ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បានសម្រេច​ដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង​ជា​សមាជិក​បណ្ដាញ​ទីក្រុង ដែល​មាន​ភាពច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ ( UNESCO Creative Cities Network) ទាក់ទង​នឹង​ការច្នៃប្រឌិត​លើ​ម្ហូបអាហារ។

ការសម្រេច​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​មាន​ការឯកភាព​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២២ ខែ​មិថុនា ឆ្នាំ ២០២១ ក្រោយពេល​មាន​ការស្នើសុំ​ពី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី ១៦ ខែ​មិថុនា ឆ្នាំនេះ។

នៅក្នុង​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះហត្ថលេខា​ដោយ​លោក កែន សត្ថា ជា​រដ្ឋមន្ត្រី​ស្ដីទី​គណៈរដ្ឋមន្ត្រី​ជម្រាបជូន លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​លោក​អភិបាលខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យ​ដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង​ចូល​ជា​សមាជិក​បណ្ដាញ​ទីក្រុង​ដែល​មាន​ភាពច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ «ក្នុង​ប្រភេទ​ទីក្រុង​ដែល​មាន​ភាពច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ (Gastronomy)»។

ទាក់ទង​នឹង​ការដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង​ចូល​ជា​សមាជិក​បណ្ដាញ​ទីក្រុង​ដែល​មាន​ភាពច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ​នេះ​លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​នៅ​ថ្ងៃទី ២៦ មិថុនា​នេះ​ថា ការជ្រើសរើស​នេះ​គឺ​ដោយសារ​ផ្អែក​តាម​ការវាយតម្លៃ​របស់​ក្រុមការងារ​ជំនាញ​ទីក្រុង​បាត់ដំបង​ថា ខេត្ត​បាត់ដំបង​សម្បូរ​ទៅ​ដោយ​ម្ហូបអាហារ​ជាច្រើន​ប្រភេទ និង​ច្រើន​ទម្រង់​ ដែល​ត្រូវ​បាន​រៀបចំ និង​កែច្នៃ ដើម្បី​ចែករំលែក និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍។

បើតាម​ក្រសួង​នេះ​ការចូល​ជា​សមាជិក​បណ្តាញ​នេះ​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​មាន​សិទ្ធិ​ប្រើប្រាស់​និមិត្តសញ្ញា (Logo) របស់​បណ្តាញ ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល និង​ភាពពិសេសៗ​របស់​ទីក្រុង​ខ្លួន​ទៅកាន់​ទីក្រុង​នានា​ជា​សមាជិក​បណ្តាញ និង​ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការ​យូណេស្កូ ក្នុង​ការលើកស្ទួយ​នូវ​វប្បធម៌ សក្តានុពល​ទេសចរណ៍​ទីក្រុង និង​មុខមាត់​របស់​ទីក្រុង​ជយលាភី ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល ពិសេស​ការតម្រង់​ឆ្ពោះ​ទៅ​រក​ការផ្សព្វផ្សាយ​ទេសចរណ៍​ម្ហូបអាហារ (Gastronomy Tourism) ដែល​ជា​និន្នាការ​ថ្មី​របស់​ពិភពលោក ហើយ​ដែល​កម្ពុជា ជាពិសេស​ទីក្រុង​បាត់ដំបង​តែម្តង ដែល​មាន​សក្តានុពល​សម្បូរបែប។

គួរ​បញ្ជាក់ថា បណ្តាញ​ទីក្រុង​ដែល​មាន​ភាពច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៤ ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​ទីក្រុង​មាន​ភាពច្នៃប្រឌិត​លើ​សមាសភាព​សំខាន់ៗ​មួយ​ចំនួន ដែល​ជា​កត្តា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​ចីរភាព ដែល​បច្ចុប្បន្ន​បណ្តាញ​នេះ​មាន​ទីក្រុង​ចំនួន ២៤៦ នៅ​ជុំវិញ​ពិភពលោក។

ដោយឡែក​នៅ​តំបន់​អាស៊ាន​បច្ចុប្បន្ន​មាន​ទីក្រុង​ចំនួន ៦ ក្នុងប្រទេស​ចំនួន ៤ ដែលជា​សមាជិក​ក្នុង​បណ្តាញ​ទីក្រុង​របស់​អង្គការ​យូណេស្កូ​នេះ រួមមាន៖ ប្រទេស​ថៃ​មាន​ទីក្រុង​ភូកេត និង​ទីក្រុង​ឈាងម៉ៃ, ប្រទេស​ឥណ្ឌូនេស៊ី មាន​ទីក្រុង​បានឌុង (Bandung) និង​ទីក្រុង​ផេកាឡុងហ្កាន (Pekalongan),ប្រទេស​សិង្ហបុរី មាន​ទីក្រុង​សិង្ហបុរី និង​ប្រទេស​ហ្វីលីពីន​មាន​ទីក្រុង​បាកជីអូ (Baguio)។

