ក្រចេះ: កូរ៉េខាងត្បូង​បានប្រគល់​អគារសិក្សា​ថ្មី​មួយ​ខ្នង ដែល​បំពាក់​ទៅ​ដោយ​សម្ភារ​ទំនើប​ដល់​សាលារៀន​នៅ​ជនបទ​មួយកន្លែង​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​ជា​ការនាំមក​នូវ​ប្រព័ន្ធ​អប់រំ​ទំនើប​សម្រាប់​សិស្ស​នៅ​តំបន់​ជនបទ​មួយ​នេះ​។

អង្គការ​ ឆាលហ្វាន់ (ChildFund) កម្ពុជា​បាន​ឱ្យដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២៥ ខែមិថុនា ថា​៖ «​ថ្ងៃនេះ​អគារសិក្សា​ថ្មី​សន្លាង​មួយ​ខ្នង​ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ និង​ប្រគល់ជូន​សាលាបឋមសិក្សា​ជនបទ​មួយ​ក្នុងស្រុក​ឆ្លូង​»​។

អគារសិក្សា​ថ្មី​នេះ​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ តាមរយៈ​គម្រោង​ដែលមាន​ឈ្មោះថា «​ងាយស្រួល​រៀន​» ដែល​បង្កើតឡើង​ដោយ​អង្គការ​ឆាលហ្វាន់ កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ពី​ឆ្នាំ ២០១៩ ដល់ ២០២១​។

គម្រោង​នេះ​បាននិង​កំពុង​អនុវត្ត​ដោយ​អង្គការ​ដៃគូ​ក្នុងស្រុក​មួយ​ឈ្មោះថា សមាគម​ខ្មែរ​ ដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ ដែល​ហៅ​កាត់​ថា កាហ្វដុក (KAFDOC) ​និង​មាន​គោលបំណង​ ដើម្បី​ធានាថា កុមារ​គ្រប់រូប​បាន​ចូលរៀន​ប្រកប​ដោយ​គុណភាព តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប កំណែទម្រង់​វិធីសាស្ត្រ បង្រៀន​ និង​រៀន​ព្រមទាំង​ពង្រឹង​ការចូលរួម​ពី​សហគមន៍​។

អង្គការ​ ឆាលហ្វាន់ បាន​បញ្ជាក់ថា កុមារ​ប្រមាណ​ជាង ៦ ០០០ ​នាក់​នៅ​តាម​សាលាបឋមសិក្សា​ចំនួន ១៧ បាន​ទទួល​ផល​ពី​គម្រោង ហើយ​បុគ្គលិក​សិក្សា​ប្រមាណ ២៨៤ ​នាក់​ត្រូវ​បាន​ពង្រឹង​សមត្ថភាព​ក្នុង​ការបង្រៀន និង​គ្រប់គ្រង​សាលារៀន​។

បើតាម​អង្គការ​ ឆាលហ្វាន់ ក្រៅពី​អគារសិក្សា​ថ្មី​ ២ ​ខ្នង គម្រោង​បាន​សាងសង់​អគារ​បណ្ណាល័យ​ទំនើប​ដាច់ដោយឡែក​ចំនួន ៧ ​អគារ បង្គន់​អនាម័យ​តភ្ជាប់​ប្រព័ន្ធ​ទឹក​ចំនួន ៧ ​កន្លែង ខួងអណ្តូង​ប្រើ​សូឡា​ចំនួន ២ ​អណ្តូង កែលម្អ​ថ្នាក់រៀន​ឱ្យ​ទៅ​ជា​បណ្ណាល័យ​ចំនួន ៥ ​បន្ទប់ រៀបចំ​បន្ទប់​កុំព្យូទ័រ​ចំនួន ៣ ដោយ​បំពាក់​កុំព្យូទ័រ​លើ​តុ ៤៨ ​គ្រឿង និង​ផ្តល់​សៀវភៅ​អាន​ជាង ២៣ ០០០ កុំព្យូទ័រ​យួរដៃ​ចំនួន ១៧ ​គ្រឿង សម្ភារ​សិក្សា​ផ្នែក​អំណាន និង​គណិតវិទ្យា​ចំនួន ១១៩ ​ហិប និង​ថេប្លេត (Tablet) ដែល​ដំឡើង​កម្មវិធី​អំណាន​ខ្មែរ​ចំនួន ២៩៤ ​គ្រឿង​។

