សៀមរាប/កំពង់ចាម៖ រដ្ឋបាល​ខេត្ត​សៀមរាប​ នៅ​ថ្ងៃទី ២៦ មិថុនា​នេះ បាន​ចេញ​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៥៧ នាក់​បន្ថែម​ទៀត និង​អ្នក​ជា​សះស្បើយ​មាន​ចំនួន ៤ នាក់ ខណៈ​នៅ​ខេត្ត​កំពង់ចាម​ឯណោះ​វិញ​ ក៏​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ចំនួន ៣១ នាក់​បន្ថែម​ទៀត និង​អ្នក​ជា​សះស្បើយ​មាន ៣៨ នាក់។

តាម​ការ​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​ទាំង​នោះ មាន​ករណី​ទី១ ដល់​ទី៣៧ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញ​ពី​ផ្សារ​លើ​ធំ​ថ្មី ក្រុង​សៀមរាប, ករណី​ទី៣៨ ដល់​ទី៤៤ ជា​ករណី​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍ ដែល​មាន​ប្រភព​ដើម​មក​ពី​ស្រុក​ជីក្រែង, ករណី​ទី៤៥ ដល់​ទី៥០ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញ​ពី​ភោជនីយដ្ឋាន ហេង ហេង ២ និង​ករណី​ទី៥១ និង​ទី៥២ ជា​ករណី​មក​ពី​រាជធានី​ភ្នំពេញ។

រីឯ​ចំពោះ​ករណី​ទី៥៣ និងទី៥៤ គឺ​ជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅ​ឡើយ ខណៈ​ករណី​ទី៥៥ ដល់​ទី៥៦ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​តាកែវ និង​ករណី​ទី៥៧ ជា​ករណី​មក​ពី​ខេត្ត​ឧត្តរមានជ័យ។

ក្រៅ​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​បង្ហាញ​ពី​ការ​ព្យាបាល​ជា​សះស្បើយ​ចំនួន ៤ នាក់​ផង​ដែរ ដោយ​ពួក​គាត់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្រឡប់​ទៅ​លំនៅឋាន​វិញ តែ​តម្រូវ​ឱ្យ​បន្ត​ការ​ធ្វើ​ចត្តាឡីស័ក​រយ:ពេល ១៤ ថ្ងៃ​ទៀត។

សម្រាប់​ខេត្ត​សៀមរាប​មក​ទល់​ពេល​នេះ រដ្ឋបាល​ខេត្ត​បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ៨០៨ នាក់, បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ២៧៣ នាក់ និង​អ្នក​ស្លាប់​មាន ៩ នាក់ ខណៈ​ចំនួន ៥២៦ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប, មណ្ឌល​ចត្តាឡីស័ក​គរុកោសល្យ និង​វិក្រឹត​ការ​ខេត្ត និង​វិទ្យាល័យ​ដំដែក។

ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​រក​ឃើញ​អ្នក​ទើប​ឆ្លង​ជំងឺ​កូវីដ​បន្ថែម​ចំនួន ៣១ នាក់​ផង​ដែរ ក្រោយ​ពេល​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​យក​សំណាក​ពី​មនុស្ស​ចំណូល​ស្រុក និង​អ្នក​សង្ស័យ​ចំនួន ៣៨៦ នាក់ ទៅ​ពិនិត្យ​ និង​បាន​បង្ហាញ​ពី​ការ​រក​ឃើញ​អ្នក​ជា​សះស្បើយ​មាន​ចំនួន​រហូត​ដល់ ៣៨ នាក់ ទៀត​ផង។

បើ​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ការ​រក​ឃើញ​អ្នក​ឆ្លង​នេះ គឺ​ជា​អ្នក​រស់នៅ​ក្នុង​ស្រុក-ក្រុង​ចំនួន ៨ ក្នុង​នោះ​មាន​ស្រុក​ស្ទឹងត្រង់ ៤ នាក់ ស្រុក​កងមាស ៤ នាក់ ស្រុក​កោះសូទិន ១ នាក់ ស្រុក​ចម្ការ​លើ ៤ នាក់ ក្រុង​កំពង់ចាម ៦ នាក់ ស្រុក​បាធាយ ២ នាក់ ស្រុក​ជើងព្រៃ ៧ នាក់ ស្រុក​ព្រៃឈរ ២ នាក់ និង​ម្នាក់​ទៀត​មក​ពី​ខេត្ត​កំពង់ធំ។

ជាមួយ​នឹង​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ និង​អ្នក​ជា​សះស្បើយ​ថ្មី​នេះ រដ្ឋបាល​នៃ​ខេត្ត​ទាំង ២ បាន​អំពាវនាវ​ស្រដៀង​គ្នា​ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន ត្រូវ​រួស​រាន់​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​ឱ្យ​បាន​គ្រប់ ១៤ ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់​ខាត។

ទន្ទឹម​នឹង​នេះ ប្រសិន​​បើ​មាន​ការ​ប្រែប្រួល​សុខភាព ដូច​ជា​ក្អក​មាន​ស្លេស ក្ដៅ​ខ្លួន​លើស​ពី​ ៣៧ អង្សា ពិបាក​ដក​ដង្ហើម ឈឺ ក តិចតួច ចំពោះ​ខេត្ត​សៀមរាប សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​​ក្រុម​ការងារ​ចាត់​វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើ​តេស្ត​ស្រាវជ្រាវ។ ចំណែក​នៅ​ខេត្ត​កំពង់ចាម សូម​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង០១២ ៧៣៦ ៧៥៥ ៕