ភ្នំពេញៈ មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ​ (​កបប​) កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ និង​ចែកចាយ​អាល់កុល​ក្លែងក្លាយ​ ឬ​មេតាណុល​ប្រមាណ​ជាង​ ៧ ​ពាន់​លីត្រ នៅ​សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ​។

អគ្គនាយកដ្ឋាន កបប បានបញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ២៥ ខែមិថុនា​នេះ​ថា​៖ «​មន្ត្រី​អគ្គនាយកដ្ឋាន កបប ដោយមាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការចូល​រួមសហការ​ដោយ​អាជ្ញាធរ​ដែនដី ខណ្ឌ​ពោធិ៍សែនជ័យ បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក និង​ចែកចាយ​អាល់កុល​ក្លែងក្លាយ​ ឬ​មេតាណុល​មួយកន្លែង​»​។

អគ្គនាយកដ្ឋាន កបប របស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​ដកយក​គំរូ​ផលិតផល​ធ្វើការ​វិភាគ​ភ្លាមៗ ដោយ​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន កបប ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ក្នុង​នោះ​ផលិតផល​ចំនួន ១២១ ​កាន និង ៨០០ ​ដប ស្មើនឹង ៤ ០៣០ ​លីត្រ គឺជា​សារធាតុ​មេតាណុល​ រីឯ​ផលិតផល​ចំនួន ១០៤ ​កាន ស្មើនឹង ៣ ១២០ ​លីត្រ មាន​ល្បាយ​សារធាតុ​មេតាណុល​។

ក្រោយពី​បាន​ធ្វើការ​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​ដកយក​គំរូ​ផលិតផល​ទាំង​នោះមក​វិភាគ​បន្ថែម​នៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន កបប ដើម្បី​បញ្ជាក់​លទ្ធផល​បន្ថែម​។

វត្ថុតាង​ទាំងអស់​ត្រូវ​បាន​រក្សាទុក​ដោយ​ហ៊ុមព័ន្ធ​ឃ្លុំបេ និង​បិទ​សៀល​ជា​បណ្តោះអាសន្ន នៅ​នឹង​កន្លែង​រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត​៕