ស្វាយរៀងៈ រដ្ឋបាល​ខេត្ត​ស្វាយរៀង ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ចំនួន ៨៩​នាក់​បន្ថែម​ទៀត ខណៈ​មាន​អ្នក​ជា​សះស្បើយ ១៣​នាក់​ដែល​នាំ​ឱ្យ​ខេត្ត​នេះ មាន​អ្នក​ឆ្លង​សរុប​ចំនួន ១៨០០ នាក់។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ មាន​ចំនួន ៨៩ នាក់(ស្រី ៤៦) និង​អ្នក​ជា​សះ​ស្បើយ​ ១៣​នាក់ និង​មាន​អ្នក​ស្លាប់ ១​នាក់។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៤ មិថុនា ២០២១ អ្នក​ឆ្លង​កូវីដ ១៩ សរុប​ក្នុង​ទឹក​ដី​ខេត្ត​ស្វាយរៀង​មាន​ចំនួន ១៨០០នាក់ (ស្រី​១០៥១) ជា​សះ​ស្បើយ ១១៥៣ នាក់​(ស្រី ៦៥២) កំពុង​សម្រាក​ព្យាបាល ៦៣១នាក់ (ស្រី ៣៩១) និង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ មាន​ចំនួន ១៥​នាក់ (ស្រី ៨)។

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋបាល​ខេត្ត​ស្វាយរៀង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ​ខេត្ត ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩៕