ភ្នំពេញ៖ ក្រសួង​កសិកម្ម​តាមរយៈ​គម្រោង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ (ASPIRE) និង​ក្រុមហ៊ុន BRONX Technology បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ ចម្ការ (Chamka App) ក្នុង ១៥ រាជធានី-ខេត្ត ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៤៣ ០០០ នាក់ ដើម្បី​ផ្តល់​ជំនួយ​បច្ចេកទេស​ផ្សេងៗ ហើយ​កសិករ​ក៏​អាច​ដាក់​លក់​ទិន្នផល​កសិកម្ម​របស់​ខ្លួន​បាន​ផង​ដែរ។

កម្មវិធី Chamka ផ្តល់​ជូន​នូវ​មុខងារ​ជាច្រើន​សម្រាប់​កសិករ។ វា​ដើរ​តួ​ជា​ទីផ្សារ​អេឡិចត្រូនិក ដែល​អាច​ឱ្យ​អ្នក​ផ្គត់ផ្គង់​អាច​ផ្សព្វផ្សាយ​អំពី​ទំនិញ​ធាតុ​ចូល​កសិកម្ម និង​កសិករ​អាច​ដាក់​លក់​ទិន្នផល​កសិកម្ម​របស់​ពួក​គេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ Swisscontact បញ្ជាក់​នៅ​ថ្ងៃទី ២៥ ខែ​មិថុនា​ថា រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ជំនាញ​បច្ចេកទេស​ចំនួន ៦ នាក់ សម្រាប់​ផ្តល់​ជា​ជំនួយ​បច្ចេក​ទេស​ដល់​កសិករ និង​មាន​អ្នក​ផ្គត់ផ្គង់​ទំនិញ​ធាតុ​ចូល​កសិកម្ម​ចំនួន ៣០ រួច​មក​ហើយ លើ​កម្មវិធី​ចម្ការ​នេះ។

ថ្លែង​ក្នុង​សិក្ខាសាលា​តាម​អនឡាញ​ស្តីពី​ការ​វាយ​តម្លៃ​បច្ចេកទេស​គមនាគមន៍ និង​ព័ត៌មាន​សម្រាប់​កសិករ​ខ្នាត​តូច កាល​ពី​ថ្ងៃទី ២៣ ខែ​មិថុនា ដែល​មាន​ការ​ណែនាំ​អ្នក​ចូល​រួម​ឱ្យ​ស្គាល់​ពី​កម្មវិធី​ទូរស័ព្ទ​ចម្ការ​ដែរ​នោះ លោក Rajiv Pradhan នាយក​នៃ​អង្គការ Swisscontact ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា កម្មវិធី ChamkaApp ដែល​ជា​ដំណោះស្រាយ​ថ្មី​មួយ ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ចំពោះ​កសិករ​ខ្នាត​តូច​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​បច្ចេកទេស និង​ទទួល​បាន​ជំនួយ​បច្ចេកទេស​ពី​អ្នក​ជំនាញ​កសិកម្ម​នៅ​ពេល​ដែល​ពួក​គេ មាន​បញ្ហា​ចំពោះ​ការងារ​កសិកម្ម​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

លោក VisalKith ​ជា​នាយកប្រតិបតិ្ត​នៃ​ក្រុមហ៊ុន Bronx Technology ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា កម្មវិធី ChamkaApp ផ្តល់​អត្ថប្រយោជន៍​សំខាន់​នៃ​បច្ចេកវិទ្យា​ក្នុង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស ដែល​វា​បាន​អនុញ្ញាត​ឱ្យ​កសិករ​ស្វែងរក​ជំនួយ​បច្ចេកទេស​ដោយ​ផ្ទាល់​ពី​អ្នក​ជំនាញ​កសិកម្ម​សម្រាប់​ការ​ធ្វើ​កសិកម្ម​របស់​ពួក​គេ។

លោក​ថ្លែង​ថា៖ «កម្មវិធី ChamkaApp គឺ​កាន់​តែ​មាន​សារៈប្រយោជន៍​នៅ​កំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ព្រោះ​ថា កសិករ​នៅ​តែ​អាច​ទាក់ទង​ជាមួយ​អ្នក​ជំនាញ​បាន​តាមរយៈ​កម្មវិធី ChamkaApp»។

កម្មវិធី​ទូរស័ព្ទ​ចម្ការ គឺ​ជា​កម្មវិធី​សូហ្វវែរ (Software) មួយ​ដែល​ដំណើរការ​នៅ​លើ​ទូរស័ព្ទ​ដៃ​ឆ្លាត​វៃ​គ្រប់​ប្រភេទ។

កម្មវិធី​នេះ ផ្ដល់​នូវ​ចំណេះដឹង​អំពី​ការ​ធ្វើ​កសិកម្ម និង​សេវា​ប្រឹក្សា​យោបល់​ពី​អ្នក​ជំនាញ​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​ខ្នាត​តូច។

កម្មវិធី​ចម្ការ​នេះ ក៏​ជា​ទីផ្សារ​អេឡិចត្រូនិក​ដែល​កសិករ​ខ្នាត​តូច​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​រវាង​អ្នក​ផ្គត់ផ្គង់ និង​អ្នក​ទិញ ដើម្បី​អាច​ធ្វើ​ការ​លក់ និង​ទិញ​ទំនិញ​ធាតុ​ចូល និង​ទិន្នផល​កសិកម្ម​បាន៕