ភ្នំពេញ៖ មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) កំពុង​ត្រៀម​ហ្វឹកហ្វឺន​បំពាក់​ជំនាញ​សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូវីដ រួម​មាន​បរិវេណ អគារ និង​បន្ទប់​ហ្វឹកហ្វឺន​សុនខ​ជាដើម បន្ទាប់​ពី​ទទួល​បាន​ឧបករណ៍​ចាប់​ក្លិន​អ្នក​ជំងឺ​ផ្ទុក​វីរុស​កូវីដ ១៩។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ថ្លែង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី ២៦ ខែ​មិថុនា​នេះ​ថា កាល​ពី​ថ្ងៃទី ២៥ ខែ​មិថុនា លោក​បាន​ចុះ​ទៅ​ពិនិត្យ​មណ្ឌល​សុនខ​អង្គភាព​ស៊ីម៉ាក់​កំពង់ឆ្នាំង ដើម្បី​ពិនិត្យ​សកម្មភាព​ត្រៀម​បម្រុង​ហ្វឹកហ្វឺន​បំពាក់​ជំនាញ​សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូវីដ ១៩ រួម​មាន​បរិវេណ អាគារ និង​បន្ទប់​ហ្វឹកហ្វឺន​សុនខ​ជាដើម។

លោក រតនា បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សុនខ​ហិត​វីរុស​កូវីដ ១៩ របស់ ប្រមុខ​រាជ​រដ្ឋាភិបាល​រួច​មក អង្គភាព​បាន​រៀបចំ​អគារ បន្ទប់ ទីលាន​ហ្វឹកហ្វឺន​មាន​លក្ខណ​ពិសេស​សម្រាប់​បម្រើ​ឱ្យ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សុនខ​ជំនាញ​ហិត​វីរុស​កូវីដ ១៩។ ក្នុង​នោះ​ក៏​មាន​ការ​ជ្រើសរើស​បេក្ខភាព​សុនខ​ចំនួន ១០ ក្បាល អ្នក​កាន់​សុនខ​ចំនួន ១០ នាក់ គ្រូបង្វឹក និង​សម្ភារ​មួយ​ចំនួន ដើម្បី​គាំទ្រ​ការ​ដំណើរការ​នេះ។

លោក​បន្ត​ថា ទន្ទឹម​នឹង​នេះ ក៏​បាន​ចងក្រង​ឯកសារ នីតិវិធី​ប្រតិបត្តិការ ការ​សិក្សា​ស្រាវជ្រាវ ហ្វឹកហ្វឺន និង​ការ​អនុវត្ត​សាកល្បង ការ​សិក្សា​វិភាគ​ទិន្នន័យ ប្រព័ន្ធ​វាយ​តម្លៃ​សមត្ថភាព និង​ប្រសិទ្ធភាព​សុនខ​ជាដើម។ល។ នេះ​ធាតុ​ទន់​យ៉ាង​សំខាន់ ដើម្បី​កំណត់​កត្តា​ជោគជ័យ​នៃ​ការងារ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍។

បន្ទប់ហ្វឹកហ្វឺនសម្រាប់សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូវីដ។ រូបថត CMAC

បើ​តាម​លោក ហេង រតនា ជាមួយ​នេះ​ដែរ CMAC ក៏​បាន​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​រៀបចំ​នីតិវិធី​មួយ​ចំនួន ហើយ​ខាង​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល​ក៏​បាន​ខិតខំ​ប្រឹង​ប្រែង​បញ្ចប់​ពិធីសា​បច្ចេកទេស​មួយ​ចំនួន ដើម្បី​យក​ក្លិន​ពី​អ្នក​ជំងឺ​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវ:។

លោកថា អង្គភាព CMAC ក៏​បាន​ទទួល​ជំនួយ​ពី​ក្រុមហ៊ុន​ស៊្វីស​ នូវ​ឧបករណ៍​ចាប់​ក្លិន​អ្នក​ជំងឺ​ផ្ទុក​វីរុស​កូវីដ ១៩ ហើយ​ថ្មីៗ​នេះ ខាង​សុខាភិបាល​បាន​ចាប់​ផ្តើម​អនុវត្ត​យក​ឧបករណ៍​នោះ​ទៅ​ចាប់​ក្លិន​ពី​អ្នក​ជំងឺ​កូវីដ និង​បន្ត​ពិនិត្យ​បញ្ជាក់​គ្មាន​ហានិភ័យ​វីរុស​កូវីដ​លើ​ឧបករណ៍ ដើម្បី​បម្រើ​ឱ្យ​ការ​ស្រាវជ្រាវ និង​ហ្វឹកហ្វឺន​នេះ គ្មាន​ប៉ះពាល់​ហានិភ័យ​ឆ្លង​កូវីដ​ឡើយ។

លោក​ថ្លែង​ថា៖ «ជាមួយ​បទពិសោធន៍​ក្នុង​ការ​ប្រើប្រាស់ និង​ហ្វឹកហ្វឺន​សុនខ ព្រម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល និង​អ្នក​បច្ចេកទេស​សុនខ ដែល​បាន​ធ្វើ​ឱ្យ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​នេះ កំពុង​ដំណើរការ​ទៅ​មុខ​បាន​ឆាប់​រហ័ស​ទាន់​ពេល​វេលា និង​ធ្វើ​ដំណើរ​តម្រង់​សំដៅ​ទៅ​រក​ក្តី​សង្ឃឹម​របស់​យើង គឺ​មាន​សុនខ​ប្រយុទ្ធ​ប្រឆាំង​កូវីដ ១៩ នៅ​កម្ពុជា»៕