ព្រះសីហនុ៖ ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ខេត្ត​ព្រះសីហនុ ជួប​ពិភាក្សា​គ្នា​ជុំវិញ​ការ​រៀបចំ​ក្របខ័ណ្ឌ ដើម្បី​ឈាន​ទៅ​បង្កើត​ទីក្រុង​ឆ្លាតវៃ​សម្រាប់​ក្រុង​ព្រះសីហនុ សំដៅ​ជំរុញ​ការ​ទាញ​យក​អ្នក​វិនិយោគ និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ការ​ពិភាក្សា​នេះ បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​រយៈពេល ២ ថ្ងៃ កាល​ពី​ថ្ងៃទី ២៤ និង ២៥ ខែ​មិថុនា នៅ​សណ្ឋាគារ​ឯករាជ្យ ក្រុង​ព្រះសីហនុ ដើម្បី​បាន​ដាក់​បញ្ចូល​អំពី​ទស្សនទាន “ទីក្រុង​ឆ្លាតវៃ ឬ Smart City“ និង​ការ​បង្ហាញ​មេរៀន បទពិសោធន៍​ពី​បណ្តា​ប្រទេស​នានា​ទាំង អឺរ៉ុប និង​អាស៊ី អំពី​ការ​រៀបចំ “ទីក្រុង​ឆ្លាតវៃ”។

ក្នុង​នោះ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ខេត្ត​ព្រះសីហនុ បាន​ពិភាក្សា​គ្នា​ពី​និយម​ន័យ និង​ទស្សន​ទាន​ទីក្រុង​ឆ្លាតវៃ និង​ស្វែងរក​វិស័យ​ផ្សេងៗ​ទាក់ទង​នឹង​ទីក្រុង​ឆ្លាតវៃ​ក្នុង​ក្តី​សុបិន​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះសីហនុ រួម​ទាំង​បាន​ពិភាក្សា​ពី​កត្តា​ចាំបាច់​មួយ​ចំនួន ដើម្បី​ក្លាយ​ជា​ទីក្រុង​ឆ្លាតវៃ ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន ដើម្បី​បង្កើត​គំនិត​ផ្តួច​ផ្តើម​សំខាន់ៗ មួយ​ចំនួន​ក្នុង​ការ​រៀបចំ​ក្រប​ខ័ណ្ឌ​ទីក្រុង​ឆ្លាតវៃ​ផង​ដែរ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​នេះ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​និយាយ​ថា តាមរយៈ​គម្រោង​នេះ នឹង​ជួយ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការ​បង្កើត​គោល​នយោបាយ​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាតវៃ សំដៅ​ជំរុញ​ការ​ទាញ​យក​ឱកាស​ពី​សកម្មភាព​វិនិយោគ និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដែល​រួម​បញ្ចូល​ទាំង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ផង​ដែរ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា៖ «អ្នក​ចូលរួម​ទាំង​អស់​បាន​ចូលរួម​ពិភាក្សា​ពិគ្រោះ​យោបល់​យ៉ាង​ល្អិតល្អន់​ទៅ​លើ​ប្រធានបទ​ចំនួន ៣ ដែល​ជា​ធាតុ​ចូល​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយ​ជា​ទីក្រុង​ឆ្លាតវៃ»។

សូម​ជម្រាប​ថា ក្រៅ​ពី​ថ្នាក់​ដឹកនាំ មន្ត្រី​ជំនាញ​ខេត្ត កិច្ច​ពិភាក្សា​នេះ គឺ​មាន​ការ​សម្របសម្រួល​ពី​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (UN Human Rights) សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​លំនៅឋាន​មនុស្ស​ជាតិ (UN-Habitat) ខណៈ​ពួក​គេ​បាន​ពិភាក្សា​ពី​ការ​រៀបចំ និង​អនុវត្ត​គម្រោង​ឈ្មោះ​ថា​ ទីក្រុង​ព្រះសីហនុ​សម្រាប់​យើង​ទាំង​អស់​គ្នា ដោយ​ជំរុញ​ការ​អភិវឌ្ឍ​ជា​ទីក្រុង​ឆ្លាតវៃ ប្រកប​ដោយចីរភាព និង​បរិយាប័ន៕