
ក្រសួងបរិស្ថានបង្ហាញពីការរកឃើញវត្តមានសត្វព្រៃកម្រ ដែលជិតផុតមួយប្រភេទទៀតមាននៅកម្ពុជា គឺសត្វឆ្កែព្រៃនៅតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញកណ្តាល។រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួងបរិស្ថានបង្ហាញពីការរកឃើញវត្តមានសត្វព្រៃកម្រ ដែលជិតផុតមួយប្រភេទទៀតមាននៅកម្ពុជា គឺសត្វឆ្កែព្រៃនៅតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញកណ្តាល។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថា ការរកឃើញវត្តមានសត្វកម្រៗជាច្រើនក្នុងនោះមានសត្វឆ្កែព្រៃនៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា បានបង្ហាញថាតំបន់ការពារធម្មជាតិ ត្រូវបានការពារ និងអភិរក្សបានល្អប្រសើរ និងបានក្លាយជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វព្រៃ។
លោកថ្លែងថា៖ «យោងតាមទិន្នន័យរូបភាពដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថានបានដាក់នៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញកណ្តាល បានរកឃើញវត្តមាននៃសត្វឆ្កែព្រៃ។ ទោះបីជាមិនទាន់សូវសម្បូរតែជាដំណឹងដ៏ល្អសម្រាប់អ្នកអភិរក្ស និងអ្នកបរិស្ថាននិយម»។
លោក ភក្ត្រា ថ្លែងទៀតថា ក្នុងរយៈពេលប៉ុន្មានខែនេះ ឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាញថតរូបបានតាមម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងខេត្តពោធិ៍សាត់ និងនៅក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរី ថតបាន។ លោកថាក្រៅពីដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងតំបន់ជួរភ្នំក្រវ៉ាញកណ្តាល និងឧទ្យានជាតិវីរៈជ័យ គេឃើញវត្តមាននៃសត្វឆ្កែព្រៃក្នុងដែនជម្រកសត្វព្រៃផ្សេងទៀតក្នុងតំបន់ទេសភាពផងដែរ។
លោកថ្លែងថា៖ «ខ្ពស់រាបភាគខាងកើតដូចជាដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសីម៉ាជាដើមដែលតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ បានចាប់បានរូបភាពនៃប្រភេទសត្វទាំងនេះរួមនឹងកូនតូចៗផងដែរ»។
បើតាមលោក នេត្រ ភក្ត្រា ការរកឃើញទាំងនេះគឺជាសញ្ញាណដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជា ដែលប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះចាប់ផ្តើមបង្ហាញវត្តមានឡើងនៅតំបន់មួយចំនួន ហើយតំបន់មួយចំនួនទៀតមានចំនួនកើនឡើង។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សជីវៈចម្រុះជាពិសេសប្រភេទសត្វព្រៃជិតផុតពូជ។
លោកថ្លែងថា៖ «កុំព្យាយាមនាំសត្វស្រុកចូលក្នុងព្រៃព្រោះសត្វស្រុកដូចជាសត្វឆ្កែជាដើមដែលទឹកមាត់របស់វាមានផ្ទុកមេរោគអាចបង្កផលប៉ះពាល់ដល់សត្វឆ្កែព្រៃ និងរួមគ្នាថែរក្សាសត្វព្រៃទាំងឡាយឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយនិយាយថាទេចំពោះសាច់សត្វព្រៃ និងកុំប្រើប្រាស់របរដែលផលិតពីវត្ថុធាតុដើមធ្វើពីសំណាកសត្វព្រៃ»។
លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថានដែលបានដឹកនាំការស្រាវជ្រាវប្រភេទសត្វកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ថ្លែងថា ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។
លោកបន្តថា ឆ្កែព្រៃរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតីនៃប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗអាចមានរហូតដល់ជាងដប់ក្បាល ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រមាញ់ចំណី (ជាពិសេសប្រភេទសត្វមាឌធំ) និងទប់ទល់នឹងសត្រូវ។ កត្តាគំរាមកំហែងដល់សត្វឆ្កែព្រៃមានដូចជា ការដាក់អន្ទាក់ បាត់បង់ទីជម្រក បាត់បង់សត្វដែលជាចំណី (ពពួកសត្វក្រចកជើងចម្ពាម) ការចម្លងជំងឺពីឆ្កែស្រុកដែលត្រូវបានយកចូលក្នុងព្រៃក្នុងគោលបំណងផ្សេង»។
តាមការបញ្ជាក់របស់លោក ពិន ច័ន្ទរតនា តំបន់ណាដែលសម្បូរដោយវត្តមានខ្លារខិន នោះនឹងមិនសូវសម្បូរវត្តមានសត្វឆ្កែព្រៃឡើយ ព្រោះសត្វទាំងពីរប្រភេទនេះស្វែងរកអាហារដូចគ្នា។
បើតាមលោក ពិន ច័ន្ទរតនា មានការសិក្សាស្រាវជ្រាវមួយនៅដែនជម្រកសត្វព្រៃស្រែពកនៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ស្តីពីរបបអាហាររបស់សត្វឆ្កែព្រៃ (២០១៣-២០១៥) ដោយលោក Jan F. Kamler បានបង្ហាញថា សត្វឆ្កែព្រៃភាគច្រើនស៊ីឈ្លូស ជ្រូកព្រៃ និងសត្វទន្សោង ជាអាហារ៕