រដ្ឋបាល​ខេត្តកោះកុង ប្រកាស​មោឃភាព និង​ណែនាំ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការចុះហត្ថលេខា ឬ​ការបញ្ជាក់​ទទួលស្គាល់​លើ​លិខិត​ប្រើប្រាស់ ឬ​ទិញ​លក់​ដី​រដ្ឋ ដែល​ធ្វើឡើង​នៅ​លើដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។

ការប្រកាស​មោឃភាព និង​ណែនាំ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ល្មើស​ទាំងនេះ បន្ទាប់ពី​ក្រសួង​បរិស្ថាន​បាន​ដាក់​លិខិត​មួយច្បាប់​កាលពី​ខែឧសភា ឆ្នាំ ២០២១ ពី​ករណី​ដែល​នៅតែ​មាន​ការចុះហត្ថលេខា​បញ្ជាក់​ទទួលស្គាល់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដី លិខិត​ទិញ​លក់​ដី​រដ្ឋ ឬ​ការបញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​នៃ​ដី​ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ខណៈ​ទង្វើ​ទាំងអស់​នេះ គឺជា​ទង្វើ​ខុសច្បាប់។

រដ្ឋបាល​ខេត្តកោះកុង​បាន​បញ្ជាក់​នៅក្នុង​លិខិត​របស់ខ្លួន​ចុះ​ថ្ងៃទី ២៤ មិថុនា​ថា៖ «ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បដិសេធ​ចោល​នូវ​អានុភាព​នានា​របស់​ឯកសារ​ខាងលើ​នេះ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋបាល​ឃុំ សង្កាត់, រដ្ឋបាលខេត្ត​ស្នើឱ្យ​លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​រដ្ឋបាល​របស់ខ្លួន»។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង​បាន​សង្កត់ធ្ងន់ថា គ្រប់​អាជ្ញាធរ​ដែនដី​ដែល​មាន​សមត្ថកិច្ច ត្រូវ​បដិសេធ និង​មោឃភាព រាល់​លិខិត និង​ឯកសារ​ទាំងឡាយ​ណា​ដែលមាន​ពាក់ព័ន្ធ​នឹង​ការកាន់កាប់ និង​ការផ្ទេរសិទ្ធិ​ទាំងឡាយ​លើដី​ធ្លី ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ដែល​រដ្ឋបាល​ឃុំ សង្កាត់ បាន​ចុះហត្ថលេខា​បញ្ជាក់​នាពេល​កន្លងមក។

ជាង​នេះ​ទៅ​ទៀត​លោកស្រី​ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី លិខិត​ផ្ទេរសិទ្ធិ លិខិត​ទិញ​លក់ ឬ​ការបញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី ជាដើម នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ។

លោកស្រី​បាន​បញ្ជាក់ថា៖ «ត្រូវ​ផ្ដល់​កិច្ចសហការ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​រដ្ឋបាល​ឃុំ សង្កាត់​ណា​ដែល​នៅតែ​បន្ត​ចុះ ហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់ ឬ​ការបញ្ជាក់ លើ​ប្លង់​បង្ហាញ​ទីតាំង​ដី ជាដើម នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ»៕

វីដេអូ៖