ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រំឭក​ដល់​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​ ហើយ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ត្រូវ​ប្រញាប់​រួសរាន់​មកចាក់​ចាប់ពី​ថ្ងៃទី ២៧ មិថុនា​ទៅ​ ខណៈ​កាលបរិច្ឆេទ​នៃ​ការចាក់​ចុងក្រោយ​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​សប្ដាហ៍​ទី ១ ខែក្រោយ។

យោងតាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​កាលពី​ម្សិលមិញ បាន​លើកឡើងថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ​ដែលមាន​កិច្ចសហការ​ពី​ក្រុមគ្រូពេទ្យ​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួង​ការពារជាតិ,ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជា (TYDA), ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ទៀ បាញ់, ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស.ស.យ.ក. និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផ្សេងទៀត​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន។

សេចក្ដី​ជូនដំណឹង​នេះ​បានឱ្យ​ដឹងថា​មាន​ពលរដ្ឋ​អាយុ​ចាប់ពី ១៨ ឡើង​ទៅបាន​ចូលរួម​ចាក់​វ៉ាក់សាំង​យ៉ាង​សស្រោកសស្រាំ​តាម​គោលដៅ​នៃ​ខណ្ឌ​នីមួយៗ ដែល​គិត​មកទល់​ថ្ងៃទី ២៣ មិថុនា​គឺ​មាន​ពលរដ្ឋ​នៅក្នុង​រាជធានី​ចំនួន ១ ៦៦២ ៣៥៦ នាក់ បាន​ចាស់​ដូស​ទី ១ និង​ចំនួន ១ ៤៩៨ ៧៨៧ នាក់​បាន​ចាក់​ដូស​ទី ២ រួចរាល់។

យ៉ាងណាក្ដី រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​នៅមាន​ពលរដ្ឋ​មួយចំនួន​តូច​មិនទាន់​បានមក​ទទួល​វ៉ាក់សាំង​នៅឡើយ។ ហេតុ​ដូច្នេះហើយ​ដើម្បី​ឱ្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​បាន​ជោគជ័យ ១០០ ភាគរយ សាលា​រាជធានី​ភ្នំពេញ «សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ ស្នាក់នៅ ប្រកប​អាជីវកម្ម​មុខរបរ​ផ្សេងៗ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ពុំទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​សូម​អញ្ជើញ​រួសរាន់​មកចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី ២៧ ខែមិថុនា ដល់​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ កុំបី​ខាន»។

បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នកមាន​អាយុ​ពី ១៨ ឆ្នាំ​ឡើង​ដែល​នៅ​មិនទាន់បាន​មកចាក់​វ៉ាក់សាំង​ក្នុង​ខណ្ឌ​ទាំង ១៤ គឺមាន​សរុប​ចំនួន ១៩ ៣៩៩ នាក់ ក្នុងនោះ​ខណ្ឌ​កំបូល​មាន ៩៨៧នាក់ ខណ្ឌ​ពោធិ៍សែនជ័យ​មាន ៤ ៩៨០ នាក់ ខណ្ឌ​ទួលគោក​មាន ១ ២៩៧ នាក់ ខណ្ឌ ៧ មករា​មាន ៧៥៥ នាក់ ខណ្ឌដូនពេញ​មាន ៥២១ នាក់ ខណ្ឌ​បឹងកេងកង​មាន ៧០២ នាក់ ខណ្ឌ​ចំការមន​មាន ២២២ នាក់ ខណ្ឌ​ដង្កោ​មាន ១ ៨៨៧ នាក់ ខណ្ឌ​ជ្រោយចង្វារ​មាន ២ ៥៩០ នាក់ ខណ្ឌ​ឫស្សីកែវ​មាន ៣០០ នាក់ ខណ្ឌ​ច្បារអំពៅ​មាន ១ ៨៧៣ នាក់ ខណ្ឌមានជ័យ​មាន ០ នាក់[ ចាក់​អស់] ខណ្ឌ សែនសុខ​មាន ១ ៧៦១ នាក់​ និង​ខណ្ឌ​ព្រែកព្នៅ ១ ៥២៤ នាក់។

ជាមួយ​នឹង​ការអំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មិនទាន់​បានទទួល​ចាក់​វ៉ាក់សាំង​ឱ្យ​រួសរាន់​ទៅ​ចាក់​នៅតាម​ទីតាំង​ដែល​បានកំណត់​នៅក្នុង​ខណ្ឌនីមួយៗ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ក្រើនរំឭក​ផងដែរ​ថា ក្នុងករណី​ដែល​ពលរដ្ឋ​មាន​ការខកខាន​ ក្រោយ​បិទបញ្ចប់​នឹងមិន​ទទួល​ខុសត្រូវ​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ទៀតឡើយ៕

វីដេអូ៖