កំពង់ធំៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​បាន​កោះហៅ​ប្រជាសហគមន៍​ព្រៃឈើ និង​មេភូមិ​ ៤ ​រូប​ ឱ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ពាក្យបណ្តឹង​​របស់​ដើមចោទ​ ៣ ​រូប ដោយ​បាន​ចោទ​ពួកគេ​ថា ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​​លួច​យក​ដី​កម្មសិទ្ធិ​អ្នកដទៃ​ដាក់ចូល​ក្នុង​សហគមន៍ ប៉ុន្តែ​សហគមន៍​ទាំងនោះ​បាន​បដិសេធ និង​បាន​ប្តឹង​បក​វិញ​។

តាម​ដីកាកោះ​ចេញ​ដោយ​លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ចុះ​ថ្ងៃទី​ ៩ មិថុនា ចំនួន​ ៤ ​ច្បាប់​ផ្សេងគ្នា​បាន​កោះហៅ​ឈ្មោះ ឃួន ប៉ែត ឈ្មោះ អឿ សួ ឈ្មោះ ម៉ៃ ម៉ម និង​ឈ្មោះ ខៀវ ខូយ ដែល​ពួកគេ​ម្នាក់ៗ​គឺជា​ប្រធាន​សហគមន៍​ព្រៃឈើ ជា​សមាជិក​សហគមន៍ និង​ជា​មេភូមិ​ផងដែរ​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ២៥ និង​ថ្ងៃទី​ ២៨ ខែមិថុនា​។

តាម​ដីកាកោះ​ដដែល​បញ្ជាក់ថា​៖ «​ចូល​​ខ្លួន​ដើម្បី​សាកសួរ និង​ស្តាប់​ចម្លើយ​ពី​ដំណើររឿង ឈ្មោះ សួន ជា ឈ្មោះ ធ្លកប៊ុនថាន់ និង​ឈ្មោះ ម៉េង ហួយ ដែល​បាន​ប្តឹង​ពី​បទ​លួច​យក​ដី​កម្មសិទ្ធិ​អ្នកដទៃ​ដាក់​ចូលក្នុង​សហគមន៍ ប្រព្រឹត្ត​នៅ​ភូមិ​ដូនឈូក ឃុំ​នីពេជ្រ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ កាលពី​អំឡុង​ខែ​​មិថុនា ឆ្នាំ​ ២០១៤»​។

កាលពី​ដើម​ខែមិថុនា​នេះ ប្រជាសហគមន៍​ព្រៃឈើ​អូរផ្លូវលោក​ចំនួន​ ១១ ​នាក់ ស្ថិតក្នុង​ឃុំ​នីពេជ្រ ស្រុក​កំពង់ស្វាយ​​បាន​រង​ការចោទប្រកាន់​ពី​សាលាដំបូង​ខេត្តកំពង់ធំ​រហូត​មាន​ការឃាត់ខ្លួន​ប្រជាសហគមន៍​មួយចំនួន​ដាក់ពន្ធនាគារ រយៈពេល​ ៩ ​ថ្ងៃ ហើយ​ត្រូវបាន​ដោះលែង​វិញ​នៅ​ថ្ងៃទី​ ១៨ ខែមិថុនា​។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ខៀវ ខូយ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំង​ល្ពាក់ និង​ជា​បណ្ដាញ​សហគមន៍​ព្រៃឈើ​អូរផ្លូវ​លោក​ដែល​ត្រូវបាន​កោះហៅ​ជាថ្មី និង​ធ្លាប់​ត្រូវ​បាន​ឃាត់ខ្លួន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៣ មិថុនា​ថា វិវាទ​នេះ​បាន​កើតឡើង​កាលពី​ចុងខែ​មករា ឆ្នាំ​ ២០២១ ​ដោយ​ប្រជាសហគមន៍​​បាន​នាំគ្នា​ទៅ​ឃាត់​គ្រឿងចក្រ​ដែល​បាន​​ឈូសឆាយ​កាយ​ក្រវាត់​ព្រំ​ចូល​ដី​សហគមន៍​អូរផ្លូវលោក​អស់​ជាង​ ៧២ ​ហិកតា​។

