ភ្នំពេញៈ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តាមរយៈ​ការស្ទង់មតិ​មនុស្ស​ចំនួន​ ១០០ ​នាក់​នៅ​ខេត្ត ក្រុង​ចំនួន​ ៣ ​គឺ​ខេត្ត​បាត់ដំបង កំពង់ឆ្នាំង និង​រាជធានី-ភ្នំពេញ បាន​រកឃើញ​ថា មាន​ស្ត្រី​ចំនួន ៨៥,៥០% នៅតែ​ចាប់អារម្មណ៍​នឹង​នយោបាយ​ជាពិសេស​ការបោះឆ្នោត​ឆ្នាំ​ ២០២២ និង​ឆ្នាំ​ ២០២៣​។ ​នេះ​បើ​យោងតាម​លទ្ធផល​ស្ទង់​មតិ​ស្តីពី​ការចូលរួម​របស់​សកម្មជន​នយោបាយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​។

របាយការណ៍​ស្រាវជ្រាវ​នេះ​បញ្ជាក់ទៀតថា ទោះជា​យ៉ាងណា ស្ត្រី​ដែល​បាន​ចូលរួម​ក្នុង​ការស្រាវជ្រាវ​នេះ គឺ​មាន​ប្រមាណ ៧១ ​ភាគរយ​បាន​ជួបប្រទះ​នូវ​អំពើហិង្សា​រៀងរាល់​ថ្ងៃ​ចំពោះ​គោលបំណង​នៃ​ការចូលរួម​ក្នុង​ឆាកនយោបាយ​។

លោក ប៉ា ច័ន្ទរឿន នាយកវិទ្យាស្ថាន​ប្រជាធិបតេយ្យ​ដែល​​ជា​អ្នកសិក្សា​ស្រាវជ្រាវ​លើ​របាយការណ៍​នេះ​បាន​ឱ្យដឹង​ពេលធ្វើ​បទបង្ហាញ​ពី​ម្សិល​ថា ស្ត្រី​ក្នុង​ឆាកនយោបាយ​ទាំង​ក្នុង​​គណបក្ស​កាន់អំណាច គណបក្ស​ប្រឆាំង និង​គណបក្ស​ដទៃទៀត​ប្រឈម​នឹង​អំពើហិង្សា​​ជាច្រើន​ទម្រង់​ និង​ច្រើន​កម្រិត​។

បើ​តាម​លោក ច័ន្ទរឿន ស្ត្រី​កម្ពុជា​នៅតែ​ប្រឈមមុខ​ច្រើន​ទម្រង់​នៃ​ការរើសអើង និង​អំពើហិង្សា​ប្រឆាំង​នឹង​ពួកគាត់​ក្នុង​ការចូលរួម និង​ផលប្រយោជន៍​នយោបាយ​ដែល​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ ទោះបីជា​សិទ្ធិ​នយោបាយ និង​ការចូលរួម​នេះ​ត្រូវ​​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​ស្ត្រី (CEDAW) ក៏ដោយ​។

លោក​ថា​៖ «​សកម្មជន​គណបក្ស​នយោបាយ ជា​ស្ត្រី​នៅតែ​មិនទាន់​មាន​លើកទឹកចិត្ត​ស្ត្រី​​ក្នុង​ការទទួល​បាន​តួនាទី​ខ្ពស់​ក្នុង​​គណបក្ស​នយោបាយ និង​ទទួលរង​នូវ​ការរំលោភបំពាន​ទាំង​ផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និង​សេដ្ឋកិច្ច​»​។

លោក ប៉ា ច័ន្ទរឿន ក៏បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​គួររៀបចំ​គោលនយោបាយ​សមភាព​យេនឌ័រ​ក្នុង​គណបក្ស​ និង​ច្បាប់​បោះឆ្នោត​ ដើម្បី​ឆ្លើយតប​នឹង​យេនឌ័រ ក្នុង​ការចាប់​យក​ឱកាស​ស្មើភាព​គ្នា​ក្នុង​នាម​ជា​បេក្ខជន និង​អ្នក​ជាប់ឆ្នោត ។

លោក កែ រិទ្ធិ ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប ) ​បាន​គាំទ្រ​ចំពោះ​លទ្ធផល​នៃ​ការសិក្សា​នេះ​ដោយបាន​ចាត់ទុក​ថា​ ដើម្បី​លើកកម្ពស់​ស្ត្រី​ក្នុង​ការចូលរួម​ក្នុង​ឆាក​នយោបាយ និង​កិច្ចការ​សង្គម​។

