ភ្នំពេញៈជាង​ពាក់កណ្តាល​នៃ​អាជីវកម្ម​ធុនតូច និង​មធ្យម​ផ្នែក​ប្រមូលផល​ជលផល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ ហើយ​នៅក្នុង​អាជីវកម្ម​កែច្នៃ​អាជីវកម្ម ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​មាន​ភាពលេចធ្លោ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការវិភាគ យេនឌ័រ នៅក្នុង​ផ្នែក​ប្រមូលផល​ជលផល​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២៤ ខែមិថុនា ។

រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី “​ការវិភាគ​យេនឌ័រ នៅក្នុង​ផែ្នក​ប្រមូលផល​ជលផល​នៅ​កម្ពុជា​” ​បង្កើតឡើង​ដោយ CAPFISH-Capture៖ កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល ប្រមូលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​សហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) និង​ផ្តល់​ថវិកា​ដោយ​សហគមន៍​អឺរ៉ុប​។

របាយការណ៍​នេះ​បាន​កំណត់​បង្ហាញ​ពី​វិសមភាព​យេនឌ័រ និង​លទ្ធផល​ដែល​ពាក់ព័ន្ធ តាមរយៈ​ការវិភាគ​លម្អិត​អំពី​តួនាទី​របស់​ស្ត្រី និង​បុរស នៅក្នុង​វិស័យ​ជលផល ក្រោយ​ការប្រមូលផល​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យដឹងថា​៖ «​ជាង​ពាក់កណ្តាល​នៃ​អាជីវកម្ម​ធុន​តូច និង​មធ្យម​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​។ នៅក្នុង​អាជីវកម្ម​កែច្នៃ អាជីវកម្ម​ដែលជា​កម្មសិទ្ធិ​របស់​ស្ត្រី​មាន​ភាពលេចធ្លោ​នៅលើ​វិស័យនេះ ដែល​មាន​ចំនួន​ច្រើន​ជាង​ពាក់កណ្តាល (៥៤%) នៃ​ផលិតផល​ផ្អាប់ (​ប្រហុក​ និង​ផ្អក​) ៦៧% នៃ​ផលិតផល​ត្រី​សមុទ្រ និង​ប្រហិត​ត្រី ៧៥% នៃ​ការផលិត​ទឹកត្រី​ និង​ពាក់កណ្តាល​គឺជា​ផលិតកម្ម​បង្គា​ក្រៀម​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ស្ត្រី​គ្រប់គ្រង​ការងារ​ភាគច្រើន ដែល​ត្រូវ​ការជំនាញ​ជាក់លាក់​ដូចជា​ការទិញ​វត្ថុធាតុដើម ការជ្រើសរើស​ត្រី ការធ្វើ​ចំណាត់ថ្នាក់ ការលាង​សម្អាត​ការប្រឡាក់ត្រី​ការផ្អាប់ និង​ការឆ្អើរត្រី​។

ទោះបីជា​មាន​ការចូលរួម​ចំណែក​យ៉ាងសំខាន់​របស់​ស្ត្រី​នៅ​គ្រប់​ដំណាក់កាល​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ការចូលរួម​របស់​ពួកគេ​ក្នុង​ការលក់ និង​កែច្នៃ​ត្រី​ក៏ដោយ ក៏​តួនាទី​របស់​ស្ត្រី ទំនង​ជា​ការបន្ថែម​ការងារ​ក្នុង​ស្រុក​ និង​មិនត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​។

ប្រភព​ដដែល​បន្តថា បញ្ហា​ប្រឈម​ផ្នែក​យេនឌ័រ​ទាក់ទង​នឹង​ការបំលាស់​ទី​ពេលវេលា លទ្ធភាព​ទទួល​បាន​ការអប់រំ និង​ការកសាង​សមត្ថភាព​ដែល​ធ្វើឱ្យ​ឱកាស​អាជីវកម្ម សម្រាប់​ស្ត្រី​មាន​កម្រិត​។

