
សកម្មភាពស្តារប្រឡាយមេនៅខណ្ឌកំបូល ដែលនៅអមសងខាងផ្លូវជាតិលេខ ៤ និងអមសងខាងផ្លូវរថភ្លើង។ រូបថត សហការី
ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូលកំពុងស្តារប្រឡាយមេ ២ ខ្សែ ដែលនៅអមសងខាងផ្លូវជាតិលេខ ៤ និងអមសងខាងផ្លូវរថភ្លើង នាំទឹកទៅកាន់ទំនប់កប់ស្រូវ ដើម្បីរំដោះជំនន់ទឹកភ្លៀង លិចលង់ភូមិដ្ឋានប្រជាពលរដ្ឋនារដូវវស្សានេះ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈទូរស័ព្ទនៅរសៀលថ្ងៃទី ២៦ ខែមិថុនានេះថា នៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញឲ្យធ្វើការកាយស្ដារប្រឡាយមេ ២ ខ្សែ ដែល ១ ខ្សែ នៅអមសងខាងផ្លូវជាតិលេខ ៤ និង ១ ខែ្សទៀត នៅអមសងខាងផ្លូវរថភ្លើង។ លោកថា ប្រឡាយដែលនៅអមសងខាងផ្លូវលេខ ៤ ស្តារពីឃុំឆក់ឈើនាងព្រំប្រទល់ស្រុកអង្គស្នួល នាំទឹកហូរធ្លាក់មកកាន់ប្រឡាយអមសងខាងផ្លូវរថភ្លើង និងធ្លាក់ទៅកាន់បឹងទំនប់កប់ស្រូវទាំងអស់។
លោកថ្លែងថា៖ «ខ្ញុំគិតថា ឆ្នាំថ្មីនេះ លែងមានការលិចលង់ទៀតហើយនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ព្រោះអីខ្ញុំបានធ្វើតេស្តសាកល្បងបណ្តើរៗហើយ មានភ្លៀងខ្លាំងច្រើនមេដែរកន្លងមកតែមិនមានការលិចទេ ហ្នឹងយើងស្តារមិនទាន់ហើយអស់ផង។ ចំពោះប្រឡាយសងខាងផ្លូវរថភ្លើងមួយចំហៀង ៥ គីឡូ អ៊ីចឹងសងខាងវាចូល ១០ គីឡូ ហើយពីព្រំប្រទល់ស្រុកអង្គស្នួលនោះ មួយចំហៀង ៨ គីឡូ អ៊ីចឹងសងខាង ១៦ គីឡូ ចំណែកជម្រៅកន្លែងខ្លះ ៣ ម៉ែត្រ ខ្លះ ៤ ម៉ែត្រតាមជាក់ស្តែង»។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានថ្លែងថា ដើមឡើយទីនេះ ជាប្រឡាយមេចាស់ ប៉ុន្តែត្រូវបានគោករាក់ ដោយការចាក់ដី សំរាមហូរចូល និងស្មៅដុះជាច្រើនឆ្នាំ រហូតដល់លុបបាត់ប្រឡាយទាំងមូលតែម្ដង។ លោកថា ទឹកមិនអាចហូរកាត់ទីនេះ ទៅកាន់បឹងទំនប់កប់ស្រូវបាន បង្កឱ្យមានការលិចលង់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋានបងប្អូនប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ នៅប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌកំបូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។
លោកថ្លែងថា៖ «ក្រោយពីប្រឡាយមេទាំងពីរខ្សែនេះឲ្យដំណើរការឡើងវិញ វានឹងមានតួនាទីរំដោះទឹកភ្លៀងហូរមកពីស្រុកអង្គស្នួល បែកចាន នៃខេត្តកណ្ដាល ខណ្ឌកំបូល និងពោធិ៍សែនជ័យ។ ហើយទន្ទឹមហ្នឹងនៅក្នុងរដូវវស្សាឆ្នាំនេះ នឹងជួយកាត់បន្ថយបានយ៉ាងប្រសើរនូវការជន់លិចដោយជំនន់ទឹកភ្លៀងនាប៉ែកខាងលិចរាជធានីភ្នំពេញ»៕
វីដេអូ៖