
អាជ្ញាធរក្រុងប៉ោយប៉ែតពេលចុះរៀបចំផ្សារពីខែមេសា ឆ្នាំនេះ។ រូបថត រដ្ឋបាលក្រុងប៉ោយប៉ែត
បន្ទាយមានជ័យៈ រដ្ឋបាលក្រុងប៉ោយប៉ែតបានជូនដំណឹងដល់ម្ចាស់ផ្សារ អាជីវករ និងពលរដ្ឋ ដែលកំពុងយកចំណីផ្លូវធ្វើអាជីវកម្ម ឱ្យបញ្ឈប់ការលក់ដូរ និងដាក់តាំងទំនិញលើចំណីផ្លូវសាធារណៈបន្តទៀត ហើយត្រូវរុះរើសំណង់ដែលបានសង់រំលោភចំណីផ្លូវចេញវិញ ដោយទុកពេលឱ្យ ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៤ មិថុនាដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំនេះជាកំហិត។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ២៣ ខែមិថុនា បានឱ្យដឹងថា កន្លងមកនេះ អាជ្ញាធរក្រុងបានសង្កេតឃើញមានម្ចាស់ផ្សារ អាជីវករ និងពលរដ្ឋមួយចំនួនបានយកចំណីផ្លូវធ្វើអាជីវកម្ម និងអ្នកខ្លះទៀតបានដាក់តាំងទំនិញលក់ដូរលើចំណីផ្លូវសាធារណៈ ដែលបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសោភណភាពក្នុងទីប្រជុំជនក្រុងថែមទៀតផង។
រដ្ឋបាលក្រុងបញ្ជាក់ថា ចំពោះមុខដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ រដ្ឋបាលក្រុងប៉ោយប៉ែតតម្រូវឱ្យម្ចាស់ផ្សារ អាជីវករ និងពលរដ្ឋដែលកំពុងយកចំណីផ្លូវធ្វើអាជីវកម្មទាំងអស់ត្រូវបញ្ឈប់ការលក់ដូរ ឬដាក់តាំងទំនិញលើចំណីផ្លូវសាធារណៈបន្តទៀត។ រីឯម្ចាស់ផ្សារ ត្រូវបញ្ឈប់ការអនុញ្ញាតឱ្យអាជីវករ ឬពលរដ្ឋលក់ដូរ ដាក់តាំងទំនិញបន្លែផ្លែឈើ និងត្រីសាច់ចេញក្រៅពីបរិវេណផ្សារហើយត្រូវរៀបចំកន្លែងលក់ដូរឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ និងមានអនាម័យ។
ជាមួយគ្នានេះ ម្ចាស់ផ្សារ អាជីវករ និងពលរដ្ឋដែលកំពុងយកចំណីផ្លូវធ្វើអាជីវកម្ម ត្រូវរុះរើតូប រាន ដែលសាងសង់ និងដាក់តាំងនៅលើចំណីផ្លូវសាធារណៈរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបង្កការប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋ ហើយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយផ្សេងៗ។
រដ្ឋបាលក្រុងបញ្ជាក់ថា៖ «សូមអស់លោក-លោកស្រីជាម្ចាស់ផ្សារអាជីវករ និងប្រជាពលរដ្ឋដែលកំពុងយកចំណីផ្លូវ ដើម្បីធ្វើអាជីវកម្មទាំងអស់ត្រូវអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ ដោយទុករយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ ជាកំហិត»។
ក្រៅពីនេះ រដ្ឋបាលក្រុងព្រមានថា៖ «ផុតរយៈពេលនេះរដ្ឋបាលក្រុងប៉ោយប៉ែតនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយឡើយ»។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់បន្ថែមកាលពីម្សិលមិញថា ជាទូទៅពលរដ្ឋនៅក្រុងប៉ោយប៉ែតបានធ្វើសំយាបថ្មីចូលមកលើចំណីផ្លូវសាធារណៈហើយប្រកបរបរលក់ដូរនៅតាមទីសាធារណៈនោះ។ ចំណែកទីប្រជុំជនតាមផ្សារមួយចំនួនគឺមានការលក់ដូរ និងធ្វើសំយាបចូលមកលើចំណីផ្លូវច្រើនដែលនាំឱ្យមានការស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភណភាពទីក្រុង។
លោកបានថ្លែងថា៖ «សាលាក្រុងយើងជូនដំណឹងដល់ពួកគាត់ឱ្យថយចេញពីចំណីផ្លូវ រុះរើសំយាបដែលធ្វើចូលមកលើចំណីផ្លូវសាធារណៈចេញ ដើម្បីរក្សានូវសោភណភាពទីក្រុង រក្សានូវអនាម័យបរិស្ថាន និងបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ»។
លោកអភិបាលក្រុងបានឱ្យដឹងថា រដ្ឋបាលក្រុងជូនដំណឹងឱ្យរុះរើសំណង់តូប សំយាប ដែលសាងសង់ចូលមក ចំណីផ្លូវ ឬទីសាធារណៈ ក៏ដើម្បីបញ្ចៀសផលលំបាកទៅថ្ងៃមុខនៅពេលមានការអភិវឌ្ឍក្រុង ពង្រីកផ្លូវ ចៀសវាងការប៉ះពាល់ជាមួយប្រជាពលរដ្ឋ។
លោក ស៊ុំ ចន្ទគា មន្ដ្រីសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដបន្ទាយមានជ័យគាំទ្រចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធសណ្ដាប់ធ្នាប់ និងសោភណភាពទីក្រុងឱ្យបានស្អាត ព្រោះប្រទេសជាតិកំពុងស្ថិតនៅក្នុងពេលអភិវឌ្ឍ។ ប៉ុន្ដែលោកស្នើឱ្យអាជ្ញាធរពិនិត្យឱ្យបានហ្មត់ចត់ចំពោះការអនុវត្ដច្បាប់ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ។
លោកបានថ្លែងថា៖ «ប្រទេសមួយត្រូវការរៀបចំទីក្រុងឱ្យបានស្អាត ត្រូវមានផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ដើម្បីកុំឱ្យទីក្រុងមួយក្លាយជាទីក្រុងអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់។ ប៉ុន្ដែការរៀបចំនេះ តើអាជ្ញាធររៀបចំនៅពេលណា ក្រោយពេលពលរដ្ឋមករស់លើទីតាំងនោះរយៈពេលប៉ុន្មានឆ្នាំ? អាជ្ញាធរត្រូវពិនិត្យមើលលើចំណុចទាំងនេះដើម្បីកុំឱ្យមានការប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅច្រើនឆ្នាំ។ បើគាត់ជាពលរដ្ឋរស់នៅជាក់ស្ដែងច្រើនឆ្នាំ តើអាជ្ញាធរមានគោលនយោបាយបែបណាក្នុងការប៉ះប៉ូវដល់ពួកគាត់»៕