ទោះបីជា​មាន​ការប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការងារ​ប្រមូលផល​ជលផល​ក៏ដោយ ក៏​ស្ត្រី​នៅតែ​មាន​កាតព្វកិច្ច និង​ទទួលខុស​ត្រូវជា​ចម្បង ចំពោះ​ការងារ​ថែទាំ​តាម​ផ្ទះ មិនមាន​ចំណូល​ដែល​កម្រិត​ពី​ភ្នាក់ងារ និង​ទាញ ពេលវេលា​ពី​ការងារ​រកប្រាក់​ចំណូល​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ការផ្តល់​ការគាំទ្រ​បន្ថែមទៀត ដល់​ស្ត្រី​ទាំង​ផ្នែក​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​គឺ​ចាំបាច់​ក្នុង​ការជួយ​បង្កើន​ភាពអង់អាច​ដល់​ស្ត្រី ក្នុង​វិស័យ​ជលផល​ក្រោយ​ការប្រមូលផល​តាមរយៈ​ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សម្ភារ​បរិក្ខារ​បច្ចេកវិទ្យា​ជឿនលឿន និង​ពង្រឹង​ចំណេះដឹង​ និង​ជំនាញ ដើម្បី​លើកកម្ពស់ សមភាព​យេនឌ័រ និង​ការផ្តល់​ភាពអង់អាច​ដល់​ស្ត្រី​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រាក់ចំណូល ក៏ដូចជា​បង្កើន​ភាពទាក់ទាញ​ក្នុង​វិស័យនេះ​ផងដែរ​។

លោក ពុំ សុថា ប្រធាន​រដ្ឋបាល​ជលផល​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ស្ត្រី​បាន​ដើរតួនាទី​យ៉ាងសំខាន់ ដោយ​រាប់​ចាប់ពី​ការនេសាទ រហូត​ដល់​ការលក់​នៅ​ទីផ្សារ និង​ជាពិសេស​ក្នុង​វិស័យ​ជលផល​ក្រោយ​ប្រមូលផល​។

យោងតាម​ការសិក្សា​ដែល​ធ្វើឡើង​ដោយ​អង្គការ UNIDO ដែល​សហការ​ជាមួយ​ក្រុមការងារ​យេនឌ័រ និង​កុមារ​របស់​រដ្ឋបាល​ជលផល (FiA) បានចង្អុល​បង្ហាញ​ថា ប្រហែលជា ៧៤ ភាគរយ​នៃ​ការសហគ្រាស​ធុន​តូច និង​មធ្យម គឺជា​កម្មសិទ្ធិ​របស់​ស្ត្រី​។

លោក ពុំ សុថា ថ្លែងថា​៖ «​នេះ​ជា​ព័ត៌មាន​ដ៏សំខាន់ ដើម្បី​ផ្តល់ជូន​ដល់​ដៃគូ​អភិវឌ្ឍន៍ និង​អ្នកអនុវត្ត​ការងារ​ក្នុង​វិស័យនេះ​ទាំងអស់​ត្រូវផ្តោត​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​បញ្ហា​នេះ​។ លទ្ធផល​នៃ​ការសិក្សា​នេះ​នឹង​ចូលរួម ចំណែក​ក្នុង​ការបង្កើត​ផែនការ​ ៥ ​ឆ្នាំ បន្ទាប់​ទៀត​ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការលុបបំបាត់ ពលកម្ម​កុមារ សម្រាប់​ឆ្នាំ ២០២១-២០២៥ នៃ​រដ្ឋបាល​ជលផល​»​។

លោក​ សេតធី ស៊ីថារ៉ាម៉ាថម បាធូ ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​របស់​អង្គការ UNIDO ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ស្ត្រី​កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​សុវត្ថិភាព​អាហារ អាហារូបត្ថម្ភ និង​ការកាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​សកម្មភាព​ការងារ​ផ្សេងៗ​គ្នា​ក្នុង​ផ្នែក​ប្រមូលផល​ជលផល​។

លោក​បន្តថា ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី នឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា សម្រេច​បាន​នូវ​ការជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព​ និង​បរិយាប័ន្ន​។

លោក សេតធី ស៊ីថារ៉ាម៉ាថម បាធូ ​ថ្លែងថា​៖ «​អង្គការ UNIDO សូម​អំពាវនាវ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ​ដល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​សេវា​ពាក់ព័ន្ធ​បន្ថែម​លើ​បច្ចេកវិទ្យា​ជលផល​ប្រមូលផល​ដល់​ស្ត្រី​ដើម្បី​លើកកម្ពស់​ការអនុវត្តន៍​វិស័យ​ជលផល​នៅ​កម្ពុជា​»៕