អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ជា​សកល​បាន​ធ្វើឲ្យ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ ខកខាន​រៀបចំ​កិច្ចប្រជុំ​ឱ្យបាន​ទៀងទាត់ និង​ពេញលេញ ប៉ុន្តែ​ការរៀប​គម្រោង​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​គឺ​នៅ​បន្ត។

ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ២៦ មិថុនា​ថា ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ជា​សកល​ចាប់ពី​ឆ្នាំ ២០២០ គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ បាន​ខកខាន​រៀបចំ​កិច្ចប្រជុំ​ឱ្យបាន​ទៀងទាត់​ និង​ពេញលេញ​នោះទេ។

ស្ថាប័ន​នេះ បាន​បន្តថា៖ «ការណ៍​នេះ​បណ្តាល​ឱ្យ​មាន​ការរៀបចំ​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ហើយ​អ្នកជំនាញការ​ចំពោះ​កិច្ច​នៃ​គណៈកម្មាធិការ​នេះ​បាន​ត្រឹមតែ​ពិនិត្យ វាយតម្លៃ​អំពី​ការវិវត្ត​នៃ​គម្រោង​ដែល​កំពុង​អនុវត្ត​ពី​ចម្ងាយ​ប៉ុណ្ណោះ»។

ដូចគ្នា​ដែរ អាជ្ញាធរ​ជាតិ​អប្សរា បាន​អះអាង​ថា នៅ​ឆ្នាំ ២០២១ នេះ លេខាធិការដ្ឋាន​អាយស៊ីស៊ី-អង្គរ បាន​ប្រើ​យន្តការ​បន្ថែមទៀត​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​បន្ទាន់​ចំពោះមុខ ទាក់ទង​នឹង​កិច្ចការ​មួយចំនួន​ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់។

បន្ថែម​ពីនេះ ជំនួស​ឱ្យ​មាន​អ្នកជំនាញ​ការចំពោះ​កិច្ច​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស​កម្ពុជា លេខាធិការដ្ឋាន​អាយស៊ីស៊ី-អង្គរ បាន​អញ្ជើញ​អ្នកជំនាញ​ការបរទេស​ ដែល​កំពុង​ជួសជុល​នៅតាម​ការដ្ឋាន​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​ជួយ​ផ្តល់​យោបល់​ទៅវិញទៅមក​ជាមួយ​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​ការដ្ឋាន​នានា​ជាច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ នេះ​បើតាម​ហ្វេសប៊ុក​របស់​អាជ្ញាធរ​មួយ​នេះ។

សូមបញ្ជាក់​ថា លេខាធិការដ្ឋាន​គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ ២០២០។ ក្រោយពី​ការចុះពិនិត្យ​រួចរាល់ លេខាធិការដ្ឋាន​គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ នឹង​ត្រូវធ្វើ​របាយការណ៍​រួម​ ដើម្បី​ដាក់ជូន​ទៅ​គណៈកម្មាធិការ​អន្ដរជាតិ​អាយស៊ីស៊ី-អង្គរ ដើម្បី​ត្រួតពិនិត្យ និង​ផ្តល់​អនុសាសន៍​បន្ត៕