គម្រោង​ក៏បាន​បណ្តុះបណ្តាល​ជំនាញ​ដឹកនាំ និង​គ្រប់គ្រង​សាលារៀន​ដល់​គណៈកម្មការ​គ្រប់គ្រង​សាលារៀន និង​វិធីសាស្ត្រ​បង្រៀន​ដល់​លោកគ្រូ​អ្នកគ្រូ ដោយ​សហការ​យ៉ាង​ស្អិតរមួត​ជាមួយ​មន្ទីរអប់រំ​ខេត្ត សាលា​គរុកោសល្យ និង​វិក្រឹត​ការខេត្ត និង​ការិយាល័យ​អប់រំ​ស្រុក ដើម្បី​ពង្រឹង​គុណភាព អំណាន​ថ្នាក់ដំបូង​របស់​កុមារ និង​ជួយ​ចូលរួម​សម្រេច​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា (២០១៩-២០២៣)​។

លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ និង​ប្រគល់​អគា​នេះ​ថា អគារសិក្សា​ថ្មី​នេះ​ជា​សមិទ្ធផល​ថ្មី​សន្លាង​មួយទៀត ដែល​បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការកែលម្អ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​សាលា​កុមារ​មេត្រី ពុំ​អាច​សម្រេច​លទ្ធផល​ល្អប្រសើរ​បានឡើយ ប្រសិន​បើ​គ្មាន​ការជួយ​គាំទ្រ​ផ្នែក​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​ដូចជា កយកា និង​អង្គការ​ ឆាលហ្វាន់ ហើយ​ជា​ភ័ព្វសំណាង​សម្រាប់​កុមារ​ជនបទ ដូចជា​នៅ​ស្រុក​ឆ្លូង​នេះដែរ ដែល​មាន​ឱកាស​បាន​រៀនសូត្រ​ក្នុង​អគារសិក្សា​ថ្មី ដែល​បំពាក់​ដោយ​សម្ភារ​ទំនើប​ជាច្រើន​»​។

លោក ប្រាស្សាន វើម៉ា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាលហ្វាន់​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ថា​គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​ធានា​ថា កុមារ​ក្នុង​តំបន់​ដាច់ស្រយាល​អាច​ទទួល​បាន​នូវ​ការអប់រំ​ប្រកប​ដោយ​គុណភាព ដូច​កុមារ​នៅតាម​ទីក្រុង​ដែរ​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​ធ្វើការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការកែទម្រង់​ប្រព័ន្ធ​អប់រំ ជាពិសេស​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​សាលា​កុមារ​មេត្រី​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​អង្គការ​ឆាលហ្វាន់​បញ្ជាក់ថា គម្រោង​នេះ​បាន​ផ្តួចផ្តើម​វិធីសាស្ត្រ និង​បច្ចេកវិទ្យា​ទំនើប រួមទាំង​ការជួយ​កុមារ​ឱ្យ​រៀន​បាន​ប្រសើរ​តាមរយៈ សិស្ស​ធំ​ជួយ​បង្រៀន​សិស្ស​តូច ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុងការ​បង្រៀន និង​រៀន ការប្រើប្រាស់​ថេប្ល៊ិត (Tablet) ដើម្បី​តាមដាន និង​វាយតម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស និង​ការប្រើប្រាស់​កម្មវិធី​លើ​ថេប្ល៊ិត​ ដើម្បី​ទាក់ទាញ​កុមារ​ឱ្យ​សិក្សា​ជាដើម​។

លោក រ៉ូ យុនជុន នាយក​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​កយកា) បាន​ថ្លែងថា កយកា មាន​មោទនភាព​ក្នុង​ការសហការ​ជាមួយ​អង្គការ​ឆាលហ្វាន់ និង​អង្គការ​កាហ្វដុក សម្រាប់​គម្រោង​កែលម្អ​វិស័យ​អប់រំ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​សប្បាយចិត្ត​ដែល​បាន​ឃើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ពង្រឹងគុណភាព​អប់រំ​ទោះ​នៅ​ក្នុង​កាលៈទេសៈ​ដ៏លំបាក​នៃ​ជំងឺ​រាតត្បាត​ជា​សកល​ក៏ដោយ​។ ខ្ញុំ​សង្ឃឹមថា អគារ សិក្សា​ថ្មី​នេះ​នឹង​ក្លាយ​ជា​កន្លែង​ដែល​កុមារ​អាច​សម្រេច​បាន​នូវ​សុបិន​ក្នុង​ការអភិវឌ្ឍ​ពិភពលោក​នា​ថ្ងៃ​អនាគត​»៕