The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឈ្លូសយក្ស ជា​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ នៅ​លើ​ពិភព​លោក ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា




ឈ្លូសយក្ស ជា​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ នៅ​លើ​ពិភព​លោក ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា

Content image - Phnom Penh Post
សត្វ «ឈ្លូសយក្ស» ​ថត​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ដាក់​ដោយ​មន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ​សត្វ​ព្រៃ​កម្រៗ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ភូមិសាស្ត្រ​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ ២០២១ នេះ។ ក្រសួង បរិស្ថាន

ឈ្លូសយក្ស ជា​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ នៅ​លើ​ពិភព​លោក ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា

ភ្នំពេញៈ ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ថា សត្វ​«ឈ្លូសយក្ស»​ដែល​ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​នៅ​លើ​ពិភព​លោក នៅ​ក្នុង​បញ្ជី​ក្រហម​របស់ អង្គការ​សហភាព​អន្តរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ ហៅ​កាត់ IUCN ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​ឱ្យ​ដឹង កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មិថុនា​ថា សត្វ «ឈ្លូសយក្ស» ជា​ភាសា​បច្ចេក​ទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ធ្លាប់​បាន​រក​ឃើញ​លើក​ដំបូង​នៅ​ឆ្នាំ ១៩៩៤ ក្នុង​ប្រទេស​វៀតណាម និង​ឡាវ នៅ​តាម​ជួរ​ភ្នំ​អាណាម ដែល​លាត​សន្ធឹង​ដល់​ឧទ្យាន​ជាតិវីរៈជ័យ ភាគ​ឦសាន​ប្រទេស​កម្ពុជា។

លោក​បាន​គូស​បញ្ជាក់​ថា ការ​ប្រកាស​រក​ឃើញ​នេះ «ដោយ​ឈរ​លើ​ទិន្នន័យ​រូបភាព​ប្រមូល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ដាក់​ដោយ​មន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ​សត្វ​ព្រៃ​កម្រៗ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ភូមិសាស្ត្រ​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ ២០២១ នេះ»។

លោកបន្តថា នេះ​គឺ​ជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​កម្ពុជា និង សម្រាប់​ពិភព​លោក​ទាំង​មូល ដែល​ប្រភេទ​សត្វ​កម្រ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​បំផុត​នេះ មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ក្រុម​មន្រ្តី​ក្រសួង​បរិស្ថាន ប្រជាសហគមន៍ ដែល​បាន​រួម​គ្នា​ចុះ​សិក្សា​ស្រាវជ្រាវ ប្រភេទ​សត្វ​ព្រៃ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ។

លោកថា៖ «លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ពិត​ជា​មាន​តម្លៃ​បំផុត​សម្រាប់​ការ​អភិរក្ស​ជីវៈ​ចម្រុះ និង​អ្នក​បរិស្ថាន​ហើយ​ចាំ​បាច់ យើង​ទាំង​អស់​គ្នា​ត្រូវ​ចូល​រួម​ការពារ​និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ ឱ្យ​បាន​គង់វង្ស​ក្នុង​ព្រៃ​កម្ពុជា»។

Content image - Phnom Penh Post
សត្វ «ឈ្លូសយក្ស» ​ថត​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ដាក់​ដោយ​មន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ​សត្វ​ព្រៃ​កម្រៗ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ភូមិសាស្ត្រ​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ ២០២១ នេះ។ ក្រសួង បរិស្ថាន

លោកបន្ថែមថា ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​បាន​ល្អ​ប្រសើរ ដែល​ជា​ទី​ជម្រក កន្លែង​រក​ចំណី និង​ប្រភព​ទឹក ដែល​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ការ​រស់​នៅ​របស់​សត្វព្រៃ យើង​ឃើញ​មាន​វត្តមាន ប្រភេទ​សត្វ​កម្រៗ​ជាច្រើន​ប្រភេទ​ចាប់​ផ្តើម​មាន​វត្តមាន​នៅ​ក្នុង​ព្រៃ​កម្ពុជា​ឡើង​វិញ។

លោក ពិន ច័ន្ទរតនា ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ នៃ​នាយកដ្ឋាន​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ដី​គោក​ខាង​កើត​ទន្លេ​មេគង្គ នៃ​ក្រសួង​បរិស្ថាន​ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​ថ្លែង​ថា សត្វ​ឈ្លូស​យក្ស ចូលចិត្ត​រស់​នៅ​ក្នុង​ព្រៃ​ស្រោង និង​ព្រៃ​ពាក់​កណ្តាល​ស្រោង​មាន​រយៈ​កម្ពស់​ខ្ពស់ (រហូត​ដល់​ជាង ១០០០ ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ)។

នៅ​អំឡុង​ទស្សវត្សរ៍​ឆ្នាំ ៩០ ស្នែង​ឈ្លូស​យក្ស​ត្រូវ​បាន​ឃើញ​ដាក់​លក់​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ នៃ​ខេត្ត​មណ្ឌល​គិរី ប៉ុន្តែ​មិន​ដែល​មាន​ការ​រាយការណ៍​ពី​ការ​ឃើញ​ខ្លួន​វា​ដោយ​ផ្ទាល់​នោះ​ទេ។

លោក​បាន​ថ្លែង​ថា ឈ្លូសយក្ស ជា​ប្រភេទ​ឈ្លូស​ដែល​មាន​មាឌ​ធំ​ជាង​គេ អាច​មាន​ទម្ងន់​លើស​ពី ៣០ គីឡូក្រាម​ក្នុង​មួយ​ក្បាល និង​ស្ថិត​ក្នុង​ចំណោម​ឈ្លូស​ទាំង ១២ ប្រភេទ ហើយ​វា​មាន​លក្ខណៈ​ខុស​គ្នា រវាង​សត្វ​ឈ្លូស​យក្ស​និង​សត្វ​ឈ្លូស​ធម្មតា Northern red muntjact (Muntiacus vaginalis) ដែល​មាន​វត្តមាន​ស្ទើរ​តែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

Content image - Phnom Penh Post
សត្វ «ឈ្លូសយក្ស» ​ថត​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ដាក់​ដោយ​មន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ​សត្វ​ព្រៃ​កម្រៗ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ភូមិសាស្ត្រ​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ ២០២១ នេះ។ ក្រសួង បរិស្ថាន

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា តាម​រយៈការ​សិក្សា​រក​ឃើញ​វត្តមាន​សត្វ​ឈ្លូស​យក្ស​នេះ ក្រសួង​បរិស្ថាន នឹង​បញ្ចូល​ប្រភេទ​សត្វ​នេះ​ទៅ​ក្នុង​បញ្ជី​ជីវៈចម្រុះ​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា ប្រទេស​កម្ពុជា ត្រូវ​បាន​អ្នក​ជំនាញ​ស្រាវ​ជ្រាវ ឃើញ​ថា ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ជីវៈ​ចម្រុះ ដែល​បាន​បង្ហាញ​វត្តមាន​ប្រភេទ​ថនិក​សត្វ ១២៣ ប្រភេទ សត្វ​ស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ​រុក្ខជាតិ​តូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កា​ថ្មរឹង​ ២៤​ប្រភេទ ផ្កា​ថ្មទន់ ១៤ ប្រភេទ ស្មៅ​សមុទ្រ ១០ ប្រភេទ និង​ថលជលិក ៦៣ ប្រភេទ៕

អត្ថបទគួរចាប់អារម្មណ៍