ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ណែនាំ​អភិបាល​រាជធានី ខេត្ត​ទាំងអស់​ឲ្យ​ពង្រឹង​វិធានការ​ចត្តាឡីស័ក​នៅតាម​បណ្តា​ច្រកព្រំដែន​នានា និង​ពង្រឹង​វិធានការ​រដ្ឋបាល​ចាំបាច់​នានា ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ បំប្លែង​ខ្លួន​ថ្មី​ប្រភេទ Delta ក្នុង​សហគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃទី ២៦ ខែមិថុនា​នេះ​តទៅ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩ លោក ម៉ម ប៊ុនហេង បានចេញ​លិខិត​បន្ទាន់​មួយ​ផ្ញើជូន​អភិបាល​រាជធានី ខេត្ត​ទាំងអស់​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ការពារ​ជំងឺ​កូវីដ ១៩ បំប្លែង​ខ្លួន​ថ្មី​ប្រភេទ Delta ក្នុង​សហគមន៍។

ក្នុង​លិខិត​ចេញផ្សាយ​ថ្ងៃទី ២៥ ខែមិថុនា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅថ្ងៃនេះ លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លើកឡើង​ថា សភាពការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ បំប្លែង​ខ្លួន​ថ្មី​ប្រភេទ Delta មាន​វត្តមាន​នៅ​កម្ពុជា​តាមរយៈ​ការនាំ​ចូល​ពី​តាម​បណ្តា​ច្រកព្រំដែន​នានា។

ដើម្បី​បង្ការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​នេះ កុំ​ឲ្យ​ចូលក្នុង​សហគមន៍ គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​ជំងឺ​កូវីដ ១៩ តាមរយៈ​សេចក្តី​ជូនដំណឹង​បន្ទាន់ បាន​ណែនាំ​ឲ្យ​មាន​ការអនុវត្ត​វិធានការ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​មាត់ច្រក​ព្រំដែន ចំពោះ​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លង​ចូលមកក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ធ្វើការ​ដឹកជញ្ជូន​បន្ត ដើម្បី​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ភូមិ​ឃុំ​ទៀត​ទេ។

ក្នុង​សេចក្តី​ជូនដំណឹង​លោក​ ម៉ម ប៊ុនហេង ​សរសេរថា «គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ថ្នាក់​រាជធានី ខេត្ត (គ.រ.ខ) ត្រូវ​សហការ​ជាមួយ​អនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារ​ចេញ ចូល និង​ការធ្វើ​ចត្តាឡីស័ក​ ដើម្បី​កំណត់​ទីតាំង​មណ្ឌល​ចត្តាឡីស័ក​ដែល​នៅ​ជិត​បំផុត​សម្រាប់​ការធ្វើ​ចត្តាឡីស័ក​នេះ។ ទន្ទឹមនេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​បន្ថែម​ទៀត ក្នុង​ការពង្រឹង​វិធានការ​ចត្តាឡីស័ក​នេះ នៅតាម​មណ្ឌល​ឱ្យបាន​ម៉ឺងម៉ាត់ ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល»។

ជាមួយ​គ្នា​នោះ លោក​ ម៉ម ប៊ុនហេង បាន​ណែនាំ​ឲ្យ​បង្កើន​ការពង្រឹង​ការគ្រប់គ្រង​ច្រកព្រំដែន ជាពិសេស​ច្រករបៀង ចៀសវាង​ការជ្រៀត​ឆ្លង​ព្រំដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ដែល​បង្ក​ហានិភ័យ​ក្នុង​ការចម្លង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ចូលក្នុង​សហគមន៍។

លោក​សរសេរ​ក្នុង​លិខិត​ទៀតថា «គ.រ.ខ ត្រូវ​ចាត់វិធានការ​ពង្រឹង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក ដែល​វិល​ត្រឡប់មក​ភូមិ ឃុំ​វិញ និង​ត្រូវអនុវត្ត​វិធានការ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុង​ករណី​រកឃើញថា ប្រជាពលរដ្ឋ​ទាំងនោះ​ពុំបាន​ឆ្លងកាត់​ការធ្វើ​ចត្តាឡី​ស័ក​នៅតាម​ព្រំដែន»។

បើតាម​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ការពង្រឹង​ការអនុវត្ត​វិធានការ ទាំង​ផ្នែក​រដ្ឋបាល​ទាំង​ផ្នែក​សុខាភិបាល សំដៅ​បង្ការ​គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែរយៈ​ចម្លង​នៃ​មេរោគ​កូវីដ ១៩ ប្រភេទ​ថ្មី​នេះ​នៅ​តាម​មូលដ្ឋាន​ដែល​ត្រូវបាន​រកឃើញ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ៕

វីដេអូ៖