ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ជាង ៣៥០ លាន​ដុល្លារ ក្នុង​ការ​ឧបត្ថម្ភ​សាច់​ប្រាក់ ជូន​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ដោយ​វិបត្តិកូវីដ​១៩ ជាង ២​លាន​នាក់ ក្នុង​រយៈពេល ១ ឆ្នាំ។

ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក ឈួរ សុបញ្ញា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៥ មិថុនា​នេះ​ថា រយៈពេល ១ ឆ្នាំ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រដ្ឋ​ជាង ៣៥១,៧៧ លាន​ដុល្លារ សម្រាប់​គ្រួសារ​ក្រីក្រ​ចំនួន​ប្រមាណ ជិត​៧០​ម៉ឺន គ្រួសារ ឬ​ប្រជាជន​ក្រីក្រ​ចំនួន​ប្រមាណ ជាង ២,៧​លាន​នាក់។

លោក​បន្តថា ការ​ចំណាយ​នេះ ធ្វើ​ឡើង​តាម​រយៈការ​អន្តរាគមន៍​ក្នុង​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ ២០២០ ដល់​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ ២០២១។

លោក ឈួរ សុបញ្ញា បាន​ឱ្យ​ដឹង​ថា សម្រាប់​ការ​ឧបត្ថម្ភ​ដល់​ជន​ក្រីក្រ​ត្រូវ​បាន​ចែក​ចេញ​ជា ៣ ប្រភេទ គឺ​ជន​ក្រីក្រ​នៅ​ទី​ប្រជុំជន ក្នុង​រាជធានី​ភ្នំពេញ ជន​ក្រីក្រ​នៅ​ទី​ប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ និង​ជន​ក្រីក្រ​នៅ​ជនបទ។ ចំណែក​គ្រួសារ​នីមួយៗ​ទទួល​បាន​សាច់​ប្រាក់​ទៅ​តាម​ទំហំ​គ្រួសារ។

អ្នកស្រី សេង គីមលី អាយុ ៥៣ ឆ្នាំ រស់​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​រង​គ្រោះ​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ដោយសារ​វិបត្តិ​កូវីដ ១៩ ផ្សេង​ទៀត បាន​ថ្លែង​ថា ថវិកា​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​នេះ ពិត​ជា​បាន​ជួយ​រំលែក​ការ​លំបាក​ក្នុង​គ្រួសារ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។

អ្នកស្រីថា៖ «រដ្ឋាភិបាល់​ផ្តល់​ជំនួយ​ផ្នែក​កូវីដ​នេះ ខ្ញុំ​អរ​ខ្លាំង​ណាស់ ពី​មុន​ខ្វះ​មុខ​ខ្វះ​ក្រោយ ដល់​ពេល​បាន​លុយ​នេះ​មក​ជួយ​សម្រាល​បន្ទុក​ខ្លះ បង់​ភ្លើង ទឹក ទិញ​ម្ហូប​ខ្លះ»៕

វីដេអូ៖