ភ្នំពេញ៖ ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ផ្សព្វផ្សាយ និង​លក់​ឱសថ​បុរាណ​ចិន LIANHUA QINGWEN JIAONANG ដោយ​ខុស​ច្បាប់​លើ​បណ្តាញ​សង្គម ខណៈ​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំង​នោះ បើ​នៅ​តែ​បន្ត​ល្មើស។

ការ​ព្រមាន​យ៉ាង​ដូច្នេះ បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​មាន​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន រួម​ទាំង​ឱសថ​ស្ថាន ឱស​ថស្ថាន​រង អគារ​លក់​ឱសថ​បុរាណ​មួយ​ចំនួន កំពុង​ផ្សព្វផ្សាយ និង​លក់​ឱសថ​បុរាណ​ចិន​ប្រភេទ​នេះ​ ដោយ​គ្មាន​លេខ​បញ្ជិកា។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​សុខាភិបាល​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ២៥ មិថុនា។

ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​គ្មាន​បញ្ចិការ ក្រសួង​ក៏​បាន​រក​ឃើញ​ដែរ​ថា គណនី​ហ្វេសប៊ុក​ទាំង​នោះ ក៏​គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ ព្រម​ទាំង​កំពុង​ផ្សព្វផ្សាយ ភូត​កុហក បោកប្រាស់ និង​បំភ្លើស​ហួស​ពី​ការ​ពិត ដោយ​គ្មាន​មូលដ្ឋាន វិទ្យាសាស្ត្រ​ត្រឹមត្រូវ ថា​អាច​ព្យាបាល​ជំងឺ​កូវីដ ១៩ បាន​ជាដើម។

បន្ថែម​ពី​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ទិញ​ឱសថ ផលិតផល​បំប៉ន​សុខភាព ឬ​ឱសថ​បុរាណ ដែល​លក់​តាម​ប្រព័ន្ធ​អនឡាញ មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណភាព បាន​ពិនិត្យ​ឃើញ​ថា ផលិតផល​ទាំង​នោះ​ភាគ​ច្រើន​ពុំ​អាច​ធានា​បាន​នូវ​គុណភាព​បាន​ឡើយ គឺ​ជា​ផលិតផល​មាន​គុណភាព​មិន​ត្រឹមត្រូវ ​ឬ​ក្លែងក្លាយ​ទៀត​ផង។

ក្រសួង​បាន​បញ្ជាក់​ថា៖ «ដើម្បី​ចៀស​វាង​ការ​ខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈាន​ដល់​បាត់បង់​អាយុ​ជីវិត​របស់​អ្នក​ប្រើប្រាស់​ទៀត​នោះ ក្រសួង​សុខាភិបាល​សូម​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​បញ្ឈប់​ការ​ទិញ​ឱសថ​បុរាណ​ចិន LANIA QRGWEN JACRAAN ក៏​ដូចជា​ឱសថ​បុរាណ ឬ​ឱសថ​ផ្សេងៗ​ទៀត ដែល​លក់​តាម​អនឡាញ​គ្រប់​ប្រភេទ»។

អនុលោម​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ តម្រូវ​ឱ្យ​រាល់​ការ​លក់​ឱសថ ឬ​ឱសថ​បុរាណ ក្នុង​ប្រទេស​កម្ពុជា ត្រូវ​មាន​លេខ​ទិដ្ឋាការ ឬ​បញ្ញិកា​ពី​ក្រសួង​សុខាភិបាល ហើយ​តម្រូ​ឱ្យ​លក់​នៅ​ក្នុង​ឱសថស្ថាន ឱសថស្ថាន​រង និង​អគារ​លក់​ឱសថបុ​រាណ​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ។

ដូច​នេះ ក្រសួង​សុខាភិបាល​នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំង​អស់ ដែល​បាន​និង​កំពុង​នាំចូល ចែកចាយ និង​ផ្សព្វផ្សាយ​លក់​ឱសថ​បុរាណ​ចិន​ខាង​លើ ទៅ​តាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ​ជា​ធរមាន។

ក្រសួង​បាន​បញ្ជាក់​ថា៖ «សូម​ប្រជាពលរដ្ឋ​មុន​នឹង​ទិញ​ឱសថ ឬ​ឱសថ​បុរាណ​គ្រប់​ប្រភេទ សូម​ពិនិត្យ​មើល​លតាបត្រ​បញ្ចិកា ដែល​មាន​បិទ​លើ​​សម្បក​វេច​ខ្ចប់​ត្រឹមត្រូវ គឺ​មាន ២ ផ្នែក ១ ផ្នែក​ខាង​លើ​មាន​ឈ្មោះ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ ២ ផ្នែក​ខាង​ក្រោម​មាន​លេខ​បញ្ជិកា»។

តាម​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា ឈ្មោះ​គណនី​ហ្វេសប៊ុក ដែល​បង្ហាញ​លក់​ឱសថ​ទាំង​នេះ គឺ​រួមមាន​ឈ្មោះ ១-Global Products ២-សុខភាព​ប្រចាំ​ថ្ងៃ ៣-Online Shop ៤-JHRWS ៥-ឱសថ​បុរាណ​ចិន Lianhua Qingwen Capsule 6-R&N Supply 7-999 online shap ៨-Morakot លក់​អាល់កុល​សុទ្ធ 100% និង​គណនី​ជាច្រើន​ផ្សេង​ទៀត៕