ភ្នំពេញៈ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី​ ២៥ ​ខែ​មិថុនា​នេះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឱ្យ​មន្ត្រី​ក្រោមឱវាទ​របស់លោក ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការចរាចរ គ្រឿងញៀន ចូល​មក​ក្នុង​ប្រទេស​ឱ្យមាន​ប្រសិទ្ធភាព ខណៈ​លោក​ទទួលស្គាល់ថា គ្រឿងញៀន​នៅតែ​ជា​បញ្ហា​គំរាមកំហែង​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។

លោក​ ហ៊ុន សែន បាន​ថ្លែង​តាមរយៈ​សារលិខិត​ ដើម្បី​អបអរ​ទិវា​នេះ​ថា​៖ «​ក្រសួង​ស្ថាប័ន​ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ក្នុង​ការពង្រឹង​ និង​ពង្រីក​បន្ថែម ឱ្យ​បាន​ទូលំទូលាយ​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី​តំបន់ និង​ជា​សកល​ ដើម្បី​ទប់ស្កាត់ ការចរាចរ​ជួញដូរ គ្រឿងញៀន​ខុសច្បាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

លោក ហ៊ុន សែន ក៏​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​នានា​សូម​ឱ្យ​បន្ត​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​ឱ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​បង្ការ​ទប់ស្កាត់ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​គ្រឿងញៀន ដែល​អាច​កើតមាន​នៅក្នុង​សហគមន៍​។

លោក​ក៏បាន​អំពាវនាវ​ដល់​មាតាបិតា និង​អាណាព្យាបាល​សូម​បន្ត​យកចិត្ត​ទុកដាក់​ថែទាំ និង​អប់រំ​កូនចៅ​ឱ្យបាន​ល្អ ដើម្បី​កុំឱ្យ​មាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ ​១៩ និង​ចៀសឱ្យផុត​ពី​បញ្ហា​អវិជ្ជមាន​ផ្សេងៗ​នៅក្នុង​សង្គម​។

លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ក្នុង​ករណី​ដឹងថា កូនចៅ​របស់​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងនេះ​ត្រូវ​យកចិត្ត​ទុកដាក់​ផ្តល់​កិច្ចសហការ ឬ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ជំនាញ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ដោយ​មិនត្រូវ​ព្យាយាម​លាក់បាំង ឬ​រក្សាទុក​ដែល​អាច​បង្ក​គ្រោះថ្នាក់ និង​ភាពឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ខ្លួន​គាត់​ផ្ទាល់ ក្រុមគ្រួសារ អ្នកដទៃ​ និង​សហគមន៍​ទាំងមូល​ឡើយ​»​។

លោក​បន្តថា​៖ «​បញ្ហា​គ្រឿងញៀន នៅតែ​ជា​បញ្ហា​សង្គម​ដ៏ស្មុគស្មាញ​មួយ ដែល​បាន​គំរាមកំហែង​ដល់​សុខភាព សាធារណៈ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​សង្គម​របស់​យើង​»​។

បើតាម​សារលិខិត​របស់​លោក ហ៊ុន សែន បទល្មើស​គ្រឿងញៀន​ចំនួន​ ១០ ៤៦១ ករណី ​ត្រូវ​បាន​បង្ក្រាប​ក្នុង​ឆ្នាំ​ ២០២០ គឺ​បង្ក្រាប បាន​ច្រើនជាង​ឆ្នាំ​ ២០១៩ ​ប្រមាណ ៦,៧៩%​។

ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ចំនួន ២១ ៥៦៦ ​នាក់ ត្រូវបាន​ឃាត់ខ្លួន គឺ​ច្រើនជាង​ឆ្នាំ​ ២០១៩ ប្រមាណ​ ៥,២៥% និង​ចាប់យក​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ជាង ៣ ៨៧៥ ​គីឡូក្រាម ដែល​បរិមាណ​នេះ មាន​ការកើនឡើង​ប្រមាណ​ ៥១៦% បើ​ប្រៀបធៀប​ទៅនឹង​បរិមាណ​ដែល​ចាប់យក​បាន​ក្នុង​ឆ្នាំ​ ២០១៩៕