
ក្រុមគ្រូពេទ្យមកទទួលអ្នកជំងឺកូវីដ ១៩ ទៅព្យាបាលស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ១៦ មិថុនា។ រូបថត រ៉ាស់ហ៊ីម
ភ្នំពេញៈ ក្រសួងសុខាភិបាលនៅថ្ងៃទី ២៦ ខែមិថុនានេះប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៧៤៥ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៦៧០ នាក់ និងអ្នកស្លាប់ដោយសារជំងឺកាចសាហាវនេះមានចំនួន ១៤ នាក់។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ៧៤៥ នាក់មានករណីនាំចូលពីក្រៅប្រទេសចំនួន ៦២ នាក់ ខណៈករណីឆ្លងសហគមន៍ ៦៨៣ នាក់។
ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា អ្នកវិជ្ជមានកូវីដ ១៩ សរុបទូទាំងប្រទេសមានចំនួន ៤៦ ៨១០ នាក់ អ្នកជាសះស្បើយចំនួន ៤១ ៤៣៩ នាក់ និងអ្នកស្លាប់ ដោយសារជំងឺនេះមានចំនួនកើនដល់ ៥២៣ នាក់៕