ភ្នំពេញៈ ​ក្រសួង​សុខាភិបាល​បានចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការតាមដាន​រោគសញ្ញា​ និង​ការថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ នៅ​តាម​ផ្ទះ​ និង​ការអនុវត្ត​វិធាន​សុខាភិបាល​ ដើម្បី​ឱ្យ​ដំណើរការ​មាន​ប្រសិទ្ធភាព​ និង​ចៀសវាង​ការចម្លង​ទៅ​អ្នកដទៃ​ ជាពិសេស​សមាជិក​ក្នុង​គ្រួសារ។

នៅក្នុង​សេចក្ដី​ណែនាំ​នេះ​ក្រសួង​បាន​លើកឡើងថា ក្នុងករណី​គ្មាន​រោគសញ្ញា ដូចជា ក្អក កម្ដៅ​ក្រោម ៣៧,៥ អង្សា គ្មាន​ហៀរ​សំបោរ គ្មាន​ឈឺបំពង់ក និង​សភាព​ទូទៅ​ធម្មតា គឺ​ពុំ​ចាំបាច់​ប្រើ​ឱសថ​ព្យាបាល​ទេ។

ក៏ប៉ុន្តែ​ករណី​មាន​រោគសញ្ញា​ស្រាល ដូចជា មាន​កម្ដៅ​លើស ៣៧,៥ អង្សា មាន​ឈឺ​សាច់ដុំ មាន​ឈឺ​បំពងក សម្រាប់​មនុស្ស​ពេញវ័យ​ ឬ​កុមារ​ដែលមាន​ទម្ងន់​ចាប់ពី ៣០ គីឡូក្រាម​ឡើង ត្រូវ​ប្រើ​ថ្នាំ ប៉ារ៉ាសេតាម៉ុល (Paracetamol ) ៥០០ មិល្លីក្រាម ៣ ដង​ក្នុង ១ ថ្ងៃ រីឯ​កុមារ​ទម្ងន់​ចាប់ពី ២០ ដល់ ២៩ គីឡូក្រាម​ត្រូវ​ប្រើ​ប៉ារ៉ាសេតាម៉ុល ៣០០ មិល្លីក្រាម ៣ ដង​ក្នុង ១ ថ្ងៃ។

ចំពោះ​ករណី​មាន​រោគសញ្ញា​បន្ថែម​ដូចជា តឹង​ច្រមុះ ឬ​ហៀរ​សំបោរ ឬ​ក្អក (មាន​ ឬ​គ្មាន​ស្លេស) សម្រាប់​មនុស្ស​ពេញវ័យ​ ឬ​កុមារ​អាយុ​ចាប់ពី ៦ ឆ្នាំ​ឡើង ត្រូវ​ប្រើ​ថ្នាំ​ប្រូម៉ិចស៊ីន (Bromhexine) ៨ មិល្លីក្រាម ៣ ដង​ក្នុង ១ ថ្ងៃ​ ឬ​ថ្នាំ សេទីរីហ្ស៊ីន(Cetirizine) ១០ មិល្លីក្រាម ១ ដង​ក្នុង ១ ថ្ងៃ។

ដោយឡែក​ចំពោះ​វិធាន​សុខាភិបាល​នៅតាម​ផ្ទះ​ត្រូវ​អនុវត្ត​តាម​វិធី​មួយចំនួន​ដូចជា ការស្នាក់នៅ​បន្ទប់​ដាច់ដោយឡែក មាន​អនាម័យ​ស្អាត មាន​ខ្យល់​ចេញ-ចូល​ល្អ,ត្រូវ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ​ និង​ទឹក​ ឬ​អាល់កុល​ និង​រក្សា​គម្លាត​យ៉ាងតិច ២ ម៉ែត្រ, បរិភោគ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ (សាច់​បន្លែ ផ្លែឈើ) និង​ពិសា​ទឹក​ឱ្យបាន​ច្រើន,តាមដាន​សុខភាព​ខ្លួនឯង​ឱ្យ​បាន​ញឹកញាប់​ទៀងទាត់​ជាប្រចាំ,ថែរក្សា​សុខភាព​ផ្លូវចិត្ត​ និង​ធ្វើ​លំហាត់ប្រាណ​ឱ្យបាន​ទៀងទាត់, ហាម​ជក់បារី ផឹកស្រា និង​គ្រឿង​ស្រវឹងផ្សេង,ប្រើប្រាស់​សម្ភារ​ និង​បោកគក់​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ និង​វេចខ្ចប់​សំរាម​ចោល​ឱ្យបាន​ត្រឹមត្រូវ​ និង​ដាច់ដោយឡែក។

គួរ​បញ្ជាក់ដែរថា ការណែនាំ​របស់​ក្រសួង​សុខាភិបាល​នេះ​គឺ​បន្ទាប់ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​ចេញ​សេចក្ដី​សម្រេច​មួយ​កាលពី​យប់​ថ្ងៃទី ២០ ខែមិថុនា​ឆ្នាំ ២០២១ ដោយបាន​កំណត់​ដាក់​រាជធានី​ភ្នំពេញ​ជា​តំបន់​ដំបូង​ក្នុង​ការប្រើ​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ​ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​នៅតាម​ផ្ទះ ចាប់ពី​ថ្ងៃទី ២០ មិថុនា​តទៅ ក៏ប៉ុន្តែ​សម្រាប់​បណ្ដា​ខេត្ត​នានា​នៅ​មិន​ទាន់​បាន​សម្រេច​នៅឡើយ​ទេ៕

វីដេអូ៖