លោក​បន្តថា សហគមន៍​ព្រៃឈើ​អូរផ្លូវលោក​មាន​ការទទួលស្គាល់​ស្រប​ច្បាប់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​មាន​កិច្ចព្រមព្រៀង​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កាលពី​ឆ្នាំ​ ២០០៤ ​រួមទាំង​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ដែនដី ដើម្បី​ការពារ​ដីព្រៃ​សហគមន៍​នេះ​​ផងដែរ​។ ​ដូច្នេះ​លោក​សង្ឃឹមថា តុលាការ​​នឹង​ដោះស្រាយ​វិវាទ​នេះ​ដោយ​យុត្តិធម៌​ដល់​ប្រជាសហគមន៍ និង​ផ្តល់​សិទ្ធិ​កាន់កាប់​ដីព្រៃ​របស់​សហគមន៍​ត្រឡប់​មកវិញ​កុំ​ឱ្យ​មាន​ការបំផ្លិចបំផ្លាញ​។

លោក​បញ្ជាក់ថា​៖ «​អយុត្តិធម៌​ណាស់​សម្រាប់​រូបខ្ញុំ​ និង​សហគមន៍ ព្រោះ​ជា​​ការងារ​ស្ម័គ្រចិត្ត​បម្រើ​ផលប្រយោជន៍​​រួម និង​រក្សា​ការពារ​ដីព្រៃ​ជូន​រដ្ឋ​ស្របតាម​កិច្ចព្រមព្រៀង និង​ប្រកាស​របស់​ក្រសួង និង​ច្បាប់​ស្តីពី​ព្រៃឈើ​។ យើងខ្ញុំ​បាន​មក​បំភ្លឺ និង​បដិសេធ​ការចោទ​ចំនួន​ ២ ​លើក​រួចមកហើយ ដល់​លើក​ទី​ ៣ សាលាដំបូង​ខេត្តកំពង់ធំ​បាន​ឃាត់ខ្លួន​ដាក់ពន្ធនាគារ​តែម្តង​»​។

លោក​បន្តថា​៖ «​គ្រាន់តែ​រូបខ្ញុំ​បាន​ចេញពី​ពន្ធនាគារ​ភ្លាម ស្រាប់​តែមាន​ដីកាកោះ​ថ្មី​លើ​សំណុំរឿង​ដដែល ដែល​ប្តឹង​ពីបទ​ចោទ​ថ្មី​មួយទៀត​មកលើ​រូបខ្ញុំ​រួមទាំង​គណៈកម្មការ និង​មេភូមិ​ ៣ ​នាក់​ទៀត​។ ករណី​ប្តឹង​នេះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា ក្នុង​គោលបំណង​ចាប់​សហគមន៍​ទាំងអស់​ដាក់​ពន្ធនាគារ​ដែល​បាន​រារាំង​មិន​ឱ្យ​បក្ខពួក​ខ្លួន​យក​ដីព្រៃ​សហគមន៍​មក​ធ្វើ​កម្មសិទ្ធិ​»​។

លោក ប៉ែន វណ្ណរិទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​​កំពង់ធំ​និង​លោក កែវ អូម៉ាលីស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ មិន​អាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​វិវាទ​ដីធ្លី​នេះ​បានទេ​កាលពី​ថ្ងៃទី​ ២៤ ​មិថុនា​។ ចំណែក​ភាគី​ឈ្មោះ សួន ជា ឈ្មោះ​ ធ្លក ប៊ុនថាន់ និង​ឈ្មោះ ម៉េង ហួយ ក៏​មិនអាច​រក​ប្រភព​ ដើម្បី​បកស្រាយ​ពី​ករណីនេះ​បានដែរ​។

