
កម្ពុជាទទួលបានវ៉ាក់សាំង ១០ លានដូសហើយ បើគិតបូករួមជាមួយវ៉ាក់សាំងដែលទើបមកដល់កម្ពុជានៅព្រឹកនេះ ១ លានដូសទៀត នៅសល់ ១០ លានដូសទៀតនឹងមកដល់កម្ពុជាជាបន្តបន្ទាប់រហូតដល់គ្រប់ ២០ លានដូសនៅចុងខែសីហាខាងមុខនេះ។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាទទួលបានវ៉ាក់សាំង ១០ លានដូសហើយ បើគិតបូករួមជាមួយវ៉ាក់សាំងដែលទើបមកដល់កម្ពុជានៅព្រឹកនេះ ១ លានដូសទៀត នៅសល់ ១០ លានដូសទៀតនឹងមកដល់កម្ពុជាជាបន្តបន្ទាប់រហូតដល់គ្រប់ ២០ លានដូសនៅចុងខែសីហាខាងមុខនេះ។
លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងក្នុងឱកាសទៅទទួលវ៉ាក់សាំង ១ លានដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី ២៦ ខែមិថុនានេះ បានឱ្យដឹងថា កម្ពុជាត្រូវការវ៉ាក់សាំង ២០ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួន ១០ លាននាក់។ គិតត្រឹមម៉ោង ១០ ព្រឹកនេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១០ លានដូសហើយ នៅសល់ ១០ លានដូសទៀតនឹងបន្តមកនៅខែកក្កដា និងខែសីហាខាងមុខ។ លោកបន្ថែមថា នៅព្រឹកនេះ ក្រៅពីវ៉ាក់សាំង ១ លានដូស កម្ពុជាក៏នឹងទទួលបានឧបករណ៍តេស្តកូវីដរហ័សចំនួន ១ លានដូសទៀតផងដែរនៅរសៀលថ្ងៃទី ២៦ ខែមិថុនានេះ។
លោកថ្លែងថា៖ «យើងគ្រោងចាក់វ៉ាក់សាំងឱ្យបានគ្រប់ ២០ លានដូសនៅចុងឆ្នាំនេះ ហើយគិតមកដល់ថ្ងៃនេះ យើងទទួលបាន ១០ លានដូសហើយ នៅសល់ ១០ លានដូសទៀត ដើម្បីចាក់ឲ្យបាន ១០ លាននាក់។ ១០ លានដូសទៀតនោះ ប្រហែលមកដល់នៅចុងខែសីហាខាងមុខនឹងទទួលបានអស់ហើយ»។
បើតាមលោក វង្ស៊ី វិសុទ្ធ កម្ពុជាគ្រោងទិញវ៉ាក់សាំង ២០ លានដូសរហូតដល់តែដាច់ឆ្នាំឯណោះ ប៉ុន្តែពេលនេះការមកដល់នៃវ៉ាក់សាំងលើសផែនការកំណត់ ហេតុនេះតាមផែនការថ្មីនឹងចប់ត្រឹមខែសីហា។ លោកថា ក្នុងខែនេះកម្ពុជាទទួលវ៉ាក់សាំង ៥ លានដូស ខែកក្កដា ចំនួន ៥ លានដូស និងខែសីហា ចំនួន ៤ លានដូស។ លោកថ្លែងថា «វ៉ាក់សាំងបានមកដល់មុនផែនការ ហេតុដូច្នេះយើងនឹងពិនិត្យផែនការចាក់វ៉ាក់សាំងឡើងវិញដោយពន្លឿនការចាក់វ៉ាក់សាំងឱ្យបានឆាប់»។
លោក វង្ស៊ី វិសុទ្ធ បញ្ជាក់ថា នេះជាកត្តាល្អមួយសម្រាប់ប្រទេសកម្ពុជាដែលមានតម្រូវការចាក់វ៉ាក់សាំងឲ្យបានឆាប់ ក្នុងបរិការមួយដែលកម្ពុជាកំពុងជួប្រទះនឹងការផ្ទុះរាតត្បាតកូវីដកាន់តែខ្លាំង និងម្ខាងទៀតតម្រូវការចាំបាច់ ក្នុងការទប់ស្កាត់ជំងឺកូវីដកុំឲ្យរាលដាលលឿនពេក ដើម្បីផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាល បើកសេដ្ឋកិច្ចឡើងវិញឱ្យប្រជាជនមានការងារធ្វើឡើងវិញ ជាប្រក្រតី។
លោកថា ដើម្បីការពារកូវីដកម្ពុជាមាន ៤ ការដ្ឋានធំៗ ទី ១ គឺការទិញវ៉ាក់សាំងសម្រាប់ចាក់ដែលត្រូវធ្វើឱ្យបានលឿនបានឆាប់បំផុត ទី ២ ជាការដ្ឋានបង្ការ គឺវិធានការ ៣កុំ ៣ការពារ និងការជួបជុំគ្នាត្រូវរក្សាគម្លាតសង្គម ព្រោះវាជាកត្តាសំខាន់ ដែលនាំឱ្យមានការឆ្លងខ្លាំង ទី ៣ គឺការទប់ស្កាត់ ដែលពេលនេះក្រសួងសុខាភិបាលកំពុងពង្រឹងច្រក ដើម្បីចៀសវាងការនាំចូលជំងឺ មកក្នុងស្រុក និងពង្រឹងគ្រប់គ្រងការផ្ទុះនៅតាមស្រុក ចំណែកទី ៤ គឺបញ្ហាព្យាបាល ដែលត្រូវត្រៀមសមត្ថភាពឆ្លើយតបឲ្យបានទាន់ពេលវេលា៕