លោក ងួន រតនៈ អភិបាល​ខេត្ត​បាត់ដំបង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៦ មិថុនា​ថា ការ​ដាក់​ទីក្រុង​បាត់ដំបង​ជា​បេក្ខភាព​ច្នៃ​ប្រឌិត​របស់​អង្គការ​យូណេស្កូ ផ្នែក​ម្ហូប​អាហារ គឺ​ជា​ជ្រុង​មួយ​ក្នុង​ការ​បង្ហាញ​ពី​ភាព​សម្បូរ​បែប និង​លក្ខណ​ពិសេស​របស់​ខេត្ត​នេះ។ លោក​បន្ត​ថា នៅ​ចំពោះ​មុខ​នេះ រដ្ឋបាល​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​ម្ហូប​អាហារ​នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​ស្វែង​រក​មុខ​ម្ហូប​ពិសេស​ប្រចាំ​ខេត្ត និង​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង​ផ្ទាល់​តែ​ម្តង។

លោក​បញ្ជាក់​ថា៖ «ម្ហូប​អាហារ​នេះ គឺ​មាន​កំណើត​នៅ​បាត់ដំបង ដែល​មាន​ចាស់​ទុំ​នៅ​ទីនេះ​បង្កើត ដែល​ហៅ​ថា បុក​កន្ទុយ​ហេស​ជា​ដើម ហើយ​នេះ​ជា​ម្ហូប​ខ្មែរ​ហើយ ក្រៅ​ពី​នេះ គឺ​សង្វាក់​ត្រី​អី​នោះ។ យើង​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ទីក្រុង​បាត់ដំបង ក្លាយ​ជា​បណ្តាញ​ទីក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ផ្នែក​ម្ហូប​អាហារ ហើយ​មាន​សកម្មភាព​ធ្វើ​ទីផ្សារ​លើ​ម្ហូប​ដែល​ក្រុម​ការងារ​បាន​ជ្រើសរើស»។

បើ​តាម​លោក ងួន រតនៈ បាន​អះអាង​ថា នៅ​ពេល​ក្រុម​ការងារ​ស្រាវជ្រាវ​បាន​ជ្រើសរើស​មុខ​ម្ហូប​ប្រចាំ​ទីក្រុង​បាត់ដំបង​រួច​ហើយ រដ្ឋបាល​ខេត្ត​នឹង​បង្កើត​ទីតាំង​ចែកចាយ​មួយ​ជាក់លាក់ ដើម្បី​ដាក់​បង្ហាញ​លក់​មុខ​ម្ហូប​ទាំង​នេះ ក្នុង​ពេល​ខាង​មុខ។

លោក​បញ្ជាក់​ថា៖ «ដើម្បី​ឲ្យ​សេចក្តី​សម្រេច​ដាក់​ទីក្រុង​បាត់ដំបង​នេះ ជា​បណ្តាញ​ដែល​ភាព​ច្នៃ​ប្រឌិត​របស់​អង្គការ​យូណេស្កូ ផ្នែក​ម្ហូប​អាហារ ខ្ញុំ​សូម​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ។ ឲ្យ​ពួក​គាត់​នាំ​គ្នា​ចូលរួម​តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ដែន​ដី ដោយ​យើង​នឹង​ជួប​ពួក​គាត់ ដែល​ជា​ចាស់​ទុំ​ក្នុង​ខេត្ត បង្ហាញ​ទេពកោសល្យ និង​ស្នាដៃ​ខាង​ម្ហូប​អាហារ​ហ្នឹង»។

ក្រៅ​ពី​នេះ លោក ងួន រតនៈ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​បង្ហាញ​ពី​មុខ​ម្ហូប​ផ្សេងៗ ដែល​ខ្លួន​ដឹង​ថា មុខ​ម្ហូប​ទាំង​នោះ មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​ដាក់​បញ្ចូន​ក្នុង​បញ្ចី​ផ្នែក​ម្ហូប​អាហារ​របស់​អង្គការ​យូណេស្កូ​នេះ៕