លោក សាយ វាសនា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៣ មិថុនា​ថា ករណី​នេះ​គឺជា​វិវាទ​ប្តឹង​គ្នា​ទៅវិញ​ទៅមក​របស់​ភាគី​ទាំងសងខាង ខណៈ​សំណុំរឿង​របស់​ភាគី​វិវាទ​ទាំង ២ កំពុងស្ថិត​ក្នុង​ដៃ​របស់​តុលាការ​។

លោក​បាន​អះអាង​ថា ក្នុងនាម​តំណាង​ឱ្យ​តុលាការ តំណាង​អយ្យការ​នឹង​ស្រាវជ្រាវ​ករណីនេះ​ឱ្យបាន​ស៊ីជម្រៅ និង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូល​​ខ្លួន​មក​បំភ្លឺ ដោយ​បង្ហាញ​ភ័ស្តុតាង​ការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​ខាងដើម​បណ្តឹង​​គេ​ថា គេ​មាន​ឯកសារ​ទិញ​លក់​តាម​​ច្បាប់ ចំណែក​ខាង​សហគមន៍ គេ​ប្តឹង​វិញ​ដែរ​ថា មាន​ការលួច​ឈូសឆាយ​ដីព្រៃ​សហគមន៍​។ ​រឿងនេះ​គ្រាន់តែ​កោះហៅ​ដើម្បី​ឱ្យចូល​បំភ្លឺ​យោងតាម​ពាក្យបណ្តឹង​ទេ ប្រសិន​បើ​គាត់​មាន​សំអាង មានអី ហើយ​ការប្តឹង​ចោទប្រកាន់​នេះ មិន​ត្រឹមត្រូវ​នោះ​តំណាង​អយ្យការ​នឹង​ចេញ​សេចក្តី​សម្រេច​បន្តទៀត​»​។

លោក​បន្ថែមថា​៖ «​តាមពិត​វិវាទ​នេះ ភាគី​មាន​សំអាង​រៀងខ្លួន ប៉ុន្តែ​ក្នុងនាម​យើង គឺ​មិន​វាយតម្លៃថា​ភាគី​ណាមួយ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​នោះទេ គឺ​យើង នឹង​ពិនិត្យ​ទៅលើ​ឯកសារ​របស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា ក្រសួង​​កសិកម្ម​ថែមទៀត​។ អ៊ីចឹង​ចំណុច​នេះ​​ស្ថិត​ក្នុង​ភាពប្រទាញប្រទង់​គ្នា ហើយ​ភាគី​មាន​សំអាង​រៀងខ្លួន ដូច្នេះ​យើង​នឹង​​សួរនាំ​បន្ត​ដល់​អ្នកពាក់ព័ន្ធ​ទៀត​»​។

ជាមួយ​នឹង​ការកោះហៅ​ប្រជាសហគមន៍​ និង​មេភូមិ​ចំនួន​ ៤ ​រូប លោក សាយ វាសនា បានឱ្យ​ដឹងថា តុលាការ​ក៏បាន​កោះហៅ បុគ្គល ៣ ​រូប​ដែល​អះអាងថា​ជា​ម្ចាស់​ដី​ឱ្យចូល​ខ្លួន​បំភ្លឺ​តាម​ពាក្យបណ្តឹង​របស់​សហគមន៍​ដែល​បាន​ប្តឹង​បក​វិញ​ក្នុង​ថ្ងៃ​ដូចគ្នា​នាពេល​ខាងមុខ​ផងដែរ​។ ករណីនេះ​ប្រសិនបើ​រឿងហេតុ​ស៊ីចង្វាក់​គ្នា តុលាការ​នឹង​បញ្ចូល​សំណុំ​រឿង​ប្តឹងទៅ ប្តឹង​មក​ក្នុង​វិវាទ​នេះ​បញ្ចូល​គ្នា ទៅ​ជា​សំណុំរឿង​តែមួយ ដើម្បី​ឱ្យ​តុលាការ​ងាយស្រួល​ចាត់ការ​៕