ព្រះមហាក្សត្រ ប្រកាស​តែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ជា​អភិបាលខេត្ត​កំពង់ឆ្នាំង​ថ្មី ជំនួស​ឲ្យ​លោក ឈួរ ច័ន្ទឌឿន ដែល​ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​ឲ្យ​ក្លាយ​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

ព្រះរាជក្រឹត្យ​ចំនួន ២ ច្បាប់​ដាច់ដោយ​ឡែក​ពីគ្នា ចុះ​ថ្ងៃទី ២៥ មិថុនា ដែល​ចុះ​ព្រះហត្ថលេខា​ដោយ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ឲ្យ​ដឹងថា៖ «លោក ឈួរ ច័ន្ទឌឿន ត្រូវបាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ។ ចំណែក​លោក ស៊ុន សុវណ្ណារិទ្ធិ ដែលមាន​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ ៥ ជា​អភិបាលខេត្ត​កំពង់ឆ្នាំង​ថ្មី»។

លោក ឈួរ ច័ន្ទឌឿន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៦ មិថុនា​ថា លោក ពិតជា​មោទនភាព​ក្នុង​រយៈពេល​ដែល​លោក​បាន​ដឹកនាំ​ខេត្ត​កំពង់ឆ្នាំង។ លោក​សង្ឃឹម​ជឿជាក់ថា អភិបាលខេត្ត​ថ្មី​នឹង​បន្ត​សកម្មភាព​ក្នុង​ការដឹកនាំ គ្រប់គ្រង​ខេត្តកំពង់ឆ្នាំង ឲ្យ​មាន​ការរីកចម្រើន​បន្ត​ទៀត។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ហើយ ព្រោះ​រាជរដ្ឋាភិបាល លោក​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​ខ្ញុំ​ឲ្យ​បំពេញ​ការងារ​ដឹកនាំ​កំពង់ឆ្នាំង​រយៈពេល​កន្លង​មកនេះ។ ខ្ញុំ​សប្បាយរីករាយ​ដែល​មាន​កិត្តិយស​ផ្ទាល់ខ្លួន​ក្នុង​ការបំពេញ​ការងារ​ទាំងអស់​នេះ»៕