល​ក្រោម​ ១០ ​នាទី​ ដែល​ដាក់បញ្ចូល​ទិដ្ឋភាព​ ដែល​ថត​បាន​ដោយ​ដ្រូន​នៅ​ជុំវិញ​តំបន់​ល្អាង​គំនូរ​បុរាណ​ដោយ​បង្ហាញ​ពី​រុក្ខជាតិ​ស្រស់ស្អាត និង​មាន​សត្វព្រៃ​មួយ​ចំនួន​ផងដែរ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​នោះ​។

«​យើង​ផ្សព្វផ្សាយ​ ដើម្បី​ឱ្យ​មាន​ភ្ញៀវទេសចរ​ទៅលេង​នៅ​ទីនោះ​ ជាពិសេស​ពេល​ស្បើយ​ពី​បញ្ហា​​កូវីដ​ ១៩​។ ការផ្សាយ​នោះ​ទៀតសោត​ ដើម្បី​រក្សា​តំបន់​ល្អាង​នោះ និង​លើកស្ទួយ​ជីវភាព​ប្រជាជន​នៅ​ទីនោះ​ឱ្យ​មាន​ការរីកចម្រើន កាត់បន្ថយ​ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​ជា​បទល្មើស​អាច​ត្រូវបាន​កម្លាំង​មន្ត្រី​បរិស្ថាន​ចាប់​បើ​ពលរដ្ឋ​គាត់​ចូល​កាប់​ព្រៃ​ខុសច្បាប់​ផងដែរ​»​។

លោក​ លឹម វណ្ណច័ន្ទ ប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ និង​ជា​អ្នកជំនាញ​បុរាណវិទ្យា​ថ្លែង​ថា គំនូរ​ក្នុង​ល្អាង​នេះ​ជា​គំនូរ​ដែល​មាន​វ័យ​ចំណាស់ ប៉ុន្តែ​មិន​ហ៊ាន​សន្និដ្ឋានថា​អាយុ​ប៉ុន្មាន​នោះទេ ព្រោះ​ការឱ្យ​អាយុ​ទៅលើ​ស្នាដៃ​សិល្បៈ​មួយ​គេ​ត្រូវតែ​មាន​ការសិក្សា​ដែលមាន​ការចូលរួម​ពី​អ្នកបច្ចេកទេស និង​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​។ លោក​ថា ការផ្សព្វផ្សាយ​ពី​ទីនោះ​ថ្ងៃ​ណាមួយ​អាច​មាន​អ្នក​ចាប់អារម្មណ៍​ផ្នែក​គំនូរ​នៅ​រូងភ្នំ ហើយ​ពួកគេ​អាច​នឹង​មក​សិក្សា​ស្រាវជ្រាវ​នៅទីនេះ ដើម្បី​ឱ្យ​វា​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​វា​គឺជា​គំនូរ​បុរាណ​ ប៉ុន្តែ​យើង​មិន​ហ៊ាន​កំណត់ថា​វា​មាន​អាយុ​ប៉ុនណា​ហើយ​បច្ចេកទេស​ហ្នឹង​វា​ធ្លាប់មាន​បុរេប្រវត្តិសាស្ត្រ​អាច​ជាង​ ៣ ​ពាន់​ឆ្នាំមុន​។ យើង​អត់​ដឹង​ច្បាស់​ទេ​លុះត្រាតែ​មាន​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់ ព្រោះ​អី​យើង​ត្រូវធ្វើ​ទិន្នន័យ មិនមែន​គ្រាន់តែ​មើលរូប​គំនូរ​ទេ យើង​ត្រូវ​សិក្សា​ពី​ជីវភាព​ប្រជាជន​នៅ​តំបន់​ហ្នឹង ពីមុន​យ៉ាងម៉េច​ហើយ​អាចធ្វើ​កំណាយ​មើល​ខាងក្រោម​ហ្នឹង​ថា​តើ​មាន​អី​ខ្លះ ​អ៊ីចឹង​វា​ត្រូវការ​ភ័ស្តុតាង​ច្រើន​»​។

លោក​ លឹម វណ្ណច័ន្ទ បន្តទៀតថា គំនូរ​នៅក្នុង​ល្អាង​នេះ គឺ​គេ​គូរ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ពណ៌​ក្រហម និង​មាន​ស្នាម​ឆ្កូត​ខ្លះ​ ដើម្បី​ឱ្យចេញ​ជា​រូបរាង​។ អ្វីដែល​សំខាន់ គឺ​មាន​រូប​ពាក់ព័ន្ធ​នឹង​សត្វព្រៃ ដូចជា ដំរី ក្តាន់ ប្រើស ជ្រូកព្រៃ ជាដើម​។ យ៉ាងណា​ការគូរ គំនូរ​មិនមាន​លក្ខណៈ​ល្អ ឬ​ច្បាស់​អ្វី​ទេ ប៉ុន្តែ​វា​គឺជា​ចំណុច​ពិសេស​មួយ​នៃ​តំបន់​ភ្នំ​ក្រវាញ​កណ្តាល​នេះ​ដែល​បង្ហាញ​ពី​ជីវិត​ប្រជាជន​ដែល​គាត់​ចេះ​ប្រើប្រាស់​ដំរី ជាមួយ​នឹង​ការរស់នៅ​ជាមួយ​សត្វព្រៃ​ ដែល​មាន​នៅក្នុង​តំបន់​ដែល​ពួកគាត់​រស់នៅ​។

លោក វណ្ណច័ន្ទ សង្ឃឹមថា ល្អាង​គំនូរ​នេះ​នឹង​អាច​ជួយ​ជំរុញ​ឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ និង​ការធ្វើ​កំណាយ​ឱ្យ​បាន​ច្បាស់​ពី​អាយុកាល​ហើយ​ល្អាង​គំនូរ​នេះ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ ដែល​ចូលចិត្ត​លម្ហែ​តាម​តំបន់​ការពារ​ធម្មជាតិ​៕

វីដេអូ៖