ភ្នំពេញៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​អំពី​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ (FPCS) ដោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ ណែនាំ​ឱ្យ​មន្ត្រី​ប្រមូល​បញ្ហា​ខ្វះខាត​ និង​រិះរក​វិធី​បំពេញបន្ថែម ដើម្បី​ឱ្យ​ការប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​នេះ​បាន​កាន់តែ​ប្រសើរ​។

កាលពី​ថ្ងៃទី ២៣ មិថុនា លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរការ​នៃ​ការវិវឌ្ឍ​របស់​ប្រព័ន្ធ​ចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ (FPC-S) ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ជាច្រើន​។

ក្នុង​ឱកាស​នោះ លោក គៀត ច័ន្ទថារិទ្ធ បាន​លើកឡើង​ថា ប្រព័ន្ធ​ចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​នេះ​បាន​ដំណើរការ​ទៅមុខ​មួយ​ជំហាន​ដ៏ល្អ​ហើយ​ បន្ទាប់ពី​បានដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ដើមឆ្នាំ​ ២០២០​។

លោក​បន្តថា ក្នុងនោះ​មាន​អត្រា​ការចុះឈ្មោះ ជនបរទេស​ក្នុង​ប្រព័ន្ធ​កើនឡើង​ល្អប្រសើរ​គួរឱ្យ​កត់សម្គាល់​។ ទោះយ៉ាងណា លោក​ថា​តាំងពី​ការចាប់ផ្តើម​រហូតមក​ទល់​ពេលនេះ គឺ​អាច​និយាយ​បាន​ថា ប្រព័ន្ធ​នេះ​នៅ​មិនទាន់​បំពេញ​បាន​សមស្រប​ទៅ​នឹង​សំណូមពរ​ដែល​បានគ្រោង​ទុក​ និង​គ្រប់​គោលការណ៍​លក្ខខណ្ឌ​មួយចំនួន​នៅឡើយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​យើង​ត្រូវ​ប្រមូល​បញ្ហា​ខ្វះខាត ហើយ​រិះរក​វិធី​បំពេញបន្ថែម​ ដើម្បី​ឱ្យ​ការប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​ទទួល​បាន​ជោគជ័យ​។ ដូចជា​ទិន្នន័យ​ជនបរទេស អាសយដ្ឋាន​មិន​ពិតប្រាកដ ការចុះ​ឈ្មោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង និង​បញ្ហា​មួយចំនួនទៀត​»​។

ជាមួយ​គ្នា​នេះដែរ លោក គៀត ច័ន្ទថារិទ្ធ ក៏បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដើម្បី​បង្កើន​សមត្ថភាព​ដល់​មន្ត្រី​នគរបាល​មូលដ្ឋាន យល់ដឹង​ឱ្យបាន​ច្បាស់លាស់​ពី​ប្រព័ន្ធ FPCS នេះ ដើម្បី​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ជនបរទេស​ ដើម្បី​ធ្វើឱ្យ​មាន​ភាពងាយស្រួល​ក្នុង​ការស្វែងរក​ជនបរទេស ដែល​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ណាមួយ ដែល​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា​។

កាលពី​ពាក់កណ្តាល​ខែមិថុនា មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​ពិភាក្សា​គ្នា​កែសម្រួល​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី ដើម្បី​ទប់ស្កាត់​ជនបរទេស​ដែល​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់ និង​ដើម្បី​គ្រប់គ្រង​ជនបរទេស ដែល​កំពុង​បន្ត​រស់នៅ​កម្ពុជា​ផងដែរ​។

លោក អំ សំអាត នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែងថា ការគ្រប់គ្រង​ជនបរទេស​តាម​ប្រព័ន្ធ​ចុះបញ្ជី​នេះ​គឺជា​ការរួម​ចំណែក​មួយ នៅក្នុង​ការកំណត់ ឬ​ការគ្រប់គ្រង​ជនបរទេស ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ប៉ុន្តែ​លោក អំ សំអាត យល់ថា ប្រតិបត្តិការ​តែមួយ​ក្នុង​ការចុះបញ្ជី​ជនបរទេស​តាម​ប្រព័ន្ធ​នេះ ក៏​មិនទាន់​មាន​ប្រសិទ្ធភាព​ល្អប្រសើរ​ប៉ុន្មាន​នោះដែរ ដែល​ទាមទារ​ឱ្យ​មាន​យន្តការ និង​ក៏ដូចជា​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ថ្មី​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​អាច​ធ្វើការ​គ្រប់គ្រង​ជនបរទេស​បាន​ល្អ​ប្រសើរ​ជាង​នេះ ខណៈ​ការគ្រប់គ្រង​ជនបរទេស​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ភាពស្មុគស្មាញ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិតថា ធ្វើយ៉ាងណា​ក៏ដោយ​គឺ​យើង​ត្រូវតែ​មាន​វិធានការ​គ្រប់គ្រង​បន្ថែមទៀត​ទៅលើ​ជនបរទេស​នេះ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព ព្រោះ​កន្លងមក យើង​ឃើញ​មាន​ជនបរទេស​ជាច្រើន​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​។ ប្រព័ន្ធ​ទិន្នន័យ​នេះ​ទៀត ទាក់ទង​នឹង​ជនបរទេស​មួយចំនួន ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​គេ ហើយ​ចូលមក​កម្ពុជា​ក៏​យើង​មិនទាន់​បាន​គ្រប់គ្រង​ឱ្យបាន​ច្បាស់លាស់​ដែរ​។ បើសិន​ជា​មាន​ប្រព័ន្ធ​ទិន្នន័យ​ដែល​ស៊ីចង្វាក់​គ្នា​ដែល​អាច​ធ្វើការ​ផ្ទៀងផ្ទាត់​បាន គឺ​កាន់តែ​ល្អ​»​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឱ្យដឹងថា គិត​ចាប់ពី​ឆ្នាំ​ ២០១៤ ដល់​ខែ​ឧសភា ឆ្នាំ​ ២០២១ មាន​ជនបរទេស​សរុប​ជិត​ ២ ម៉ឺន​នាក់​ និង​មាន ១០៤ សញ្ជាតិ​ត្រូវ​បាន​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ក្រោយពី​រកឃើញ​ថា ពួកគេ​បាន​ចូលមក​ធ្វើការ និង​រស់នៅ​ខុសច្បាប់​។

តាមរយៈ​ប្រព័ន្ធ​ចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​នេះ​ក៏​បាន​រកឃើញថា បច្ចុប្បន្ន​មាន​ជនអន្តោប្រវេសន៍​ស្នាក់នៅ​កម្ពុជា​ជាង​ ១៤ ​ម៉ឺន​នាក់​ដែល​ភាគច្រើន ជា​ជនជាតិ​ចិន កូរ៉េ វៀតណាម និង​អាមេរិក​៕