សៀមរាបៈ អាជ្ញាធរ​ជាតិអប្សរា​បានឱ្យ​ដឹងថា នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ នេះ ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ជួសជុល​​ផ្ទះ និង​សាងសង់​សំណង់​ស្រាល​​ជាង​ ៨០០ ​ករណី ខណៈ​ដែល​​សំណើ​ជិត ១ ៤០០ ​ករណី ត្រូវបាន​ចុះ​ពិនិត្យ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​កាលពី​ថ្ងៃទី​ ២៣ មិថុនា​ថា ករណី​អនុញ្ញាត​ទាំងនោះ​រួមមាន នៅ​ស្រុក​ប្រាសាទបាគង បាន​ចំនួន​ ១១៩ ​ករណី ស្រុក​អង្គរធំ បាន​ចំនួន​ ២១៣ ​ករណី ស្រុក​ពួក​បាន​ចំនួន​ ១២០ ​ករណី ក្រុង​សៀមរាប​បាន​ចំនួន​ ១៩១ ​ករណី និង​ស្រុក​បន្ទាយស្រី​បាន​ចំនួន​ ១៩៣ ​ករណី ខណៈ​អ្នក​នៅ​​ក្រៅ​ឧទ្យាន​អង្គរ​ក្រុមការងារ​បាន​អនុញ្ញាត​ចំនួន​ ២៩ ​សំណើ​។

អាជ្ញាធរ​នេះ​បាន​បញ្ជាក់ថា​៖ «​លទ្ធផល​ការងារ​របស់​ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​ឆមាស​ទី​ ១ ក្នុង​ឆ្នាំ​ ២០២១ ដែល​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ចុះ​ពិនិត្យ​ការស្នើសុំ​អនុញ្ញាត​ការជួសជុល និង​សាងសង់​តូចតាច​ទាំង​ ៥ ​គោលដៅ​ស្រុក​/​ក្រុង ក្នុង​តំបន់​ឧទ្យាន​អង្គរ និង​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​បាន​ចំនួន​ ១ ៣៩៩ ​សំណើ ដែល​ក្នុងនោះ​បាន​អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ចំនួន ៨៦៥ ​សំណើ​»​។

ក្រៅពី​ផ្តល់​ការអនុញ្ញាត​នេះ ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ និង​កិច្ចការ​សាសនា ដូចជា ជួយឧបត្ថម្ភ​ថវិកា និង​សម្ភារ​ប្រើប្រាស់​ដល់​ចាស់ជរា ជនពិការ កុមារ​មាន​ជំងឺ គ្រួសារ​ខ្វះខាត​មួយចំនួន និង​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​​នៅក្នុង​សហគមន៍ រួមទាំង​សំណេះ​សំណាល​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដោយបាន​ដោះស្រាយ​សំណើ​តាម​ភូមិ​ទាំង​ ១១២ ​ភូមិ​ក្នុង​តំបន់​អង្គរ និង​ក្រៅ​តំបន់​អង្គរ​ផងដែរ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​សង្កត់ធ្ងន់​ថា​ «​គោលដៅ​បន្ត ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី ភារកិច្ច​របស់​អាជ្ញាធរ​ជាតិអប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ នីតិវិធី​នៃ​ការដាក់​ពាក្យ​ស្នើសុំ​ជួសជុល និង​សាង​សង់ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ទាន់ពេលវេលា​»​។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងថា យោងតាម​ច្បាប់ ប្រជាពលរដ្ឋ ដែល​មាន​លំនៅឋាន​រស់នៅ​យូរលង់​មកហើយ ក្នុង​តំបន់​ការពារ​ទី​ ១ និង​ទី​ ២ នៃ​ឧទ្យាន​អង្គរ​អាច​បន្ដ​រស់នៅ​តទៅទៀត​បាន​ដោយ​មិនមាន​ការដេញ​ឱ្យ​ចាកចេញ​ពី​ភូមិឋាន​ឡើយ​។

លោក​បន្តថា ចំពោះ​អ្នកភូមិ​ទាំងនោះ គឺ​អាច​រុះរើ ជួសជុល ផ្ទះ​ចាស់​ទ្រុឌទ្រោម ដើម្បី​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា ហើយ​រាល់​ការស្នើសុំ​ច្បាប់​ជួសជុល គឺ​ពុំមាន​ការបង់ប្រាក់​ទេ​។ ក៏ប៉ុន្តែ​លោក​អះអាង​ថា រាល់​ការសាងសង់​ផ្ទះ​ថ្មី​ត្រូវ​បាន​ហាម​ដាច់ខាត​។

លោក​បាន​បញ្ជាក់ថា​៖ «​មកទល់​ពេល​នេះ គឺ​ល្អ ព្រោះ​ប្រជាពលរដ្ឋ គាត់​ដាក់ពាក្យ​ស្នើសុំ​តាម​សម្រួល និង​តាម​នីតិវិធី​ច្បាប់ ដោយ​មាន​ការយល់ដឹង​ស៊ីជម្រៅ​។ ចំពោះ​ការស្នើសុំ​នេះ គឺ​យើង​ទទួល​បាន​ត្រឹមត្រូវ ព្រោះ​យើង​មាន​ក្រុមការងារ​ ដើម្បី​តាមដាន​ករណីនេះ ប៉ុន្តែ​នៅតែ​មាន​អ្នកល្មើស​លួច​សង់​សំណង់​អ៊ីចឹង គ្រាន់តែ​ក្រុមការងារ​យើង​ចុះ​ហាមឃាត់ និង​រុះរើ​ភ្លាមៗ​តាម​គោលការណ៍​ច្បាប់​»​។

បើតាម​លោក ឡុង កុសល ក្នុង​ពេល​បច្ចុប្បន្ន​សំណង់​លំនៅឋាន​ក្នុង​តំបន់​អង្គរ​គឺមាន​​លក្ខណៈ​កើតឡើង​ច្រើន​ជាង​មុន ដោយសារ​ពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​តំបន់​អង្គរ មាន​កំណើន​ច្រើន ខណៈ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្រង់​ស្ថិតិ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​៕