ភ្នំពេញៈ ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ (​គបផក) នៃ​ក្រសួង​មហាផ្ទៃ​អំពាវ​ដល់​អ្នក​ដែល​បាន​ទិញ​អាល់កុល​ជាង​ ៧ ​ម៉ឺន​លីត្រ ឱ្យ​បញ្ឈប់​ការចែកចាយ និង​បញ្ឈប់​ប្រើប្រាស់​ជាបន្ទាន់​ ព្រោះ​វា​ជា​អាល់កុល​ក្លែងក្លាយ ដែល​មាន​សារធាតុ​មេតាណុល​លើស​កម្រិត ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។

គបផក បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៥ ខែមិថុនា​នេះ តាមរយៈ​សេចក្តី​ជូនដំណឹង​ថា អាល់កុល​ក្លែងក្លាយ​ដែល​ប្រើ​សារធាតុ​មេតាណុល​លើស​កម្រិត ចំនួន​ ៧៤ ០៦០ ​លីត្រ​ ដែល គបផក បាន​ធ្វើការ​បង្ក្រាប​នៅ​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ០១ ​ខែមិថុនា គឺជា​ប្រភេទ​អាល់កុល​ក្លែងក្លាយ ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ គ្មាន​គុណប្រយោជន៍​ខាង​ផ្លូវ​វេជ្ជសាស្ត្រ សម្រាប់​សម្លាប់​មេរោគ​ផ្សេងៗ ជាពិសេស​មេរោគ​កូវីដ​ ១៩ ​អ្វី​ទាំងអស់ និង​ពុំមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។

គបផក បញ្ជាក់ថា​៖ «​ដូចនេះ​ដើម្បី​ធានា​សុវត្ថិភាព​អ្នកប្រើប្រាស់ ក៏ដូចជា​ទប់ស្កាត់​ការចរាចរ​អាល់កុល​ក្លែងក្លាយ ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ដើម្បី​អនុវត្តតាម​នីតិវិធីតុលាការ គណៈកម្មាធិការ សូម​ជម្រាបជូន​ដល់​មន្ទីរពេទ្យ គ្រឹះស្ថាន​ឱសថស្ថាន ឱសថស្ថាន​រង ទីកន្លែង​ប្រកប​អាជីវកម្ម​នានា និង​សាធារណជន ដែល​បាន​បញ្ជា​ទិញ​អាល់កុល​ក្លែងក្លាយ​ពី​ទីតាំង​ខាងលើ បញ្ឈប់​ការចែកចាយ និង​ប្រើប្រាស់​អាល់កុល​ក្លែងក្លាយ​ទាំងនេះ​ជាបន្ទាន់​»​។

លើសពីនេះ គបផក ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ទិញ​អាល់កុល​ក្លែងក្លាយ​ទាំងនេះ​សូម​ប្រគល់ជូន គបផក ដែល​ស្ថិតក្នុង​ក្រសួងមហាផ្ទៃ (​អគារ H) ក្នុង​អំឡុងពេល​ ១ ​សប្តាហ៍​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ ដើម្បី​យកទៅ​កម្ទេចចោល​តាម​នីតិវិធី​តុលាការ​៕

វីដេអូ៖