ភ្នំពេញៈ វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ ជាមួយ​វិទ្យាស្ថាន Zejiang Institute of Communication (ZJIC) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការអប់រំ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​វិស្វករ​។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៤ ខែមិថុនា​នេះ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​រវាង​លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន និង​លោក Chen Kai នាយករង​វិទ្យាស្ថាន Zejiang Institute of Communication នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

តាមរយៈ MOU នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​លើ​គោលការណ៍​សហប្រតិបត្តិការ​ជាច្រើន​រួមមាន ការផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការអប់រំ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរ​វប្បធម៌​ទៅវិញទៅមក ការអភិវឌ្ឍ​កម្មវិធីសិក្សា ការផ្លាស់ប្តូរ​សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង​និស្សិត ការផ្លាស់ប្តូរ​ព័ត៌មាន និង​ទិន្នន័យ​ចាំបាច់ បណ្ណាល័យ ការបោះពុម្ពផ្សាយ ការបង្កើត​សន្និសីទ​សារព័ត៌មាន សិក្ខាសាលា និង​ការផ្លាស់ប្តូរ​ធនធាន​ផ្សេងៗ​ទៀត​។

លោក ហឿន សំនៀង បាន​ថ្លែងថា វិទ្យាស្ថាន​តេជោសែន​នឹង​ផ្ដល់​ចំណេះដឹង​យ៉ាង​ទូលំទូលាយ​ដល់​និស្សិត​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ទ្រឹស្តី​ដើម្បី ក្លាយ​ខ្លួន​ជា​អ្នកមាន​ជំនាញ​ និង​ទទួលបាន​បទពិសោធន៍​ច្បាស់លាស់ ប្រកប​ដោយ​គុណធម៌ សីលធម៌ ដែល​អាចដឹកនាំ និង​អភិវឌ្ឍ​នៅក្នុង​សង្គម​នាពេល​អនាគត​។

លោក​ សំនៀង បាន​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​នាំយក​និស្សិត​ឆ្នើម​ក៏ដូចជា​សាស្ត្រាចារ្យ​ល្អៗ​ទៅ​ដកស្រង់​បទពិសោធ​ជាក់ស្តែង​នៅតាម​ការដ្ឋាន ក្នុងស្រុក និង​បណ្តា​ប្រទេស​នានា​រួមមាន ប្រទេស​ចិន ជប៉ុន កូរ៉េ ដែលជា​ដៃគូ​សហការ​របស់​ក្រសួង​សាធារការ​ផង​ដែរ​។

លោក​បាន​គូសបញ្ជាក់ថា វិទ្យាស្ថាន​តេជោសែន ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០២១ នេះ បាននិង​កំពុង​ខិតខំ​បណ្តុះបណ្តាល​និស្សិត​ទាំងអស់ ឱ្យ​ក្លាយខ្លួន​ជា​វិស្វករ​នា​ថ្ងៃ​អនាគត​យ៉ាងពិត​ប្រាកដ មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

វិទ្យាស្ថាន Zejiang Institute of Communication (ZJIC) ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ១៩៥៨ និង​បាន​បណ្តុះបណ្តាល​សិស្ស​និស្សិត​លើ​មុខជំនាញ​បច្ចេកទេស​សរុប​ប្រមាណ​ជាង ៤០ មុខជំនាញ ក្នុង​ដេប៉ាតឺម៉ង់​ចំនួន​ ៩ ក្នុងនោះ​រួមមាន ដេប៉ាតឺម៉ង់ ផ្លូវថ្នល់ និង​ស្ពាន ដេប៉ាតឺម៉ង់​ផ្លូវទឹក ដេប៉ាតឺម៉ង់ គ្រប់គ្រង​ដឹកជញ្ជូន ដេប៉ាតឺម៉ង់​ដឹកជញ្ជូន​ឆ្លាត​វៃ និង​ដេប៉ាតឺម៉ង់ Rail Transit ជាដើម​។

សូមជម្រាបថា សមភាគី​នៃ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ទាំងពីរ​បាន​យល់ព្រម​បំពេញ​ទស្សនកិច្ច​ទៅវិញ​ទៅមក នា​ថ្ងៃ​ខាងមុខ​តាម​ពេលវេលា​សមស្រប​ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ បាន​ធូរស្រាល ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​ទូលំទូលាយ និង​ស៊ីជម្រៅ​ថែមទៀត​៕