កោះកុង៖ រដ្ឋបាល​ខេត្ត​កោះកុង​នៅ​ព្រឹក​ថ្ងៃទី ២៦ មិថុនា​នេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ចំនួន ៨៥ នាក់ បន្ថែម​ទៀត បន្ទាប់​ពី​បាន​វិភាគ​សំណាក កាល​ពី​ថ្ងៃ​ម្សិលមិញ ខណៈ​អ្នក​ជា​សះស្បើយ​ថ្មី​រក​ឃើញ​មាន​ចំនួន ៣ នាក់។

យ៉ាងណា​ក្ដី នៅ​ក្នុង​ចំណោម​ស្រុក​ទាំង ៦ និង​ក្រុង​ចំនួន ១ នៃ​ខេត្ត​នេះ គឺ​មាន​តែ​ស្រុក និង​ក្រុង​ចំនួន ២ ប៉ុណ្ណោះ ដែល​រក​ឃើញ​មាន​ករណី​ឆ្លង​នៅ​ថ្ងៃ​នេះ គឺ​ក្រុង​ខេមរភូមិន្ទ​ចំនួន​ ៤៩ នាក់ និង​ស្រុក​មណ្ឌលសីមា​ មាន ៣៦ នាក់ ហើយ​សុទ្ធសឹង​ជា​ជនជាតិ​ខ្មែរ។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ បន្ថែម​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​រក​ឃើញ​អ្នក​ជា​សះស្បើយ​ចំនួន ៣ នាក់ (ស្រី ២ នាក់) ផង​ដែរ តែ​សុទ្ធ​តែ​ជា​អ្នក​មាន​អាសយដ្ឋាន​នៅ​ក្នុង​ស្រុកស្រែ​អំបិល​ទាំង​អស់ ក្នុង​នោះ​មាន​ម្នាក់​ជា​គ្រូបង្រៀន​ ម្នាក់​ជា​កម្មករ​រោងចក្រ និង​ម្នាក់​ទៀត​ជា​កសិករ។

ទាក់ទង​នឹ​ងករណី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ រហូត​ដល់​ជាង ៨០ នាក់​ថ្មី​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ឱ្យ​សាធារណជន និង​ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជា​មួយ​អ្នក​ជំងឺ ត្រូវ​ប្រញាប់​រួសរាន់​មក​ជួប​គ្រូពេទ្យ​ ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ និង​ធ្វើ​ចត្តាឡីស័ក​ជា​ចាំបាច់។ រីឯ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រៀងៗ​ខ្លួន​ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់​ខាត។

ម្យ៉ាង​វិញ​ទៀត​ ក្នុង​ករណី​មាន​រោគ​សញ្ញា​ដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺ​បំពង់ក និង​ថប់​ដង្ហើម ឬ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​សង្ស័យ​ត្រូវ​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះនិង​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់។ ចំពោះ​អ្នក​ជា​សះស្បើយ​ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រយៈពេល ១៤ ថ្ងៃ ជាមួយ​នឹង​ការ​អនុវត្ត​វិធានការ ៣ ការពារ ៣ កុំ របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ កុំ​ឱ្យ​ឆ្លង​ទៅ​ក្រុម​គ្រួសារ និង​សហគមន៍៕