លោក​បាន​បញ្ជាក់ថា​ (​គ.ជ.ប) ​នឹង​ខិតខំ​ចូលរួម​កិច្ចការ​នេះ​ឱ្យ​កាន់តែ​ប្រសើរ ប៉ុន្តែ​តាមច្បាប់​បោះឆ្នោត​គឺ​តម្រូវ​ឱ្យ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំង​ ២ ​ភេទ ត្រូវ​ចុះឈ្មោះ​ទៅក្នុង​បញ្ជី​គណបក្ស​នយោបាយ​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​។ ទោះជា​យ៉ាងណា តាមច្បាប់​នេះ គឺ​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​ដាក់បញ្ចូល​បេក្ខជន​នារី​ចូលរួម​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា លោក​មិនទាន់​យល់​​ស្រប​នឹង​របាយការណ៍​ស្រាវជ្រាវ​នេះ​ទេ ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​លើក​​កម្ពស់​ស្ត្រី​ឱ្យ​ចូលរួម​គ្រប់​កម្រិត​ក្នុង​ឆាកនយោបាយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពីមុន​​ដល់​ឥឡូវ​រាប់សិប​ឆ្នាំ​មកហើយ​​ប្រជាពលរដ្ឋ​យើង​គាត់​យល់ដឹង​​ជាពិសេស​អំពើហិង្សា​លើ​ស្ត្រី​ ​និង​ការជួញដូរ​ស្ត្រី​អីហ្នឹង​គឺ​រដ្ឋាភិបាល​លោក​ចាត់វិធានការ​តឹងរ៉ឹង​ណាស់​ទាំង​បញ្ហា​រំលោភ​​លើ​កុមារ និង​ស្ត្រីភេទ​។​ល​។ លែង​សូវ​មាន ប៉ុន្តែ​យើង​ទទួលស្គាល់​ថា នៅមាន​ម្តងម្កាល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​ស្ត្រី​​នៅក្នុង​ក្រុមគ្រួសារ​»​។

ចំណែក​លោកស្រី គីម ស៊ីផាត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​បានឱ្យ​ដឹងថា ការលើកកម្ពស់​ស្ត្រី​ក្នុង​ឆាក​នយោបាយ​នេះ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​កិច្ចការនារី​បាន​ប្តេជ្ញា​ចិត្តជា​លក្ខណៈ​ជាតិ និង​អន្តរា​ជាតិ ដើម្បី​លើកកម្ពស់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ដោយ​​បាន​អនុវត្ត​តាម​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​​នឹង​ស្ត្រី​ (CEDAW)​។

លោកស្រី​បាន​បន្តថា ស្ត្រី​មាន​ភាពស្មើគ្នា​ជាមួយ​នឹង​បុរស​ក្នុង​វិស័យ​នយោបាយ និង​សាធារណៈ និង​អាច​ឈរ​ជា​តំណាង​ប្រទេស​ជាមួយ​នឹង​ប្រទេស​ដែលជា​សមាជិក​នៅ​​ក្នុង​កម្រិត​អន្តរជាតិ​ផងដែរ​។ ប៉ុន្តែ​កិច្ចការ​នេះ​មិនអាច​ធ្វើទៅ​ដោយ​រលូន​បានទេ បើ​គ្មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ជាពិសេស​បុរស​។

លោកស្រី គីម ស៊ីផាត បាន​​ថ្លែងថា​៖ «​ការផ្លាស់ប្តូរ​ឥរិយាបថ បុរស គឺជា​កត្តា​ជំរុញ ដើម្បី​ឈានទៅរក​ការគាំទ្រ​ដល់​ស្ត្រី ចុះបើ​ស្ត្រី​មាន​សមត្ថភាព មានលទ្ធភាព​ចូលរួម​ធ្វើ​ការងារ ប៉ុន្តែ​អត់​មាន​ការគាំទ្រ​ពី​បុរស ​ដែល​ធ្លាប់បាន​ជាប់​ដិតដាម​ជាយូរ​មកហើយ​នោះ ក៏​វា​មិនអាច​ទៅរួច​ដែរ​។ អ៊ីចឹង​ការគាំទ្រ​ក៏មាន​កម្រិត​តាម​នោះ​ផងដែរ​»៕