ភ្នំពេញៈ គិត​ចាប់តាំងពី​ថ្ងៃទី​ ១០ ​ខែកុម្ភៈ​ឆ្នាំ​ ២០២១ រហូតមកដល់​ត្រឹម​ថ្ងៃទី​ ២៤ ​ខែមិថុនា ឆ្នាំ​ ២០២១ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​សរុប​ទូទាំងប្រទេស​បាន​ចំនួន ៣ ៧១៥ ៧៥១ ​នាក់​ស្មើនឹង​ ៣៧,១៦% ​ក្នុងចំណោម​គោលដៅ​ដែល​ត្រូវ​ចាក់​ ១០ ​លាន​នាក់​។ នេះ​បើតាម​របាយការណ៍​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ទូទាំង​ប្រទេស​ (​រួមទាំង​ក្រសួង​ការពារពារ​ជាតិ​) ។

របាយការណ៍ ដែល​រៀបរៀង​ដោយ​អនុគណៈកម្មការ តាមដាន​ និង​វាយតម្លៃ​នៃ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ចេញ​នៅ​ថ្ងៃទី​ ២៤ ​ខែ​មិថុនា ក៏បាន​ឱ្យដឹង​ដែរ​ថា ក្រៅពីនេះ​មាន​អ្នក​ដែល​ត្រូវ​គ្រូពេទ្យ មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង ដោយសារ​បញ្ហា​សុខភាព​មាន​ចំនួន​ ៥៨ ០៣៣ ​នាក់ (​ស្រី ២៩ ៣៩១ ​នាក់​)​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​កាលពី​ថ្ងៃទី ២២ ខែមិថុនា ថា​៖ «​ប្រហែលជា ១ សប្តាហ៍​ទៀត យើង​នឹង​មាន​ប្រជាពលរដ្ឋ​ចំនួន ៤ លាន​នាក់​ទទួល​បាន​ការចាក់​វ៉ាក់សាំង​។ វ៉ាក់សាំង​មាន​អត្ថប្រយោជន៍​ក្នុង​ការជួយ​ជីវិត​មនុស្ស​។ ចាក់​វ៉ាក់សាំង​នៅពេល​នេះ ដើម្បី​ការពារ​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​កាត់បន្ថយ​បាន​នូវ​អត្រា​មរណភាព ដោយសារ​វីរុស​កូវីដ ១៩ បាន​»​។

លោកស្រី​បាន​គូសបញ្ជាក់​ទៀតថា ប្រសិន​បើ​ការវាយលុក​របស់​វីរុស​កូវីដ ១៩ លឿន ហើយ​ការចាក់​វ៉ាក់សាំង​មិនបាន​លឿន នោះ​វា​មិន​ស៊ីគ្នា​ទេ «​ដូចនេះ​យើង​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ការចាក់​វ៉ាក់សាំង​របស់​យើង​ឱ្យបាន​លឿន​ដែរ​»៕